ភ្នំពេញ ៖ លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានជំរុញឲ្យមន្ដ្រីសុខាភិបាល គ្រូពេទ្យទូទាំងប្រទេស ត្រូវបន្ដបង្កើនការយកចិត្តទុកដាក់និងពង្រឹងពង្រីកគុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះនៅក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺនិងពិនិត្យសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែក ពញាឮ ខេត្ដកណ្ដាល។
លោករដ្ឋមន្ត្រីបានបន្តថា ការយកចិត្តទុកដាក់ទៅលើសេវាព្យាបាលជំងឺនេះពិតជាមានសារសំខាន់ណាស់ក្នុងការបង្កើននូវភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើសេវារបស់រដ្ឋយើង។
ដូចនេះគ្រូពេទ្យត្រូវគោរពនិងប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឲ្យបានល្អប្រសើរ។
លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង បានបន្ថែមថា គ្រូពេទ្យ មានតួនាទីដ៏សំខាន់បំផុត ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ សុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចនេះយើងត្រូវមានការទំនួលខុសត្រូវខ្ពស់ ទាំងចំណេះ ជំនាញ និងបទពិសោធន៍ ធ្វើអ្វីមួយត្រូវមានការប្រុងប្រយ័ត្នជានិច្ច ពិសេសត្រូវចាត់ទុកថា អ្នកជំងឺ ដូចជាសមាជិកគ្រួសាររបស់យើងមួយរូបផងដែរ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា «បើមានការខ្វះខាតអ្វីមួយ នៅក្នុងអង្គភាពត្រូវចេះអប់រំគ្នានិងជួយលើកទឹកចិត្ដគ្នាទៅវិញទៅមក ដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារបម្រើសេវាព្យាបាលសុខភាពជូនប្រជាពលរដ្ឋរបស់យើង បានយ៉ាងរហ័សទាន់ចិត្ដ និងមានប្រសិទ្ធភាព»។
លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងសុខាភិបាល តែងតែពិនិត្យតាមដានមើលពីការវិវឌ្ឍន៍ ឬការរីកចម្រើន របស់ក្រុមគ្រូពេទ្យទូទាំងប្រទេស ដើម្បីធានាបាននូវការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ពិសេសដើម្បីធ្វើការបំពេញបន្ថែមការខ្វះខាត និងលើកទឹកចិត្ដដល់គ្រូពេទ្យ ឲ្យបំពេញការងារឲ្យបានល្អ ហើយមានការខ្វះខាតបច្ចេកទេស យើងនឹងបើកវគ្គបណ្ដុះបណ្ដាលបន្ថែម និងផ្ដល់សម្ភារៈបរិក្ខារពេទ្យជូនដល់មណ្ឌល ឬមន្ទីរពេទ្យបន្ថែម។
ពាក់ព័ន្ធទៅនឹងការចុះមកពិនិត្យសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកពញាឮនាពេលនេះលោករដ្ឋមន្ដ្រីបន្ដថា បុគ្គលិកនិងគ្រូពេទ្យបានបំពេញការងារបានល្អដោយគ្រូពេទ្យម្នាក់ៗខិតខំពិនិត្យព្យាបាលអ្នកជំងឺបានប្រសើរ ពិសេសអគារព្យាបាលជំងឺមហារីក និងថែទាំទារកទើបនឹងកើតក្រោមជំនួយរបស់ជប៉ុន ដែលបានផ្ដល់សេវាព្យាបាល ថែទាំ និងវះកាត់ ដោយឥតគិតថ្លៃ។
ទោះជាយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានជំរុញឲ្យមន្ត្រីសុខាភិបាលត្រូវបន្ដពង្រឹងមុខវិជ្ជាជីវៈរបស់ គ្រូពេទ្យបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្នពិសេសដើម្បីផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋយើងកាន់តែមានភាពកក់ក្ដៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ព្រោះថា បើតាមស្ថិតិមានប្រជាពលរដ្ឋប្រមាណ ៨៥ភាគរយបានមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក។
ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលលោកសាស្ត្រាចារ្យម៉មប៊ុនហេងបានឲ្យដឹងទៀតថា ក្រសួងបាននឹងកំពុងសាងសង់មន្ទីរពេទ្យ នៅខេត្ដបាត់ដំបង បៃលិន ឧត្ដរមានជ័យ សៀមរាប ត្បូ ងឃ្មុំ និងតាមបណ្ដារាជធានីខេត្ដផ្សេងៗ ដើម្បីថែទាំសុខភាពជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលទៅទទួលសេវានៅមន្ទីរពេទ្យបង្អែកពញាឮសុទ្ធតែបានអះអាងថា ការមកទទួលសេវានៅមន្ទីរពេទ្យនេះគឺមិនគិតថ្លៃអ្វីឡើយហើយគ្រូពេទ្យមានការយកចិត្តទុកដាក់ថែមទៀតផង។
អ្នកស្រី ឆាន សុរិន រស់នៅខេត្ដកំពង់ឆ្នាំង ដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកនេះ បានឲ្យដឹងថា «ខ្ញុំ និងគ្រួសារខ្ញុំ ឲ្យតែឈឺដឹងតែមកព្យាបាលនៅពេទ្យនេះ ដោយអ្នកគ្រូពេទ្យ លោកគ្រូពេទ្យ យកចិត្ដទុកដាក់ និងព្យាបាលដោយអត់អស់លុយទៀត ថ្នាំក៏ពូកែ។ ទោះខ្ញុំអត់លុយ ក៏អ្នកគ្រូពេទ្យយើងមិនទុកចោលដែរ ហើយមានការវះកាត់អី នៅនេះមានគ្រូពេទ្យពីជប៉ុនអ្នកជួយវះកាត់ដោយអត់យកលុយនោះទេ ហេតុនេះហើយឃើញថា ប្រជាពលរដ្ឋយើង មិនថានៅស្រុកខេត្ដហ្នឹង ឬនៅតាមបណ្ដាខេត្ដផ្សេងៗក៏មានព្យាបាលនៅទីនេះដែរ »។
អ្នកស្រីបានបន្តថា «ពួកយើងសប្បាយចិត្ដណាស់ ហើយខ្ញុំសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្ដទុកដាក់លើប្រជាពលរដ្ឋ ដែលបាននាំយកសេវាព្យាបាលល្អៗចឹងមកជូនពួកយើង ហើយយើងខ្ញុំសូមបន្ដឲ្យមានសេវាព្យាបាលនឹងឲ្យមានច្រើនបន្ថែមទៀត»៕
Source: Kampuchea Thmey Daily
0 Comments