ភ្នំពេញ ៖ តារាសម្តែងរូបសង្ហា និងតែងលេចធ្លោលើសកម្មភាពមនុស្សធម៌លោក អ៊ឹម ជីវ៉ា ដោយមើលឃើញពីក្តីអាណិតអាសូរ និងភាពខ្វះខាតរបស់កុមាររងគ្រោះ ត្រូវបានជនអគតិមួយចំនួនរំលោភបំពានផ្លូវភេទនោះ កាលពីថ្ងៃទី១៦ ខែកញ្ញា បាននាំយកអំណោយនិងសម្ភារៈមួយចំនួនទៅចែកជូនដល់ក្មេងៗទាំងនៅមណ្ឌល។
អំឡុងពេលដែលទៅដល់និងឃើញពីទិដ្ឋភាពជាក់ស្តែងរបស់កុមាររងគ្រោះទាំងនោះតារាប្រុសលោក អ៊ឹម ជីវ៉ា មិនត្រឹមតែបង្ហាញពីអារម្មណ៍អាណិតអាសូរខ្លាំងនោះទេ គឺលោកក៏បានបង្ហាញពីអារម្មណ៍ក្តុកក្តួល និងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅឡើយ ព្រោះតែរន្ធត់ចិត្តក្រោយពីឮការរៀបរាប់របស់ក្មេងៗទាំងនោះលើទង្វើព្រៃផ្សៃពីសំណាក់បុគ្គលល្មោភកាម។
លោក អ៊ឹម ជីវ៉ា បាននិយាយថា ទឹកភ្នែកស្រក់មិនបាត់សោះ នៅពេលឃើញប្អូនកុមារីទាំងនេះត្រូវបានគេចាប់រំលោភបំពានទាំងស្មារតីនិងរូបរាងកាយសូម្បីតែកុមារីតូចអាយុ២ឆ្នាំក៏ត្រូវបានគេចាប់រំលោភដែរហេតុអ្វីក៏មនុស្សឃោរឃៅម្ល៉េះឪពុកបង្កើតរំលោភកូនខ្លួនឯង ឪពុកចុង ឪពុកមា ក្មេងស្ទាវ ចាប់រំលោភ វាយដំ មានសព្វបែបយ៉ាង។
តារាប្រុសលោក អ៊ឹម ជីវ៉ា បានបន្តថា ពេលឃើញកុមារមិនទាន់ដឹងក្តីជាក្រដាសសត្រូវបានគេធ្វើបាបចាប់រំលោភ វាដំ ជាដើម។ ខ្ញុំដើរចេញមិនទាន់ផុតរបងមណ្ឌលផងទឹកភ្នែកខ្ញុំស្រក់រហូត រហូតបើកឡានមិនកើតឈប់ឡានអង្គុយយំព្រោះអាណិតក្មេងទាំងនេះពេកថ្វីត្បិតតែថវិកានិងសម្ភារៈដែលខ្ញុំបាទ អ៊ឹម ជីវ៉ា រួមជាមួយកញ្ញា រៀម ច័ន្ទបររមី មានបន្តិចបន្តួចមកជួយពួកគាត់ តែទឹកចិត្តរបស់ខ្ញុំនៅតែមកផ្តល់កម្លាំងចិត្តអោយពួកគាត់ជានិច្ច ព្រោះពួកគាត់ឈឺចាប់ផ្លូវចិត្តខ្លាំងណាស់។
សូមបញ្ជាក់ថា តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា កន្លងមកត្រូវបានមហាជនមើលឃើញថា លោកមិនត្រឹមតែមានប្រជាប្រិយភាពនិងការគាំទ្រនៅលើវិស័យសិល្បៈនោះទេ តារាប្រុសរូបនេះថែមទទួលបានការលើកសរសើរលើអត្តចរិត និង សកម្មភាពមនុស្សជាច្រើនទៀតផង៕
Source: Kampuchea Thmey Daily
0 Comments