Ad Code

រាជរដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង កាយ​ចេញ​វិញ​ភ្លាមៗ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្នេរ​ធម្មជាតិ​នេះ​ស្ថិតនៅ​ដូចដើម



ភ្នំពេញ ​៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង ភូមិ ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​កាយ​ដី​នោះ​ចេញ​វិញ​ភ្លាមៗ​ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្នេរ​ធម្មជាតិ​នេះ​ឲ្យ​នៅ​ដូចដើម។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង សំណង់ នៅ​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨។



នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយក​ម្ម និង សំណង់ បាន​បញ្ជាក់​ថា « អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយក​ម្ម និង សំណង់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​កាយ​ដី​នោះ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​» ។



ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ព្រែកត្រែង​កំពុងតែ​បំពាន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឆ្នេរ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដោយ​អនុញ្ញាត​ឲ្យ​រាល់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ត្រូវមាន​ចម្ងាយ​យ៉ាងហោចណាស់​១០០​ម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ​។



លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ អះអាង​ថា ក្រុមហ៊ុន​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នេះ មិនមែន​ជា​ក្រុមហ៊ុន​របស់​ចិន​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ខ្មែរ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​គឺជា​អ្នក​រក​ស៊ី​ដ៏​ល្បីល្បាញ​ម្នា​ក់​នៅ​កម្ពុជា​កាល​ទសវត្សរ៍​៩០។ ក្រោយ​មក​ទៀត​បាន​វិនិយោគ​ទិញ​យក​បឹងកក់ មុខ​ជំនួញ​ទាំងពីរ​របស់​គាត់​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ហើយ​លើក​នេះ​ចាប់ផ្តើម​ចាក់​ដី​លប់​សមុទ្រ​ម្តង។

រមណីយដ្ឋាន​ឆ្នេរ​ព្រែកត្រែង​ដ៏​ស្រស់​ត្រកាល ស្ថិតនៅ​ចម្ងាយ ១០ គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ ក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទឹកដី​ខេត្ដ​ព្រះសីហនុ។ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ពី​ក្រុងព្រះសីហនុ​តាម​កំពង់ផែ​ឆ្ពោះទៅ​ផ្លូវ​ទំនប់រលក ជា​មជ្ឈមណ្ឌល​កំពង់ផែ​គ្រឿង​សមុទ្រ​បោះ​ដុំ​ទៅកាន់​ទីផ្សារ​ទូទាំង​ប្រទេស ស្ថិត​អែប​តាម​បណ្ដោយ​មាត់សមុទ្រ​ខាងឆ្វេង​ដៃ និង​ខាងស្ដាំ​ដៃ​ប្រ៉​ប​ផ្លូវ​រថភ្លើង។



​ឆ្នេរ​ព្រែក​ត្រែង​មាន​ប្រវែង​ប្រមាណ ២ គីឡូម៉ែត្រ ហើយ​វា​មិន​ត្រឹម​តែ​មាន​ខ្សាច់​សក្បុស​ជាង​ឆ្នេរ​អូរ​ឈើទាល អូរត្រេះ ឆ្នេរ​សុខា និង​ឯករាជ្យ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​ម្លប់​ដើម​ស្រល់ក្រហម អមដោយ​សួនច្បារ​ដែល​គេ​ទើប​រៀបចំ​ថ្មី​យ៉ាង​ស្រស់ស្អាត​មួយ។

កម្ពុជា​ដែល​មាន​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ទាំង ៤​ជាង ៤០០​គីឡូម៉ែត្រ​បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សាកលលោក​កាលពី​ឆ្នាំ ២០១១ ចំណោម​សមាជិក​មកពី ២៤​ប្រទេស​ដែល​មាន​ឆ្នេរ​ស្អាត​សរុប ៤២​ឆ្នេរ។ នោះ​ក៏​ព្រោះ​ឆ្នេរសមុទ្រ​ដែល​ស្ថិត​ក្នុង​ទិសនិរតី​កម្ពុជា មាន​ឆ្នេរ​ខ្សាច់​សក្បុស សមុទ្រ​ខៀវស្រងាត់ និង​រុក្ខជាតិ​បៃតង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu