Ad Code

កែវ រំ​ចង់ ជួប យ៉ូយ៍​ដាំ ខណៈ អ៊ូច ធា​រិ​ទ្ធ ជួប ឌី​ខេន នៅ​សង្វៀន​ស្ទឹងមានជ័យ



កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​យ៉ូយ៍​ដាំ ស​.​សួយ​ង៉ា​ម នៅ​យប់​ថ្ងៃ​សុក្រ​ទី​២១​កញ្ញា​២០១៨​នេះ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ អ្នក​ប្រដាល់​ទាំងពីរ​នេះ ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម។

យ៉ូយ៍​ដាំ នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក ។ តែបើ​តាម​អ្នកដឹកនាំ​មក​ប្រកួត​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនធម្មតា​នោះឡើយ ។ យ៉ូយ៍​ដាំ ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់មាន​ឈ្មោះ​បោះ​សម្លេង​ដែរ​នៅ​ស្រុកថៃ​ពីមុនមក តែ​សម្រាប់​បច្ចុប្បន្ន​មិនជា​ខ្លាំង​នោះឡើយ ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប​កែវ​រំ​ចង់ ក៏​មិនជា​អ្នកខ្សោយ​នោះឡើយ ទើប​អាច​ផ្គូ​អោយ​ជួប​ជាមួយ​កែវ រំ​ចង់បាន ។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​ដែល​មកជួប​កែវ រំ​ចង់​កន្លងមក សុទ្ធតែ​អះអាងថា​ជា​ជើង​ខ្លាំង​នោះ សុទ្ធតែ​ត្រូវ​កែវ​រំ​ចង់ ផ្តួល​យកឈ្នះ​បានដែរ។​

កែវ រំ​ចង់ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​១៣៤​លើក ក្នុងនោះ​ឈ្នះ​១១៨​លើក ចាញ់​១២​លើក និង​ស្មើ​៤​លើក ហើយ​រំ​ចង់​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៦​លើក ។ ការប្រកួត​ចុងក្រោយ​នេះ រំ​ចង់បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ឆា​ល៉ឺ​ម​ដេ​ត ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០២​កញ្ញា​២០១៨ កន្លងទៅ​ថ្មីៗ​នេះ ។ កែវ រំ​ចង់ គេ​ខ្លាំង​កណ្តាប់ដៃ និង​វាយ​សម្រុក​លឿន រហ័ស ដែល​ដៃគូ​ពិបាក​នឹង​ទប់ទល់​ណាស់ ។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​នៅក្នុង​ការជួបគ្នា​រវាង កែវ រំ​ចង់ និង យ៉ូយ៍​ដាំ ស​.​សួយ​ង៉ា​ម នេះ ? ។​

ចំពោះ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​ក្នុង​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ឌី​ខេន ឆ​.​ឆែម​ពា​ន្ត ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធា្ល​ប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។ ឌី​ខេន ឆ​.​ឆែម​ពា​ន្ត ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ក៏ដោយ ក៏​គេ​ម្នាក់នេះ​មិនធម្មតា​ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ចេញ​រហ័ស ហើយ​រឹងមាំ​ថែមទៀត មិន​ងាយ​នឹង​ផ្តួល​នោះឡើយ ។​នេះ​បើតាម​អ្នកដឹកនាំ​កីឡា​ថៃ​មក​ប្រកួត​អោយដឹង​។​

ទោះជា​យ៉ាងនេះ​ក្តី អ៊ូច ធា​រិ​ទ្ធ ដែល​នឹងត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនមាន​ការព្រួយបារម្ភ​ឬក៏​ភ័យខ្លាច​ចំពោះ​ឌី​ខេន ឆ​.​ឆែម​ពា​ន្ត នោះដែរ ទោះបីជា​គេ​ដឹងថា​អ្នក​ប្រដាល់​ថៃ​នេះ វាយ​ខ្លាំង​ក៏ដោយ។​

អ៊ូច ធា​រិ​ទ្ធ ជា​លើក​ទី ៩ របស់គេ​ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​-​ឡាវ​នោះ ។ ក្នុងចំណោម​៨​លើក​កន្លងមក ធា​រិ​ទ្ធ បាន​វាយ​ឈ្នះ​ថៃ​៤​លើក ចាញ់​៣​លើក​និង​ស្មើ​១​លើក ។ សម្រាប់​ការ​ប៉ះ​ជាមួយ ឌី​ខេន ឆ​.​ឆែម​ពា​ន្ត​លើក​នេះ មិនដឹងថា អ៊ូច​ធា​រិ​ទ្ធ អាច​យកឈ្នះ បាន​ឬ​អត់​នោះទេ ? តែ​តាម​ក្រុមអ្នកតាមដាន​ប្រដាល់ ដែល​ពួកគេ​ស្គាល់​ពី​ថ្វីដៃ​របស់​ធា​រិ​ទ្ធ​នោះ ពួកគេ​អះអាងថា អ៊ូច ធា​រិ​ទ្ធ ប្រហែលជា​មិន​ចាញ់​នោះទេ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ វាយ​ស៊ូ​ណាស់ មិន​ងាយ​ចុះចាញ់​គូប្រកួត​ងាយៗ​នោះឡើយ ។​

ធា​រិ​ទ្ធ មានកំនត់​ត្រា​ប្រកួត​ចំនួន​៦៦​លើក ឈ្នះ​៤៩​លើក ចាញ់​១៦​លើក និង​ស្មើ​០១​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​ច្រើន​រាប់មិនអស់ ។ ចាំមើល អ៊ូច ធា​រិ​ទ្ធ អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​ឬ​អត់​នៅក្នុង​ការជួបគ្នា​នេះ ? ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​និង​ខ្មែរ​វិញ គិ​ន សំបូរ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៧ គីឡូក្រាម ។​រីឯ វិ​ន ដេវីត​អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ ត្រូវ​ជួប​ប្រកួត​ជាមួយ​នួន ម៉ា​រ៉ា​ឌី អ្នក​ប្រដាល់​ក្លិប​ភី​រម្យ​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu