Ad Code

ពាក្យចាស់​ពោល​ថា «រោគ​អ្វី​មិន​ស្មើនឹង​រោគ​ឃ្លាន ទាន​អ្វី​មិន​ស្មើ​ទាន​ទេសនា មាន​អ្វី​មិន​ស្មើ​មាន​បញ្ញា ថ្លា​អ្វី​មិន​ស្មើ​ចិត្តជា​បុណ្យ​»



ភ្នំពេញ​ ៖ បើ​គេ​ចាំ​មិន​ភ្លេច​ទេ​ពាក្យចាស់​លោក​តំណាល​ថា ​«​គ្មាន​រោគ​អ្វី​ស្មើនឹង​រោគ​ឃ្លាន​ គ្មាន​ទាន​អ្វី​ស្មើនឹង​ទាន​ទេសនា គ្មានអ្វី​ស្មើនឹង​បញ្ញា​ជ្រះថ្លា ​ហើយ​ក៏​គ្មានអ្វី​ស្មើ​ចិត្តជា​បុណ្យ​»​។ ជាក់ស្តែង​នា​ល្ងាច​ថ្ងៃទី​១៧ កញ្ញា​ម្សិលមិញ​នេះ ​លោក​ឧបាសិកា ជា ឃុន​ពេជ្រ ស្ថិត​ក្នុង​វ័យចាស់​ជរា ព្រះជន្ម​ជាង​៨០​វស្សា សុខភាព​ទន់ខ្សោយ ពុំ​អាច​ដើរ​ទៅណា​ឆ្ងាយ​រួច បាន​សំណូមពរ​ឲ្យ​កូនប្រុស ឈ្មោះ លឹម យូ ជូន​មកកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។ ដោយសារតែ​ក្តីមេត្តា​ចិត្តបុណ្យ​នេះ​ហើយ​ លោក​ឧត្តមសេនីយ៍ឯក​រ័ត្ន ស្រ៊ាង​ ក៏​នាំយក​នូវ​អំណោយ​ជា​លើក​ទី​៣​មាន​អង្ករ​៨០​ការុង មី​១០​កេស​ធំ ទឹកស៊ីអ៊ីវ​៦០​យួរ មក​ចម្លង​តាមរយៈ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើជូន​ទៅកាន់ គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​ទុ​រ​គតតាម​ការជាក់ស្តែង​។​

មន្ត្រី​អាវុធហត្ថ​រាជធានី​បានអោយដឹងថា រយៈកាល​កន្លង​មករា​ល់​ខែ ឧបាសិកា​តែង​ឃើញ​ព័ត៌មាន​ស្តីពី​ការជួយ​ផ្តល់​អំណោយ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជូន​ដល់​គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​ទុ​រ​គត ជិត​ម្ភៃ​គ្រួសារ​មិនដែល​មាន​ខាន ទាំង​នៅ​ខេត្តបន្ទាយមានជ័យ ទាំង​នៅ​រាជធានី​ភ្នំពេញ​។

ដូច្នោះ​ហើយ​ទើប ឧបាសិកា ជា ឃុន​ពេជ្រ សម្រេចចិត្ត​ផ្ញើ​ទាន​ចម្លង​បុណ្យ តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជា​ហូរហែ​សរុប ៣​លើក​មកហើយ តែ​កន្លងមក​ឧបាសិកា​បានត្រឹមតែ​ឃើញ​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង តាម​ព័ត៌មាន​ប៉ុណ្ណោះ​ទើបតែ​មកដល់​ថ្ងៃនេះ​ដែល​ឧបាសិកា បាន​ជួប​លោក​ឧ​ត្ត​ម​សេនីយ៍​ដោយផ្ទាល់​ជា​លើក​ទី​១ ឧបាសិកា​ពិតជា​មានចិត្ត​ត្រេកអរ​ជាខ្លាំង​ព្រោះតែ​សម្រេច​តាម​បំណង​ដែល​ប៉ង​ជួប​លោក រ័ត្ន ស្រ៊ាង ផ្ទាល់ និង​បានប្រគល់​អំណោយ​ដោយផ្ទាល់​ជូន​សម្រាប់​ធ្វើជា​ទាន​ចែកជូន​ដល់​អ្នកក្រខ្សត់​ជា​បន្ត​។​

ជាមួយគ្នា​ស្របទៅនឹង​ពាក្យចាស់​លោក​ពោលថា " រោគ​អ្វី​មិន​ស្មើនឹង​រោគ​ឃ្លាន ទាន​អ្វី​មិន​ស្មើ​ទាន​ទេសនា មាន​អ្វី​មិន​ស្មើ​មាន​បញ្ញា ថ្លា​អ្វី​មិន​ស្មើ​ចិត្តជា​បុណ្យ​។ ជីវិត​រាល់​រូប​តិចតួច​ណាស់ យើង​ត្រូវ​ខ្នែង​ខ្នះ​ប្រព្រឹត្ត​ល្អ ទោះ​មិនបាន​រៀន​ចេះ​សូត្រធម៌ ត្រឹម​ប្រព្រឹត្ត​ល្អ​គឺ​បុណ្យ​ហើយ "​។ រយៈកាល​កន្លងមក លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ តែង​ជួយឧបត្ថម្ភ​គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​ទុរគត​ជាប្រចាំ រៀងរាល់ខែ​មិនដែល​មាន​ខាន ចំនួន​១៨​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ទាំង​នៅ​ខេត្តបន្ទាយមានជ័យ​និង​នៅ​រាជធានី​ភ្នំពេញ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu