ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនិងភរិយា បាននាំយករង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A B CនិងD។
ពិធីប្រគល់រង្វាន់នេះ បានប្រព្រឹត្តិធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា នៅក្នុងបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់គឺនិទេ្ទសAចំនួន២នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូមួយគ្រឿងម៉ាកវេវស៊េរី២០១៨។
និទ្ទេសBចំនួន៧នាក់ ទទួលបានកុំព្យូទ័រម្នាក់១គ្រឿង។ និទ្ទេសCចំនួន២២នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០០ដុល្លារ។ និទ្ទេសDចំនួន៣៨នាក់ក្នុងម្នាក់ៗទទួលបាន៥០ដុល្លារ។
ក្នុងពិធីប្រគល់រង្វាន់ដល់សិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើនេះ លោកពេជ្រ កែវមុនី បានមានប្រសាសន៍ទៅកាន់ប្អូនៗយុវសិស្សដែលទទួលបានរង្វាន់ថា រង្វាន់លើកទឹកចិត្តខាងលើគឺជាថវិកាផ្ទាល់របស់លោកអភិបាល និង ភរិយា ខណៈដែលលោកបានឃើញការសិក្សារបស់ប្អូនមាននិទ្ទេសល្អណាស់ហើយចាំបាច់និងត្រូវទទួលបានរង្វាន់ពីលោកផ្ទាល់។
និទ្ទេសដ៏ល្អបែបនេះ គឺដោយសារតែប្អូនៗខិតខំរៀនសូត្រទើបទទួលបាននិទ្ទេសល្អហើយប្អូនៗដែលប្រឡងធ្លាក់គឺត្រូវខិតខំរៀនសូត្របន្តទៅទៀត កុំបាក់ទឹកចិត្តឲ្យសោះ។ លោកអភិបាលខណ្ឌបានធ្វើការកោតសរសើរដល់ប្អូនៗដែលខិតខំរៀនសូត្ររហូតដល់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេសល្អពិសេសប្អូនៗសុទ្ធតែជាកូនល្អសិស្សល្អហើយគេចផុតពីការសេពគ្រឿងញៀនទៀតផង។ ការខិតខំសិក្សារបស់ប្អូនៗធ្វើឲ្យឪពុកម្តាយលោកពេញចិត្ត ព្រោះបានកូនគោរពតាមដំបូន្មានបានល្អ ទើបក្លាយជាសិស្សពូកែបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments