ភ្នំពេញ ៖ ស្ត្រីម្នាក់បានចាញ់បោកក្រុមទម្លាក់យោង ដែលបានប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាសហើយនាំគ្នាល្បួងដឹកជនរងគ្រោះទៅកន្លែងស្ងាត់ដោះបូតយកគ្រឿងអលង្ការអស់ពីខ្លួនរលីងហើយជនរងគ្រោះពេលដឹងថាចាញ់បោកគេ បានបោះកញ្ចប់នោះចោលក្នុងវាលស្រែ កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៨ស្ថិតនៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះ អេន ពៅ អាយុ ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល រួមជាមួយប្តី ជាមេការហាង នៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិគុស ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភារៈបាត់បង់រួមមានកងដៃចំនួន១៨កងខ្សែកប្លាទីន២ជី ទូរស័ព្ទដៃមួយគ្រឿង លុយ១ម៉ឺនរៀល បន្សល់ទុកឲ្យវិញ ខ្សៃកកាឡៃមួយខ្សែ ទុកកាន់យកទៅប្តឹងប៉ូលិស។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលគាត់ដើរចេញពីបន្ទប់ជួលឆ្ពោះទៅធ្វើការរោងចក្រ ក្បែរនោះត្រូវបានស្ត្រីសង្ស័យម្នាក់ដើរមកសួរគាត់ថាមានរើសបានកញ្ចប់ថង់មាសអត់មិញ ព្រោះគេជ្រុះបាត់ពេលនោះ នាងមិនទាន់តែឆ្លើយផងស្រាប់តែមានស្ត្រីម្នាក់និងបុរសម្នាក់ជិះម៉ូតូស្មាស់ មួយគ្រឿងមិនចាំស្លាកលេខ ឌុបគ្នាមកដល់ប្រាប់ថា កុំមាត់ គេរើសបាន ទុកឲ្យទៅដូរចែកគ្នា ហើយបញ្ចុះបញ្ចូលឌុបនាងរួមដំណើរជាមួយបុរស២នាក់ទៀត សរុបជនសង្ស័យ៥នាក់ ប្រុស៣នាក់ស្រី២នាក់ ឌុបនាងចេញពីខាងក្រោយផ្សារកាណាស៊ីធី កាត់តាមផ្លូវភូមិព្រៃល្វា ឆ្ពោះទៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺសង្កាត់ចោមចៅ២ ទើបឈប់ស្ត្រីសង្ស័យលាតបង្ហាញនូវកញ្ចប់ថង់ ឲ្យមើលឃើញលោហៈក្រហមច្រាលហុចឲ្យកាន់រួចចាប់ទាញដៃ ច្បូតយកកង់ដៃអស់១៨កង ដោះយកខ្សែក ឆក់យកទូរស័ព្ទនិងលុយ ហើយឡើងជិះម៉ូតូ គេចចេញភ្លាម មើលក្នុងថង់ ឃើញដឹងថា គ្រឿងកាឡៃ បោះគ្រវ៉ាត់ចោលទៅក្នុងទឹកស្រែរួចទ្រហោយំហើយដើរទៅក្នុងភូមិប្រាប់អ្នកភូមិឲ្យជួយ តែក្រុមជនសង្ស័យគេចបាត់ទៅអស់ហើយ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំទៅចុះរាវរកកញ្ចប់ថង់មាសកាឡៃនោះ មកទុកគ្រាន់កាន់យកទៅប្តឹងប៉ូលិស។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយឌុបជូនទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតែមិនសង្ឃឹមទេ៕
Source: Kampuchea Thmey Daily
0 Comments