Ad Code

សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​ជនរួមជាតិ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ថែរក្សា​នូវ​សុខសន្តិភាព​



ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អំពាវនាវ ដល់​ជនរួមជាតិ​ទាំងអស់​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​សន្តិភាព​ជាតិ​និង​អន្តរជាតិ​ដោយ​បន្ត​ថែរក្សា​សន្តិភាព​ដែលមាន​ស្រាប់ ពង្រឹង​ឯកភាព​ជាតិ អនុវត្ត​វប្បធម៌​សន្ទនា គោរព​ច្បាប់ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​រាល់​ឧបាយកល និង​ការប៉ុនប៉ង​តាម​គ្រប់​រូបភាព ដែលមាន​គោលបំណង​ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​សភាព​វឹកវរ​និង​អស្ថិរភាព​។ ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សារលិខិត​អបអរ​ទិវា​សន្ដិភាព​អន្ដរជាតិ​ថ្ងៃទី​២១​ខែកញ្ញា ឆ្នាំ​២០១៨ ។​

​​សារលិខិត​ផ្ញើជូន​ជនរួមជាតិ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​កត់សំគាល់ថា សភាពការណ៍​ជុំវិញ​ពិភពលោក​នាពេល​បច្ចុប្បន្ន​ពុំបាន​ធ្វើ​ឲ្យ​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ការសំរេចបាន​នៅ​សន្តិភាព​សម្រាប់​មនុស្ស​ស​ត្វ​ជាតិ​នោះទេ​។ ការគំរាមកំហែង​ចំពោះ​សន្តិភាព​នៅតែមាន​ភាព​ស្រួចស្រាវ​ទាំង​ក្នុង​កម្រិត​សកល​និង​តំបន់ ។ ដោយឡែក​ចំពោះ​បរិបទ​នៃ​ប្រទេស​កម្ពុជា ទោះបីជា​យើង​ទទួលបាន​សុខសន្តិភាព​ពេញបរិបូរណ៍ ក្រោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​កាលពី​ឆ្នាំ ១៩៩៨ ហើយ​ក្តី​ក៏​សន្តិភាព​របស់​កម្ពុជា​នៅតែមាន​លក្ខណៈ​ផុយស្រួយ​ដោយសារតែ​ការបន្ត​យាយី​និង​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឥតឈប់ឈរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា “​ទោះ​ជាមាន​សម្ពាធ​និង​ការគំរាមកំហែង​ដាក់ទណ្ឌកម្ម​ក្រោមលេស​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​យ៉ាងណាក្តី​ប្រជាជន​និង​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​មុតមាំ​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថេរភាព ឲ្យ​ខាន​តែ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ។ យើង​ធ្លាប់​ហែល​ឆ្លង​រួចហើយ​នូវ​ទុក្ខលំបាក​វេទនា​ក្នុង​ភ្លើងសង្គ្រាម​ជាង​បី​ទសវត្សរ៍ ហើយ​យើង​ក៏​ធ្លាប់​ហែល​ឆ្លង​ការលំបាក​ដោយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការមិនទទួលស្គាល់​ពី​ប្រទេសមួយ​ចំនួន​ចំពោះ​រដ្ឋាភិបាល​ដែល​កើតចេញពី​ឆន្ទៈ​ប្រជាជន​ដែល​បាន​រំដោះ​អាយុជីវិត​ប្រជាជន​ខ្មែរ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​ថ្ងៃទី​៧ ខែមករា ១៩៧៩” ។​
​ ​សម្តេច​តេ​ជោ​បន្តថា បទពិសោធ​ដ៏​ជូរចត់​ទាំងអស់​នេះហើយ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​ការសម្រេចចិត្ត​ឥត​ងាករេ​របស់​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស ក្នុងការ​ជ្រើស​យក​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ដូចដែល​បាន​ស្ដែងចេញ​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ ។ ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិធម៌​គ្មាន​អំពើហិង្សា​គ្មាន​ការគំរាមកំហែង​និង​មានការ​ចូលរួម​ពី​សំណាក់​គ្រប់ភាគី​ពាក់ព័ន្ធ​ពិសេស​គឺមាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​កុះករ​រហូតដល់​ទៅ ៨៣,០២ ភាគរយ​នៃ​ពលរដ្ឋ​បាន​ចុះឈ្មោះ​បោះឆ្នោត​។​លទ្ធផល​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ឆន្ទៈ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​និង​ពី​គ្រប់​មជ្ឈដ្ឋាន​លើ​កិច្ចដំណើរការ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​និង​ទៀងទាត់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក​ចាំបាច់​ក្នុង​ការបន្ត​កិច្ចដឹកនាំ​កសាង​ប្រទេស​នៅលើ​មាគ៌ា​នៃ​សុខសន្តិភាព ការអភិវឌ្ឍ​និង​ការកែទម្រង់​រដ្ឋ​ក្នុង​គ្រប់​វិស័យ​ស្ទុះ​ទៅរក​វឌ្ឍនភាព​និង​វិបុលភាព​ដ៏​កាន់តែ​រុងរឿង ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា « គ្មាន​សន្តិភាព​គឺ​គ្មាន​ការអភិវឌ្ឍ ។ ហើយ​គ្មាន​ការវិវត្ត​ក៏​គ្មាន​សន្តិភាព​ស្ថិតស្ថេរ​ដែរ ។ នេះ​គឺជា​គោលការណ៍​សត្យានុម័ត​ដែល​ពិភពលោក​ទាំងមូល បានទទួល​ស្គាល់​នឹង​កំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ » ។​

​​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦ យើង​នឹង​នៅតែ​បន្ត​កសាង និង អភិវឌ្ឍន៍​ដោយ​ផ្អែក​លើស​មិ​ទ្ធ​ផល​គួរ​ជាទី​មោទនៈ​កន្លងមក​ដោយ​បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​សំខាន់ៗ​ក្នុង​គោលដៅ​បម្រើ​នូវ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ ឆ្លើយតប​ទៅ​និង​សំណូមពរ​នឹង​សេចក្តីត្រូវការ​របស់​ប្រជាជន ។ រាជរដ្ឋាភិបាល​នឹង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​កំណើន​ការងារ​សមធម៌​និង​ប្រសិទ្ធិភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ។ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​នេះ​វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​សន្តិភាព នៅតែ​ជា​អាទិភាព សំខាន​ទី​១ ក្នុងចំណោម​អាទិភាព​បួន​របស់​រាជរដ្ឋាភិបាល ។ បើ​ក្រឡេកមើល​លើ​ឆាក​អន្តរជាតិ​វិញ​យើង​បានប្រែក្លាយ​បទពិសោធន៍​ដ៏​ល្វីង​ជូរចត់​នៃ​សង្គ្រាម​របស់​យើង​ឲ្យ​ទៅជា​ការចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក ។ យើង​មាន​មោទនភាព​ក្រៃលែង​ចំពោះ​ការរួមចំណែក​របស់​ក​ង​កម្លាំង​របស់​យើង​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​តាមរយៈ​ការបញ្ជូន​កងទ័ព​ចំនួន ៥.៥៧១ នាក់ ចាប់ពី​ឆ្នាំ ២០០៦ មកទល់​បច្ចុប្បន្ន​ទៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្ដាល ឆាដ ស៊ី​រី ម៉ាលី និង ស៊ី​ព្រ៍ ។ បេសកកម្ម​ទាំងនេះ ជា​បេសកកម្ម​ប្រកបដោយ​ហានិភ័យ​នឹង​គ្រោះថ្នាក់ ។ ពួកយើង​បាន​ពលី​ជីវិត​ក្នុងពេល​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។ ប៉ុន្តែ​គ្រោះថ្នាក់​ទាំងនោះ​ពុំបាន​បំបាក់​ឆន្ទៈ​បន្ត​រឿង​ចំណែក​របស់​កម្ពុជា​ក្នុងការ​ជួយសង្គ្រោះ​ប្រទេស​ដទៃ​អោយ​ទទួលបាន​សន្តិភាព​និង​បាន​ចាក​ផុតពី​ទុក្ខវេទនា​នៃ​សង្គ្រាម​បំផ្លិចបំផ្លាញ​ឡើយ​។

​តាមរយៈ​ស្នាដៃ​និង​ការរួមចំណែក​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ដល់​ទំនុកចិត្ត​ឲ្យ​កម្ពុជា​កាន់​តួនាទី​សំខាន់ ២ នៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​។ ទី​១.​គឺ​ឋានៈ​ជា​អនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​សំរាប់​ឆ្នាំ ២០១៨ -២០១៩ និង ទី​២.​គឺ​ឋាន​:​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩ ។ តួនាទី​ទាំងនេះ​នឹង​ផ្ដល់​លទ្ធភាព​កាន់តែច្រើន​ដល់​កម្ពុជា​ក្នុងការ​ចូលរួមចំណែក​ដោយ​បុព្វហេតុ​នៃ​ការរក្សា​សន្តិភាព​និង​ការ​ជំនាញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅលើ​ពិភពលោក​។

​ទិវា​សន្ដិភាព​អន្ដរជាតិ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ត្រូវបាន​ប្រារព្ធ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​បន្ទាប់ពី​មានការ​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៥​នា​ឆ្នាំ​២០០១ ដើម្បី​លុបបំបាត់​អំពើហិង្សា បញ្ឈប់​សង្គ្រាម ជំរុញ​ឲ្យ​មាន​សុខសន្ដិភាព ក្នុងប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu