Ad Code

ខំ​ស្កាត់​ពី​ស្រុកកំណើត​មកលេង​ប្រពន្ធ​កូន​នៅ​ភ្នំពេញ​ ដើរ​ជិត​ដ​ល់​បន្ទប់​ជួល​បែរជា​ក្អួត​ធ្លាក់ឈាម​ស្លាប់​ភ្លាម



ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ ខណៈដែល​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ​ ខំ​ធ្វើដំណើរ​តាំងពី​ស្រុកកំណើត​ឯ​ខេត្តស្វាយរៀង មកលេង​ប្រពន្ធ​កូន​ដែល​ធ្វើការ​រោងចក្រ​នៅ​ក្រុងភ្នំពេញ ម្យ៉ាង​មក​រក​លុយ​សម្រាប់​ទិញ​ថ្នាំ​ព្យាបាល​ខ្លួន​ផង ផ្ទុយទៅវិញ​នៅពេល​ដើរចូល​ជិត​ដល់​បន្ទប់​ជួល​ប្រពន្ធ​កូន​ហើយ​នោះ បែរជា​ដួល​ក្អួត​ធ្លាក់ឈាម​ស្លាប់​ភ្លាមៗ​តែម្ដង បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​ទួល​ពង្រ ​សង្កាត់​ចោមចៅ​១ ខណ្ឌពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ គិត ពិ ភេទ​ប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិ​ព្រៃ​ស្រះ ឃុំ​សម្បត្តិ​មានជ័យ ស្រុក​រមាសហែក ខេត្តស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ សារុន ណន អាយុ ៣៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា គាត់​មានកូន​ស្រី​ចំនួន​៤​នាក់ រស់​នៅឯ​ស្រុក​ម្នាក់ មើលថែ​ឪពុក​កូនស្រី​ម្នាក់ ស្នាក់នៅ​ធ្វើការ ជាមួយ​ម្តាយ ផ្ទះ​ជួល ក្នុងភូមិ​ខាងលើ ចំណែក​កូនស្រី​២​នាក់​ទៀត​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ។



ស្ត្រី​ដដែល​បន្ត​ទៀត​ថា ប្ដី​របស់​គាត់ មាន​ជំងឺ​ប្រចាំ​កាយ​ក្រពះ​រ៉ាំរ៉ៃ ដោយសារ​ផឹកស្រា​ច្រើន ព្យាបាល​មិនជា​សះស្បើយ ហើយ​មុន​កើតហេតុ ប្តី​របស់​គាត់ បាន​ប្រាប់​គាត់​ជាមុន​ដែរ​ថា​នឹង​មកលេង​ភ្នំពេញ​ម្យ៉ាង​មក​រក​លុយ ទិញ​ថ្នាំ​និង​ទិញ​ជី​ដាក់​ស្រែ​ផង ហើយ​ខណៈ​ដែល​គាត់​កំពុងធ្វើការ​រោងចក្រ​ក្បែរ​នោះ ស្រាប់តែ​សាច់​ញាតិ​ទៅ​ប្រាប់​ថា ប្តី​ដួល​ស្លាប់​តាមផ្លូវ​ទៅវិញ។

តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​ដើរ​តាមផ្លូវ​ដល់​ចំណុច​កែង​ផ្លូវ​ចូល​ផ្ទះ​ជួល ​ស្រាប់តែ​កើតមាន​អាការ​ក្អក​ក្អួត​ធ្លាក់ឈាម ប្រកាច់​ដួល​ស្លាប់​ភ្លាមៗ​តែម្តង។ ក្រោយ​កើតហេតុ សាកសព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ឃើញថា ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ផ្ទាល់ខ្លួន​ប្រាកដ​មែន រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu