ភ្នំពេញ ៖ រដ្ឋបាលរាជធានី ភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាន និងកំពុងដំឡើងភ្លើងស្តុបថ្មីចំនួន ១០០ទីតាំងបន្ថែមទៀត ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមខ្លាំងនឹងការកកស្ទះខ្លាំង។ ជាមួយគ្នានេះ ការបំពាក់កាមេរ៉ាសុវត្ថិភាពក៏ត្រូវបានបំពាក់ព្រមគ្នាជាមួយភ្លើងស្តុបថ្មីនេះផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងការដំឡើងភ្លើងស្តុបថ្មីនេះ នៅក្នុងសប្តាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងនិងដាក់ឲ្យដំណើរការភ្លើងស្តុបថ្មី ចំនួន ៤កន្លែងបន្ថែមទៀតហើយ ក្នុងនោះរួមមាន ១-ភ្លើងស្តុប ប្រសព្វរវាងមហាវិថីព្រះសីហនុ និងមហាវិថីសុធារស។
២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៥៦៦។ ៣-ភ្លើងស្តុប ប្រសព្វផ្លូវលេខ ២៧១ និងផ្លូវលេខ ២០០២។ ៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ៤ និងផ្លូវរោងចក្រ QMI។
លោកសាំ ពិសិដ្ឋប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានប្រាប់ឲ្យដឹងហើយថា ការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតជាវិឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ស្តុបថ្មី ផងដែរ ដោយសារភ្លើងស្តុបថ្មីនេះ ទំនើបមានលក្ខណៈពិសេស ខុសប្លែក ពីភ្លើងស្តុបចាស់។
សូមជម្រាបថា ប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជួយជំនួយបង្គោលភ្លើងស្តុបថ្មី ដំបូងចំនួន ១០០ ដើម្បីដំឡើងក្នុងរាជធានីភ្នំពេញ ហើយបង្គោលភ្លើងស្តុបចាស់ៗ ដែលត្រូវបានដកចេញពីកន្លែងចាស់នោះ នឹងយកទៅដំឡើងនៅតំបន់ក្រៅរាជធានីវិញ៕
Source: Kampuchea Thmey Daily
0 Comments