ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ ការផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នៅសាលសន្និសីទ គ.ជ.ប កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ពិធីនោះមានអ្នកពាក់ព័ន្ធមួយចំនួនបានចូលរួមដូចជា តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន២០ តំណាងគណបក្សនយោបាយចំនួន១២ និងអង្គភាពសារព័ត៌មានចំនួន១២ សរុបប្រមាណ៧០នាក់។
មានប្រសាសន៍ទៅកាន់អ្នកចូលរួម លោក ស៊ិក ប៊ុនហុក បានអះអាងថា យើងសប្បាយចិត្តដែលបានចូលរួមបម្រើប្រទេសជាតិ អោយអស់ពីចិត្តពីថ្លើម ជាពិសេសពេលឃើញប្រជាពលរដ្ឋមានភាពរីករាយចេញទៅបោះឆ្នោត ហើយក្រោយពេលបោះឆ្នោតរួច នៅតែសប្បាយចិត្ត។ លោកសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក៏ដោយសារមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់ គ.ជ.ប តែម្នាក់ឯងនោះទេ។
លោកសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមជាមួយ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតគ្រប់ប្រភេទជាបន្តបន្ទាប់។ ចំពោះប្រតិទិនស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានវិញ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ មានចំនួន១៥៩៧៨០០២នាក់។
ក្នុងនោះប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មានចំនួន៩៩០៨២៤៣នាក់។ អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៧ រួចហើយមានចំនួន៨៣៨០២១៧នាក់ ហើយផែនការត្រូវចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន៤៨៩៩៦៣នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ការិយាល័យបោះឆ្នោតប៉ាន់ស្មានមានចំនួន២៣៣០១ការិយាល័យ។
ចំណែកឯការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំវិញ ក្រុមបច្ចេកទេស គ.ជ.ប បានសិក្សាលើអនុសាសន៍របស់ភាគីពាក់ព័ន្ធ ដែលផ្ដល់មកឱ្យរួចហើយ ដោយចំណុចខ្លះមានការកែសំរួល និងចំណុចខ្លះទៀតរក្សាទុកនៅដដែល។
ឆ្លៀតក្នុងឱកាសនោះ លោក ស៊ិក ប៊ុនហុក បានអំពាវនាវដល់តំណាងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយណា ដែលមានបំណងចង់ចូលរួមសង្កេតការណ៍ពីដំណើរការបោះឆ្នោត ដំណើរការចុះឈ្មោះបោះឆ្នោត ត្រូវរួសរាន់មកដាក់ពាក្យនៅ គ.ជ.ប ហើយការដាក់ពាក្យ ការទទួលពាក្យ ចាប់ផ្ដើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ និងបានអំពាវនាវដល់គណបក្សនយោបាយ ដែលមានបំណងចង់ដាក់ភ្នាក់ងារ ដើម្បីសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យទៅក្រុមប្រឹក្សា ឃុំ សង្កាត់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលធ្វើឡើងនៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងមួយចំនួនក្នុង ឃុំ សង្កាត់ មានរយៈពេល ១៨ ថ្ងៃទេ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ព្រោះថា ឆ្នាំនេះជាឆ្នាំគ្មានការបោះឆ្នោត៕
Source: Kampuchea Thmey Daily
0 Comments