ភ្នំពេញ ៖ អតីតតារាចម្រៀងប្រុសរបស់ផលិតកម្មសាន់ដេចូលចិត្តបញ្ចេញក្បាច់រាំប្លែកៗអង្រួនឆាកតន្ត្រីលោក ជុំ លីណូ ស្របពេលដែលទីផ្សាចម្រៀងក្នុងស្រុកនៅតែរក្សាបានប្រជាប្រិយភាពនិងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យនោះ កាលពីថ្មីៗកន្លងមកនេះលោកក៏ក្តាប់បានឱកាសចេញទៅកើបលុយនៅទឹកដីប្រទេសមហាអំណាចសហរដ្ឋអាមេរិកផងដែរ។
បន្ទាប់ពីការវិលត្រឡប់មកពីច្រៀងនិងសម្តែងចែកជូនបងប្អូនអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកបានកម្សាន្តសប្បាយរីករាយហើយនោះ តារាចម្រៀងប្រុសលោក ជុំ លីណូ អំឡុងពេលកំពុងស្នាក់នៅស្រុកខ្មែរនេះដែរ ក៏នៅតែទទួលបានទីផ្សារចេញចម្រៀងនៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីមួយចំនួនដូចដើម។
ទន្ទឹមគ្នាដែលទីផ្សាសិល្បៈកាន់តែទទួលបានការគាំទ្រនិង មានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់នេះដែរតារាចម្រៀងលោក ជុំ លីណូ ថ្មីៗនេះក៏ស្រាប់តែប្រកាសយ៉ាងភ្ញាក់ផ្អើលអំពីគម្រោងនៃការបើកមុខអាជីពថ្មីដែលជាការរួមដៃគ្នាជាមួយតារាប្រុសលោក មាស សាលី បន្ថែមលើការងារច្រៀងនៅតាម ឆាកទូរទស្សន៍និងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុនផលិតផលនានា។
លោក ជុំ លីណូ បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនថាដំណឹងថ្មីៗខ្ញុំបាទ(ជុំ លីណូ)និងលោក មាស សាលី បានបើកឆាកប្រគំតន្ត្រីដើម្បីប្រគំជូនគ្រប់កម្មវិធីមង្គលការ ជប់លៀង ឡើងគេហដ្ឋាន ភូមិគ្រឹះខ្នាតតូច ខ្នាតធំ និងកម្មវិធីសប្បាយៗជាច្រើនទៀតទៅតាមតម្រូវការរបស់លោកអ្នក។ពិសេសជាងនេះក្រុមយើងខ្ញុំមានទទួលធ្វើខនសស៊ឺតសម្រាប់ផ្សព្វផ្សាយផលិតផលឬសេវ៉ាកម្មផ្សេងៗផងដែរ។
តារាចម្រៀងលោក ជុំ លីណូ និយាយទៀតថា កាន់តែពិសេសទៀតនោះបើលោកអ្នកចង់បានតារាល្បីៗជាច្រើនទៀតដើម្បីសម្តែងជូនក្នុងកម្មវិធីសប្បាយៗរបស់លោកអ្នកគឺលោកអ្នកក៏អាចទំនាក់ទំនងមកកាន់ក្រុមតន្ត្រីយើងខ្ញុំបានផងដែរ។រីករាយទទួលស្វាគមន៍លោកអ្នក ២៤ ម៉ោង។សូមកុំភ្លេចណាសប្បាយរីករាយជាមួយក្រុមតន្ត្រី(មាស សាលី+ ជុំ លីណូ)យើងខ្ញុំនឹងបម្រើជូននូវភាពសប្បាយរីករាយ ជូនដល់លោកអ្នកមិនអោយខកបំណងឡើយ។
បន្ថែមពីលើនេះតារាចម្រៀងប្រុសលោក ជុំ លីណូ បានប្រាប់កម្ពុជាថ្មីឲ្យដឹងនារសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៨នេះថាលោកនិងលោក មាស សាលី ពិតជាសហការចូលដើមទុនជាមួយគ្នាដើម្បីបើកអាជីពថ្មីនេះប្រាកដមែនព្រោះយល់ថាបើចាំតែអាជីពចម្រៀងមួយមុខគឺមិនអាចមានចំណូលខ្ពស់ជាងនេះឡើយ។ដូច្នេះជាការស្រឡាញ់និងចង់បង្កើតអាជីពថ្មីខ្លួនឯងទើបសម្រេចគ្នាជាមួយលោក មាស សាលី ម្តងទៅ៕
Source: Kampuchea Thmey Daily
0 Comments