អតីតកីឡាករជម្រើសជាតិកម្ពុជា ពីររូប ដែលបាត់មុខមួយមួយរយៈពីវិស័យបាល់ទាត់នៅកម្ពុជា បានចូលរួមប្រកួតក្នុងពានរង្វាន់មួយនៅប្រទេសអេស្ប៉ាញ ឈ្មោះថា Football 7 European Club Championship ដែលពួកគេបានតំណាងឲ្យប្រទេសបារាំង។ អតីតកីឡាករជម្រើសជាតិកម្ពុជា ២នាក់នោះគឺ វ៉ា សុថន (វ៉ា ខ្វីនទីន)និង កុក បូរីស។
ក្រុមដែលតំណាងឲ្យប្រទេសបារាំងប្រកួតក្នុងពានរង្វាន់កម្រិតទ្វីបអឺរ៉ុបនេះបានប្រកួតឈ្នះលើក្រុមអេស្ប៉ាញ ១០ទល់៤ ក្នុងប្រកួតជម្រុះតាមពូលនិងបន្តឈ្នះក្រុមម៉ាល់តា ៨ទល់០។ ចូលដល់វគ្គ៨ក្រុមចុងក្រោយក្រុមនេះ បានយកឈ្នះអ៊ីតាលី ៤ទល់២ និងនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្របានប្រកួតចាញ់ក្រុមអៀកឡង់ ៣ទល់២។ ចុងក្រោយក្នុងប្រកួតវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣បានយកឈ្នះក្រុមអេស្ប៉ាញ ដោយបាល់ប៉េណាំងទីកាត់សេចក្តីក្រោយស្មើគ្នា២ទល់២។ ជារួមក្រុមរុស្ស៊ី ជាម្ចាស់ជើងឯក ហើយក្រុមអៀកឡង់ ជាក្រុមជើងឯករង និងក្រុមបារាំងជាប់ចំណាត់ថ្នាក់លេខ៣។
សូមរំលឹកថា កីឡាករទាំង២នាក់នេះ ក៏ធ្លាប់ប្រកបអាជីពនៅក្លិបភ្នំពេញក្រោន ផងដែរ ខណៈរូបគេបានត្រឡប់ទៅនៅប្រទេសបារាំងវិញកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីកីឡាករទាំង២គេឃើញមានអតីតកីឡាករក្លិបភ្នំពេញក្រោន មួយរូបទៀតគឺ ដានី ស្រី និងអតីតកីឡាករព្រះខ័នរាជ David Quadrao ក៏ស្ថិតនៅក្រុមជាមួយគ្នាដែលនឹងចូលរួមពានរង្វាន់មួយនេះ។ ក្រុមមួយនេះមានឈ្មោះថា Athletic Club 92។
ក្រុមដែលហៅកាត់ថា AC 92 នេះមានសមាជិកដូចជាQuadrao David (ប្រធានក្រុម), វ៉ា សុថន,Outaleb Nait Julien, Clerc David, កុក បូរីស, Khelaifa Zoheir, Sniber Saad, Yann Morel, Srey Danny។ ចំណែកឯថ្នាក់ដឹកនាំក្រុមមានលោកIrani Alex និងលោក Zenou Remi។
ពានរង្វាន់ Football 7 European Club Championship រៀបចំឡើងដោយInternational Football 7 Federation។ តាមគម្រោងពានរង្វាន់នេះរៀបចំឡើងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ ក្រុមដែលឈ្នះជើងឯកគឺរុស្ស៊ី នឹងទទួលបានកៅអីទៅលេងក្នុងពានរង្វាន់ World Club Championship ដែលត្រូវឡើងនៅប្រទេសប្រេស៊ីល ក្នុងខែធ្នូ ខាងមុខ។
គួររំលឹកថា កុក បូរីស បានបានរួមរស់ជាមួយក្លិបជើងឯកលីគ ៦សម័យកាល ភ្នំពេញក្រោន រយៈពេល៥ឆ្នាំ គឺចន្លោះឆ្នាំ២០១២ ដល់២០១៧ ព្រមទាំងធ្លាប់ជួយក្រុមលើកពានលីក ២ដងស្ថិតក្នុងរដូវកាល២០១៤ និង២០១៥។ ចំណែកឯ វ៉ា សុខថន វិញ ចូលរួមជាមួយភ្នំពេញក្រោន ១រដូវកាលប៉ុណ្ណោះគឺនៅឆ្នាំ២០១៥។ អ្នកទាំងពីរ ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាដូចគ្នា ដោយក្នុងនោះសុខថន ធ្លាប់បង្ហាញខ្លួនបាន ៦ប្រកួត ស៊ុតចូលទីបាន ១គ្រាប់ រីឯ កុក បូរីស វិញបង្ហាញខ្លួនបាន ២ប្រកួតប៉ុណ្ណោះ ខណៈដែលរូបគេ បានបដិសេធមិនចូលរួមក្រុមជម្រើសជាតិប៉ុន្មានលើកចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments