ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកនិងប្រជាពលរដ្ឋដែលចូលទៅប្រកបមុខរបរផ្សេងៗនៅក្នុងតំបន់ព្រៃភ្នំកំពុងប្រឈមមុខនឹងជំងឺគ្រុនចាញ់គួរឲ្យព្រួយបារម្ភដោយសារតែពួកគេភាគច្រើនធ្វេសប្រហែស មិនបានសម្រាន្តនៅក្នុងមុងជ្រលក់ថ្នាំឲ្យបានត្រឹមត្រូវបណ្តាលឲ្យមូសដែកគោលញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ខាំ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តព្រះវិហារ លោកស្រី ចឹក ហេងអភិបា លរងខេត្តព្រះវិហារ បានទទួលស្គាល់ថា ជំងឺគ្រុនចាញ់ហាក់មានការហក់ខ្លាំងមួយរយៈចុងក្រោយនេះនៅក្នុងខេត្តព្រះវិហារ ដែលការកើនឡើងនៃជំងឺគ្រុនចាញ់នេះភាគច្រើនទៅលើបងប្អូនចំណាកស្រុកដែលរកស៊ីនៅក្នុងព្រៃ ហើយក៏កើតមានស្ទើរគ្រប់តំបន់នៅក្នុងខេត្តព្រះវិហារ។
លោកស្រីបានបន្តថា «បើយើងមិនបានធ្វើការគិតគូរទេ នៅតាមមណ្ឌលសុខភាព ហើយមិនមានអ្នកស្ម័គ្រចិត្តទេ យើងក៏មិនអាចធ្វើការលុបបំបាត់ជំងឺនេះទៅតាមផែនការយុទ្ធសាស្ត្ររបស់ជាតិដែរ»។
លោកស្រីអភិបាលរងខេត្តបានបន្តទៀតថា «យើងគួរតែពង្រឹងប្រព័ន្ធសុខាភិបាលយើងម្តងទៀត មិនមែនមានន័យថាការងារនេះ យើងមិនបានធ្វើនោះទេ តែយើងត្រូវពង្រឹងជាប្រចាំ នៅសេវាសុខាភិបាលយើងគ្រប់មូលដ្ឋាន ឲ្យទាក់ទងនិងសុខាភិបាល និងអ្នកស្ម័គ្រចិត្តគឺយើងត្រូវធ្វើការពង្រឹងឡើងវិញដែរ ដើម្បីព្យាបាលជំងឺគ្រុនចាញ់របស់បងប្អូន យើងពេលមកដល់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីខេត្តព្រះវិហារស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យអស់នៅឆ្នាំ២០២៥ខាងមុខនេះ។»
ជាមួយគ្នានេះផងដែរ លោកស្រី ចឹក ហេង ក៏បានសំណូមពរដល់មន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់ ផ្គត់ផ្គង់ឱសថសម្ភារៈបរិក្ខារទាក់ទងនឹងជំងឺគ្រុនចាញ់នេះកុំឲ្យដាច់ពិសេសត្រូវធ្វើការផ្សព្វផ្សាយបន្តទាក់ទងនឹងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋបានយល់ដឹងដូចជាត្រូវសម្រាកក្នុងមុងជាប្រចាំ ទាំងអ្នកចូលព្រៃនិងជនចំណាកស្រុកសម្រាប់ជំងឺគ្រុនចាញ់។ រីឯជំងឺគ្រុនឈាមត្រូវណែនាំដល់ប្រជាពលរដ្ឋ ត្រូវធ្វើការសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត ដូចជាសំបកកំប៉ុង សំបកកង់ឡាននិងអ្វីដែលទាក់ទងនិងសំបុកមុសត្រូវសំអាតឲ្យបានស្អាត។
លោកស្រីអភិបាលរងខេត្ត ក៏បានធ្វើការសំណូមពរដល់លោកអភិបាលក្រុងស្រុក ត្រូវធ្វើការផ្សព្វផ្សាយតាមមូលដ្ឋានដើម្បីឲ្យសហគមន៍របស់យើងទទួលនូវយល់ដឹងឲ្យបានទូលំទូលាយថែមទៀតដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនចាញ់និងគ្រុនឈាម។
ទន្ទឹមនឹងនេះ លោកស្រីក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋពេលមានសង្ស័យថា មានឆ្លងជំងឺគ្រុនចាញ់ ឬ គ្រុនក្តៅត្រូវនាំកូនចៅមកមណ្ឌលសុខភាព ដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលានិងកុំធ្វើការព្យាបាលនៅពេទ្យឯកជនតាមភូមិដែលគ្មានច្បាប់និងវិជ្ជាជីវៈត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត គួង ឡូបានសំដែងនូវការរីករាយផងដែរ ដែលប្រទេសកម្ពុជាបានប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅឆ្នាំ២០២៥។ លោកបានបន្តថា បើធៀបនិងប្រទេសជិតខាង គឺយើងធ្វើបានលឿនជាងគេ ដូចជាប្រទេសឡាវ ថៃនិងវៀតណាមគឺគេប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០៣០ឯណោះ។
លោក គួង ឡូ បានបន្តទៀតថា ទាក់ទងនឹងបញ្ហាជំងឺគ្រុនចាញ់ និងវិធីសាស្ត្រដែលយើងត្រូវលុបបំបាត់ជម្ងឺ គឺមន្ទីរសុខាភិបាលខេត្តព្រះវិហារ តែងធ្វើសកម្មភាពនៅគ្រប់ក្រុងស្រុកទាំងអស់ទូទាំងខេត្ត ដូចជា ការចែកមុងគ្រែមុងអង្រឹងជ្រលក់ថ្នាំក៏ដូចជា ការផ្សព្វផ្សាយពីការសម្អាតបរិស្ថានជុំវិញផ្ទះ ក្នុងគោលបំណងបំបាត់សំបុកមូសខ្លាផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត គួង ឡូបានបញ្ជាក់ថា ជំងឺគ្រុនចាញ់នៅតែកើតមានឡើងដដែល ហើយកើតភាគច្រើនទៅលើមនុស្សចាស់។
លោកបានលើកឡើងរបាយការណ៍មកបង្ហាញថា អ្នកដែលកើតជំងឺគ្រុនចាញ់ដោយសារការចូលព្រៃ ដូចជាចូលអាឈើ ចូលដងជ័រ និង ធ្វើស្រែចំការជាដើម ដូច្នេះហើយលោកសូមឲ្យសមាជិកក្រុមការងារពិសេស របស់ខេត្តត្រូវរកវិធីដើម្បីរួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់នេះឲ្យបានជាស្ថាពរ៕
Source: Kampuchea Thmey Daily
0 Comments