ភ្នំពេញ ៖ ការចរចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០១៩នេះ ភាគីសហជីពបានដាក់តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរឆ្នាំ២០១៩ បានបន្ថយតួលេខពី១៩២ដុល្លារមកនៅ១៨៩ដុល្លារខណៈភាគីនិយោជកបានដំឡើងពី១៧៥ដល់១៧៦ដុល្លារ និង រាជរដ្ឋាភិបាលស្នើតួលេខចំនួន១៧៧ដុល្លារ។
ថ្លែងក្រោយកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីជាលើកទី៣កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨នៅទីស្តីការក្រសួងការងារ លោក ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារបានមានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះភាគីសហជីពបានដាក់តួលេខប្រាក់ឈ្នួលកម្មករចំនួន១៨៩ដុល្លារ ភាគីរាជរដ្ឋាភិបាលស្នើចំនួន១៧៧ដុល្លារ និងភាគីនិយោជកបានស្នើត្រឹម១៧៦ដុល្លារប៉ុណ្ណោះ។
លោកបានបន្តថា តួលេខនេះភាគីនីមួយៗមានការខិតជិតរកគ្នាហើយសង្ឃឹមថានឹងអាចស្វែងរកតួលេចរួមគ្នាមួយនឹពេលឆាប់ៗខាងមុខនេះ។
លោក ហេង សួរបានបន្ថែមថា តួលេខទាំងនេះនៅមិនទាន់អាចយកជាការបាននៅឡើយទេដោយក្រុមការងារបច្ចេកទេសត្រីភាគីនឹងត្រូវប្រជុំសម្រេចលើកចុងក្រោយដើម្បីស្វែងរកតួលេខរួមគ្នាមួយហើយអាចទទួលយកបានទាំងអស់គ្នានៅថ្ងៃទី៤ខែតុលាឆ្នាំ២០១៨ខាងមុខបន្ទាប់មកគណៈកម្មកាប្រឹក្សាការងារនឹងបើកកិច្ចប្រជុំពិនិត្យទៅលើសំណើររបស់ត្រីភាគីតែម្តង។
លោកហេង សួរ បានលើកឡើងថា ជាការពិតគោលនយោបាយរបស់រដ្ឋាភិបាលមិនមែនសំដៅតែទៅលើការដំឡើងប្រាក់ឈ្នួលតែមួយមុខនោះទេ ការចរចារប្រាក់ឈ្នួលនេះគឺដើម្បីកាត់បន្ថយការលំបាករបស់កម្មករនិយោជិត ការលើកកម្ពស់សុខុមាលភាពនិងសេវាគាំពាសង្គមសំដៅឲ្យកម្មកនិយោជិតអាចរស់នៅដោយសមរម្យផង។
លោក ហេង សួរ មានប្រសាសន៍ថា «អ្វីជាកង្វល់របស់ភាគីកម្មករនិយោជិតគឺចង់បានថ្លៃទឹក ថ្លៃភ្លើង ធ្វើម៉េចឲ្យមានតម្លៃថោកបន្តទៀតកាន់តែច្រើន ហើយថ្លៃផ្ទះជួលគឺត្រូវមានប្រសិទ្ធភាពហើយសេវាសុខាភិបាលត្រូវពិនិត្យព្យាបាលដល់កម្មករនិយោជិតត្រូវតែជាសេវាមានភាពទន់ភ្លន់ និងគុណភាពដែលអាចទទួលយកបានដល់កម្មកនិយោជិតដោយគ្មានការរើសអើង»។
លោកហេងសួរបានបន្តទៀតថា រីឯភាគីនិយោជកក៏ដូចគ្នា គឺថាមានកំណើនប្រាក់ឈ្នួលប៉ុន្តែក៏ទទួលបានមកវិញនូវអ្វីជាការសម្របសម្រួលពាណិជ្ជកម្ម ការផ្តល់សេវាសាធារណៈពីស្ថាប័នពាក់ព័ន្ធកាន់តែនមានប្រសិទ្ធភាព កាន់តែលឿន ហើយអាចឆ្លើយតបបាននូវអ្វីដែលកាត់បន្ថយថ្លៃដើម ឬមួយប្រសិទ្ធភាពនៃការគ្រប់គ្រងនៃទុនបង្វិលរបស់ខ្លួនកាន់តែល្អផងដែរ។
លោកហេងសួរបានឲ្យដឹងទៀតថា ចំណែកជាសំណូមពររបស់ភាគីនិយោជក គឺធ្វើម៉េចឲ្យមានការសម្របសម្រួលពាណិជ្ជកម្មកាន់តែល្អប្រសើរ ក្នុងនោះទំនិញមានគុណភាព ឯកសារនាំចេញហើយពិនិត្យសេវារបស់កាំកុងត្រូលដែលជាដៃគូជាមួយគយលើច្រកចេញចូល»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា តាមពិតតួលេខ១៧៦ដុល្លារនេះ អាចមានការប្រែប្រួលបន្តទៀតវាអាស្រ័យទៅលើការសម្រេចរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យប្រាក់ឈ្នួលកម្មករឆ្នាំ២០១៩មានតួលេខរួមគ្នា។
ទន្ទឹមនឹងនេះ លោកបានសំណូមពរដល់រាជរដ្ឋាភិបាលមេត្តាជួយបញ្ចុះតម្លៃអគ្គិសនីនិងជួយសម្រួលសម្រួលបញ្ចុះកម្រៃដែលយកដោយកាំកុងត្រូលដើម្បីអាចឲ្យខាងភាគីនិយោជកមានលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករបាន។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅឆ្នាំ២០១៨នេះមានចំនួន១៧០ដុល្លារដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតឡើយ៕
Source: Kampuchea Thmey Daily
0 Comments