Ad Code

មន្ត្រីជាន់ខ្ពស់​ហៅ​គំរោង​រៀបចំ​ធ្វើបាតុកម្ម​បង្ខំ​អោយ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើតាម​សេចក្តីសម្រេចចិត្ត​របស់ EU គឺជា​ការ​បទ​រំលោភច្បាប់



ភ្នំពេញ​ ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្តីពី​អនាគត​ការងារ​របស់​កម្មករ​ថា លោក​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​មួយ​នៅ​ក្រោយ​បុណ្យ​ភ្ជុំ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួលយក​សេចក្ដីសម្រេចចិត្ត​របស់​សភា​អឺរ៉ុប​មក​ធ្វើការ​ពិចារណា ឬ​អនុវត្ត​តាម ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​អះអាង​ថា គំរោង​រៀបចំ​ធ្វើបាតុកម្ម​បង្ខំ​អោយ​រាជរដ្ឋាភិបាល​ធ្វើតាម​សេចក្តីសម្រេចចិត្ត​របស់ EU គឺជា​ការ​បទ​រំលោភច្បាប់​របស់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ថែរក្សា​អធិបតេយ្យ និង​ឯកភាព​ជាតិ។

នៅក្នុង​សន្និសីទ​នោះ លោក រ៉ុង ឈុន បាន​ថ្លែងថា បន្ទាប់ពី​មាន​សេចក្តី​សម្រេច​របស់​សភា​សហគមន៍​អឺរ៉ុប កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ សហភាព​សហជីព​កម្ពុ​ជា មើលឃើញ​ចំណុច​ជាច្រើន ដែល​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ចំពោះ​អនាគត​ការងារ​របស់​កម្មករ កម្មការិនី​កម្ពុជា ដែល​សភា​សហគមន៍​អឺរ៉ុប តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​វិធានការ​មួយចំនួន​ដូចជា ការលើកលែងទោស​ដល់​លោក សម រង្ស៊ី ការដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ ការផ្ដល់​សិទ្ធិ​នយោបាយ​ឲ្យ​បុគ្គល​ចំនួន​១១៨​រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ផ្ដល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបោះឆ្នោត​ឡើងវិញ​ជាដើម ហើយ​ប្រសិនបើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​មិនមាន​ដំណោះស្រាយ​អ្វី​នោះទេ សភា​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា នឹង​មាន​វិធានការ​មួយចំនួន ដែលមាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​។



តាម​លោក រ៉ុង ឈុន ចំណុច​ទាំងអស់​នេះហើយ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កម្មករ កម្មការិនី មានការ​ព្រួយបារម្ភ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​ទទួលយក​សេចក្តី​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​នោះ​ទេ នឹង​មាន​ផល​ប៉ះពាល់​មួយចំនួន​ដល់​កម្មករ កម្មការិនី ដែល​មាន​ប្រមាណ​៨០ ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​ទូទាំង​ប្រទេស ហើយ​អ្នក​ដែល​ទទួលផល​ប្រយោជន៍ ក៏​ត្រូវ​បាត់បង់​ផលប្រយោជន៍​ផងដែរ ដែល​ក្នុង​នោះ​មាន​បងប្អូន សាច់ញាតិ និង​អ្នក​ជួល​ផ្ទះ​ជាដើម​។

លោក រ៉ុង ឈុន បញ្ជាក់​ទៀត​ថា ចំពោះ​បញ្ហា​នេះ លោក​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​មួយ​នៅក្រោយ​បុណ្យ​ភ្ជុំ ដោយមាន​អ្នកចូលរួម​ប្រមាណ​៤៥០​នាក់ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួលយក​សេចក្ដីសម្រេច​របស់​សហ​គម​ន៍​អឺរ៉ុប​មក​ពិចារណា ឬ​អនុវត្ត ក្នុង​បំណង​រក្សា​ស្ថិរភាព​ការងារ​របស់​កម្មករ កម្ម​ការ​នី និង​និយោជិត ហើយ​បាតុកម្ម​នៅ នឹងមាន​ការ​ហែ​រញា​ត្តិ​ទៅ​ដា​ក់នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ទាក់ទង​បញ្ហា​នេះ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ថា គំរោង​ធ្វើបាតុកម្ម​ដាក់​សម្ពោធ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើអោយ​សង្គម​មាន​ភាព​ច្របូកច្របល់ ទាំង​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ ដើម្បី​ដាក់​សម្ពោធ​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើតាម​បង្គាប់​របស់​បរទេស​នោះ គឺជា​ការ​រំលោភច្បាប់ របស់​កម្ពុជា ហើយ​នេះ គឺជា​ការវាយប្រហារ​ទៅលើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​ជាង​៨០​ភាគរយ បាន​ចេញទៅ​បោះឆ្នោត​។

តាម​លោក​ផៃ ស៊ី​ផាន សម្លេង​ឆ្នោត​ជាង​៧០​ភាគរយ នៃ​ចំនួន​សន្លឹក​សរុប នៅក្នុង​ហិប​ឆ្នោត ក៏​បង្ហាញ​យ៉ាង​ច្បាស់​ណាស់ នៅ​អធិបតេយ្យ​ជាតិ ឯកភាព និង​ឯករាជ្យ​របស់​ខ្មែរ ដែល​បុគ្គល រ៉ុង ឈុន ត្រូវ​តែ​មាន​កាតព្វកិច្ច​គោរព និង​ប្រតិបត្តិ​។ ការយក​លេស និង​ខ្លឹមសារ​របស់​សហគមន៍​អឺរ៉ុប ដែល​មិនទាន់​ចេញ​ជា​វិធាន​ផ្លូវច្បាប់​ណាមួយ​ប្រឆាំង​កម្ពុជា នោះ​គឺជា​ជន​ឆ្លៀតឱកាស បង្កើត​ឲ្យ​មាន​អំពើ​អានាធិបតេយ្យ​នៅក្នុង​សង្គម​ខ្មែរ និង​បម្រើ​នយោបាយ​បរទេស​តែប៉ុណ្ណោះ ហើយ​រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្នុង​កិច្ច​ថែរក្សា​អធិបតេយ្យ ឯករាជ្យ និង​ឯកភាព​ជាតិ។



លោក​ផៃ ស៊ី​ផាន លើកឡើង​ដែរ​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ព្យាយាម​អស់​សមត្ថភាព ទាំង​គោលនយោបាយ និង​ការ​ថែរក្សា​លើកស្ទួយ ភាព​សុខក្សេមក្សាន្ត និង​ដោះស្រាយ​បង្កើន​ជីវភាព​របស់​កម្មករ ដែល​ពុំ​ធ្លាប់​មាន នៅក្នុង​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​របស់​កម្ពុជា​។ ខុសប្លែក​ពី​អ្នកនយោបាយ ក៏ដូចជា​សហជីព​មួយចំនួន ដែល​ជំរុញ​ឲ្យ​កម្មករ​ជំពប់ និង​ការបាត់បង់​ផលប្រយោជន៍​ការងារ ជាប់ពន្ធ​ធនាគារ ព្រាត់ប្រាស​គ្រួសារ ស្រុកទេស ដោយសារ​មហិច្ឆតា​នយោបាយ នៃ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្សពួក​។ គេ​មិន​ខ្លាច​យក​ឈាម​កម្មករ ប្តូរ​នឹង​អំណាច​នោះឡើយ​។

លោក​ផៃ ស៊ី​ផាន បាន​ទាញអារម្មណ៍​សាជាថ្មី​ដល់​លោក រ៉ុង ឈុន និង​បក្សពួក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​បាន​បង្ហាញ​នូវ​ឯកភាព​ជាតិ​ជា​ផ្លូវការ និង​សាធារណៈ​រួចស្រេច​ហើយ តាមរយៈ​ការបោះឆ្នោត គឺ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ពិតប្រាកដ​។ សហគមន៍​អឺរ៉ុប មិនមែន​ជា​អាណានិគម​លើ​កម្ពុជា​នោះ​ទេ​។ កម្ពុ​ជាមាន​កិច្ចសហការ​ល្អ​ណាស់​ជាមួយគ្នា​អស់​រយៈ​ច្រើន​ទសវត្ស​មកហើយ​។ ក្នុងករណី​ទ្វេភាគី និង​ពហុភាគី តាមរយៈ​អាស៊ាន គឺ​កម្ពុជា និង​សហភាព​អឺរ៉ុប​ជា​ដៃគូ​ពិភាក្សា ដៃគូ​អភិវឌ្ឍន៍ និង​សហការ ហើយ​នៅ​សេចក្តី​ថ្លែង​យោបល់​របស់​សភា​សហគមន៍​អឺរ៉ុប វា​គ្រាន់តែ​ជា​និន្នាការ​នយោបាយ​របស់គេ​ប៉ុណ្ណោះ ប៉ុន្តែ​សារ​អបអរសាទរ និង​ជូនពរ​របស់​អធិការបតី​អាឡឺម៉ង់ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​បណ្តា​មេដឹកនាំ​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក គឺមាន​ន័យ​គ្រប់គ្រាន់​សម្រាប់​លោក រ៉ុង ឈុន និង​បក្សពួក​របស់​គេ​យក​ទៅ​ពិចារណា​ហើយ​។​

​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​រូបនោះ​អះអាងថា កម្ពុជា និង​សហភាព​អឺរ៉ុប ឋិត​នៅ​ជា​ដៃគូ​រហូត​លើ​វេទិកា នយោបាយ និង​សេដ្ឋកិច្ច ហើយ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​តែ​បន្ត​ពិភាក្សា​ជាមួយ​សភា​សហភាព​អឺរ៉ុប នូវ​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ ដោយ​គោរព​គ្នា​ទៅវិញទៅមក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu