សៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយនគរបាលស្រុកសូទ្រនិគម បានចាប់ឡានធុនយីឌុបដឹកអង្កាមពីលើឈើពីក្រោម១គ្រឿង ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ទៀតហើយ ខណៈមេព្រៃកំពុងសម្ងំក្រាបពង។
ហេតុការណ៍នេះ ធ្វើឡើង នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេច៦៤ ដែលតភ្ជាប់ពីស្រុកស្វាយលើ មកកាន់ផ្លូវជាតិលេខ៦ ស្រុកសូទ្រនិគម ត្រង់ចំណុចភូមិអូរលុះ ឃុំដំដែកស្រុកសូទ្រនិគម។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃនគរបាលខេត្តសៀមរាបបានឲ្យដឹងថា រថយន្តមួយគ្រឿងធុនយីឌុបដឹកឈើល្មើសច្បាប់ដែលបង្ក្រាបម៉ាក HYUNDAI ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខតាកែវ3A-1718ចំណុះ២៥ តោន។ ក្នុងពេលបង្ក្រាប បានឃាត់ខ្លួន ម្ចាស់ឈើម្នាក់ ឈ្មោះស សៀក ភេទប្រុស អាយុ៣៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគ្រាំងតូច ឃុំប្រាំបីមុំ ស្រុកបាទី ខេត្តតាកែវ។ លោកបន្តថា ឈើនៅលើឡានជាប្រភេទផ្ចឹក ការរាប់និងប៉ាន់ស្មានជំហ៊ានដំបូង ប្រមាណជាង២០ម៉ែត្រគូប។ តាមចម្លើយរបស់ម្ចាស់ ឈើទាំងនេះដឹកចេញពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ស្រុកស្វាយលើ និងស្រុកសូទ្រនិគម បម្រុងឆ្ពោះទៅកាន់ខេត្តតាកែវ។
ចំពោះវត្ថុតាង និងមធ្យោបាយដឹកជញ្ជូន រួមទាំងម្ចាស់ឈើ ត្រូវបានប្រគល់ទៅឲ្យមន្ត្រី នៃសង្កាត់រដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម ដើម្បីអនុវត្តបន្ត។ លោកស្នងការរងបន្តថា លោកបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលតាមស្រុកទាំងអស់ត្រូវចាប់ផ្តើមបង្ក្រាបបទល្មើសផ្សេងៗដូចជា បទល្មើសនេសាទ និងបទល្មើសព្រៃឈើ ឲ្យមានការថយចុះថែមទៀត។
ប្រភពបានឲ្យដឹងថា ត្រឹមតែពីរថ្ងៃ ប៉ូលិសបង្ក្រាបឡានដឹកឈើល្មើសបានពីរគ្រឿង នេះសបញ្ជាក់ឲ្យឃើញថា បទល្មើសព្រៃឈើឆ្លងកាត់ខេត្ត សៀមរាប បានកំពុងមានសន្ទុះយ៉ាងខ្លាំង។ ចឹងទេការស្ទាក់ចាប់របស់សមត្ថកិច្ចប៉ូលិសពេលនេះ វាហាក់ដូចស្រាតខោមេព្រៃអីយ៉ាងចឹង។ ព្រោះមេព្រៃសព្វថ្ងៃឈប់បង្ក្រាបបទល្មើសហើយ ដោយសម្ងំអង្គុយចាំលើកទូរស័ព្ទយកលុយតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments