Ad Code

ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ជិត​១០​នាក់ ត្រៀម​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ពាក់ព័ន្ធ​ករណី ស្នាក់នៅ​ខុសច្បាប់​នៅ​កម្ពុជា



ភ្នំពេញ ​៖ ​ជនអន្តោប្រវេសន៍​វៀតណាម​ប្រុស ស្រី​ចំនួន​៩​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ខណៈ​ពួកគេ​ទាំងនេះ​បាន​លួច​សម្ងំ​នៅ​តាម​ហាង​កាហ្វេ ម៉ាស្សា និង​កោស​ជប់ ដោយ​ខុសច្បាប់។

ប្រតិបត្តិ​ការ​នេះ​ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ចន្ទ ៨​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤​និង​០០​នាទី នៅក្នុង​ហាង​កាហ្វេ ម៉ាស្សា​និង​កោស​ជប់ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

មន្ត្រី​ប៉ូលិស​ដែល​ចុះ​អនុវត្ត​លើ​កិច្ចការងារ​នេះ​បានអោយដឹងថា ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ឌី គឹម​ហេង ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ខណ្ឌទួលគោក មានការ​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ ជនជាតិ​វៀតណាម ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ស្ថិតនៅ ហាង​កាហ្វេ ម៉ាស្សា​និង​កោស​ជប់ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​ជា​លទ្ធផល កម្លាំង​ពិនិត្យឃើញ​មាន ជនជាតិ​វៀតណាម សរុប​ចំនួន​៩​នាក់ (​ស្រី​១​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់។

គួរ​បញ្ជាក់​ថា បើ​យោង​តាម​មាត្រា​២៩ ច្បាប់​ស្តីពី​អន្តោប្រវេសន៍ បាន​ចែងថា ជនបរទេស​ណា ដែល គ្មាន​ការអនុញាត ហើយ​ចូល មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលួច លាក់​បន្លំ ឬ ល្បិច​ផ្សេង ទៀត​ដែល ផ្ទុយ​ពីបទ​បញ្ញតិ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី​បី ខែ​ដល់ ៦​ខែ មុន​នឹង​បណ្តេញចេញ ត្រូវ​ផ្តន្ទាទោស ដូចគ្នា​នឹង​ជនល្មើស ចំពោះ​ជន​ណា​ដែល​ផ្តល់ជំនួយ ឬ ជួយ​លាក់បាំង​ក្នុងការ​បញ្ចូល ជនបរទេស ដែល​គ្មាន​ការអនុញាត មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​ឬ​ភ្ញាក់​ងារ​រាជការ មាន​សមត្ថកិច្ច រូប​ណា ដែលជា​អ្នកសមគំនិត​ ឬ ជួយ​សម្រួល​ក្នុងការ​ប្រព្រឹត្ត បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី ១​ខែ​ដល់​១​ឆ្នាំ ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការ ធ្វេស​ប្រ​ហេស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ មិន គោរព​បទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែក​រដ្ឋបាល មធ្យោបាយ សម្ភារៈ​ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើស ត្រូវ​រឹប​អូស ទុកជា​សម្បត្តិ​រដ្ឋ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu