កណ្តាល ៖ យុវជនម្នាក់ដោយឥទ្ធិពលគ្រឿងញៀនឡើងដល់កំរិតនិយាយសាមញ្ញគឺបែកថ្នាំ បានយកដុំថ្មដេញគប់ និងយកកាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនចាប់វាយខ្នោះ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១៩ កញ្ញា ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ម្ចាស់ទ្រព្យសម្បត្តិដែលខូចខាតគឺ ទី០១ឈ្មោះឃឹម សុភក្រា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីក្រសួងផែនការ និងទី០២ឈ្មោះសឿន សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជ្រៃរយោងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ រកស៊ីឡានដឹកដី។
ជនសង្ស័យមានឈ្មោះឈុន ធារ៉ា ភេទប្រុសអាយុ២៥ឆ្នាំ ទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
លោកអធិការបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះទី១កំពុងតែលក់ដូរនៅក្នុងផ្ទះរបស់ខ្លួនស្រាប់តែ ជនសង្ស័យបានជិះម៉ូតូមកឈប់នៅជិតទីនោះក្នុងសភាពបែកថ្នាំរួចហើយបានដើរកាន់កាំបិតប៉័ងតោមកបបួលជនរងគ្រោះកាប់គ្នា តែជនរងគ្រោះមិនតបតទេ ក៏ស្រាប់តែជនសង្ស័យ បានយកកាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ហើយបានដើរចេញមកដល់ផ្លូវវិញបានឃើញរថយន្តរបស់ ជនរងគ្រោះទី២ បើកមកដល់ភ្លាម ជនសង្ស័យ បានកាន់កាំបិតឈរកាក់មុខហើយ បានកាប់ទៅលើគំរបម៉ាស៊ីនឡាន០១កាំបិត និងបានយកដុំឥដ្ឋតាន់គប់ បណ្តាលឲ្យរងការខូចខាត បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការឃាត់ ខ្លួនជនល្មើសរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments