ភ្នំពេញ ៖ ដើម្បីរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាអាជ្ញាធរតាមបណ្តាសង្កាត់ទាំង៧ឲ្យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះរដ្ឋបាលតាមបណ្តាផ្ទះជួល និង ផ្ទះសំណាក់ឲ្យបានជាប្រចាំដើម្បីស្វែងរកមុខសញ្ញា ដែលកំពុង និង ធ្លាប់ប្រព្រឹត្តិបទល្មើសចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌមានជ័យសហការជាមួយអាជ្ញាធរសង្កាត់ចាក់អង្រែលើ និង ដោយមានការបញ្ជាផ្ទាល់ពីលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានចុះពិនិត្យរដ្ឋបាលនៅចំណុចក្រោយរោងចក្រតាកហ្វាត និង ជាប់ផ្លូវ៦០ម៉ែត្រដោយបានឃាត់ខ្លួនក្មេងស្ទាវដែលកំពុងប្រមូលផ្តុំគ្នាជក់ថ្នាំញៀនបានចំនួន៦នាក់ ដោយធ្វើការរឹបអូសបានឧបករណ៍ជក់ថ្នាំញៀនជាច្រើនកំប្លេរទៀតផង។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា ការចុះពិនិត្យរដ្ឋបាលនិងត្រួតពិនិត្យអាវុធជាតិផ្ទុះត្រូវធ្វើឡើងឲ្យបានសកម្មបំផុតជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យមូលដ្ឋានយើងគ្មានបទល្មើសកើតឡើង។ ក្នុងនោះដែរគឺកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរត្រូវសហការជាមួយម្ចាស់ផ្ទះសំណាក់ផ្ទះជួល និង ក្លិបកំសាន្តដើម្បីស្រាវជ្រាវចាប់មនុស្សដែលកំពុងប្រមូលផ្តុំគ្នាជក់ថ្នាំញៀនហើយបើរកឃើញត្រូវចាប់បញ្ជូនមុខសញ្ញាទៅតុលាការកាត់ទោសតាមផ្លូវច្បាប់។
ទាក់ទិនទៅនឹងទីតាំងបើកបនល្បែងវិញ គឺសមត្ថកិច្ចនិងអាជ្ញាធរត្រូវសហការគ្នាបង្ក្រាបឲ្យអស់កុំលាក់បាំងដើម្បីទទួលលាភសក្ការៈឲ្យសោះព្រោះខុសទៅនឹងច្បាប់៕
Source: Kampuchea Thmey Daily
0 Comments