សៀមរាប ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សា ដែលបង្កប់សេវាផ្លូវភេទពីរកន្លែង ឃាត់ខ្លួនស្ត្រីថៅកែហាងពីរនាក់ និងរំដោះនារីបម្រើការក្នុងហាងចំនួន៥នាក់។
ហេតុការណ៍នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។
នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនខេត្តសៀមរាប គឺលោកវរសេនីយ៍ឯកជា ហេង បានឲ្យដឹងនៅរសៀលថ្ងៃទី១៨នេះថា ការឃាត់ខ្លួនថៅកែហាងម៉ាស្សាខាងលើ គឺបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវជាក់លាក់ និងរកឃើញវត្ថុតាងបទល្មើស។
លោកបន្តថា ជនសង្ស័យទី១ឈ្មោះទុយ ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ស្រុកកំណើតភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ មុនចាប់ខ្លួនរស់នៅទីតាំងម៉ាស្សា យីហោ999 ភូមិត្រៀកសង្កាត់សៀមរាប។ ទី២ឈ្មោះថៃ នី ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិផ្កាដូង ឃុំក្រូចឆ្មា ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
មុនចាប់ខ្លួនរស់នៅហាងម៉ាស្សាយីហោ7777 ក្នុងភូមិកើតហេតុ។ ជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ។ ចំណែកនារីរងគ្រោះ៥នាក់ ដែលសុទ្ធសឹងជាអនីតិជន បានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចដើម្បីអប់រំកែប្រែ និង ផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបាន។
លោកនាយការិយាល័យ ឲ្យដឹងទៀតថា នៅក្នុងក្រុងសៀមរាប មានហាងម៉ាស្សាចំនួន ៨២កន្លែងភាគច្រើនមិនមានច្បាប់។ ក្នុងនោះមានថៅកែជាជនជាតិវៀតណាម៦កន្លែង គឺគ្មានច្បាប់នោះទេ។ លោកបន្ថែមថា ចំពោះហាងម៉ាស្សាដែលមិនមានច្បាប់ គឺកំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ថាត្រូវមានវិធានការយ៉ាងណា។
លោកបញ្ជាក់ថា ច្បាប់ទីតាំងម៉ាស្សាមិនមែនខាងលោកជាអ្នកធ្វើឲ្យនោះទេ។ តែជាការងាររបស់អាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធ។
ចំណែកមន្ត្រីមន្ទីរសង្គមកិច្ចបានបញ្ជាក់ថា រាល់ជនរងគ្រោះដែលទទួលពីសមត្ថកិច្ច បើពួកគាត់ជាអនីតិជន គឺអាចឲ្យពួកគាត់ចូលរៀនវិញ ប្រសិនបើគាត់ចង់បន្តការសិក្សា។ តែចំពោះអ្នកពេញវ័យគឺអប់រំផ្លូវចិត្ត និង ប្រគល់ឲ្យក្រុមគ្រួសារវិញ។
ប្រភពបញ្ជាក់ថា ស្ត្រីដែលបានទទួលការអប់រំ ពីមន្ទីរសង្គមកិច្ច ភាគច្រើនពេលត្រឡប់ទៅផ្ទះវិញ គាត់តែងតែប្តូរមុខរបរ។ គឺមិនចូលទៅធ្វើការជាអ្នកម៉ាស្សាទៀតទេ។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា ពេលខ្លះពួកគាត់មិនបានឆ្លងកាត់ការអប់រំ ពួកគាត់អាច ធ្វើអ្វីដែលខ្លួនមិនគួរធ្វើ៕
Source: Kampuchea Thmey Daily
0 Comments