កីឡាការិនីបាល់ទាត់ ហួត គឹមហុង សមាជិកក្នុងក្រុមបាល់ទាត់នារីរបស់ក្លិបភ្នំពេញក្រោន និងជាប្រធានក្រុមប្រចាំជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានចាកចេញពីមាតុភូមិទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល២ឆ្នាំ កាលពីខែសីហា កន្លងទៅខណៈរូបគេបានក្លាយជាកីឡាការិនីប្រចាំសាលាថ្មីរបស់គេនេះផងដែរ។
សាលាដែលរូបបានទទួលអាហារូបករណ៍ឈ្មោះថាសាលា Bryant and Stratton College ដែលស្ថិតនៅទីក្រុងញូវយ៉ក។ រូបគេត្រូវចំណាយពេលនៅទីនោះ ២ឆ្នាំប៉ុន្តែប្រសិនបើនាងទទួលបានលទ្ធផលល្អក្នុងការសិក្សាភាគីអាមេរិគនឹងផ្តល់ឱកាសអាហារូបករណ៍គ្រប់ ៤ឆ្នាំតែម្តង។ ងាកមករឿងបាល់ទាត់វិញកីឡាការិនី ហួត គឹមហុង បានបង្ហាញខ្លួនលើកដំបូងឱ្យក្រុមរបស់សាលាខ្លួនកាលពីពេលថ្មីៗ ហើយថែមទាំងរកបានគ្រាប់បាល់២គ្រាប់ម្នាក់ឯងផងដែរ ក្នុងចំណោមជ័យជម្នះ២ទល់១ លើគូប្រកួត។
ម្ចាស់គ្រាប់បាល់ច្រើនជាងគេឲ្យកម្ពុជា ពេលប៉ះទីម័រខាងកើត កាលពីពេលថ្មីៗរូបនេះបញ្ជាក់ថា មូលហេតុដែលខ្លួនទទួលបានឱកាសនៅក្រៅប្រទេសនេះដោយសារការជ្រោមជ្រែងពីជនបរទេសមួយរូបឈ្មោះ Rick Beal ព្រោះតែរូបនាងគឺជាគ្រូបង្វឹកកូនៗរបស់គ្រួសារអាមេរិកមួយនេះ។ កីឡាការិនី ហួត គីមហុង ធ្លាប់បានទទួលការបណ្តុះបណ្តាលនៅអង្គការ Mighty Girls ក្នុងខេត្តបាត់ដំបង ជាទីដែលរូបនាងបានផ្លាស់ប្តូរជីវិតរហូតមកដល់បច្ចុប្បន្នក្រោយពីបានចូលហ្វឹកហាត់កីឡាបាល់ទាត់រួចមក។
ដោយការខិតខំព្យាយាម គួបផ្សំជាមួយនឹងទេពកោសល្យពីធម្មជាតិផងនោះ គីមហុង បានវិវត្តន៍ខ្លួនរហូតក្លាយជាកីឡាការិនីអាជីពមួយរូបនៅក្នុងក្លឹបភ្នំពេញក្រោន ព្រមទាំងជាប់ជាកីឡាការិនីក្រុមនារីជម្រើសជាតិកម្ពុជា ដោយមានតួនាទីជាប្រធានក្រុមក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 និងរកបាន៧គ្រាប់ នៅក្នុងជំនួបទីម័រខាងកើត៕
Source: Kampuchea Thmey Daily
0 Comments