បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ហើយក៏ជាមុខសញ្ញា ដែលទើបនឹងចេញពីពន្ធនាគារផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនដើម្បីបញ្ជូនទៅតុលាការវិញ បន្ទាប់ពីជនសង្ស័យដែលជាប់គុកស្ទើរតែរាប់ភ្លេចនេះ បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវម្ចាស់តាមទាន់។
ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ដើម្បីអោយកម្លាំងពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព អោយបាន។ លុះនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក ឈឿង គឹមសុង នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ស្តីអំពីអំពើចោរកម្មដែលបានកើតឡើងនៅក្នុងមូលដ្ឋាន។
ភ្លាមៗនោះដែរ លោកនាយរង បានដឹកនាំកម្លាំងចុះប្រតិបត្តិការទៅកាន់ចំណុចខាងលើ ព្រមទាំងបាននាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ ស៊ីណាត ហៅពេក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃចំនួន ០៦គ្រឿង នៅក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឈូក សុខឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមការរៀបរាប់ពីជនរងគ្រោះបានបញ្ជាក់ថា ខ្លួនរវល់មានធុរៈគឺនៅមើលថែទាំកូនឈឺ ទើបមិនបានបិទទ្វារផ្ទះ ដោយបានលង់លក់មួយភាំង លុះពេលដឹងខ្លួនឡើងបន្ទាប់ពីឮសំឡេងអ្វីមួយ ទើបប្រទះឃើញចោរដើរចេញពីផ្ទះខ្លួនបម្រុងផ្លោះរបងចេញពៅវិញហើយ ទើបខ្លួនបានរត់ទៅទាញជើងហើយក៏បានស្រែកអោយគេជួយ ទីបំផុតបន្ទាប់ពីជនសង្ស័យរូបនេះមានការតស៊ូ និងតប តមកវិញ ទើបប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃ បណ្តាលអោយបែកមាត់បន្តិចបន្តួច រួចក៏ប្រគល់អោយសមត្ថកិច្ចតែម្តង ។
ដោយឡែកជនសង្ស័យដែលគេស្គាល់ច្បាស់ថា ធ្លាប់ជាប់គុករាប់ភ្លេចទៅហើយនោះបានសារភាពថា រូបគេទើបតែរួចពីពន្ធនាគារ លុះនៅយប់កើតហេតុគេបានជិះម៉ូតូឆ្លងស្ពានថ្មចាស់ យកទៅផ្ញើគេនៅត្រើយខាងកើត រួចក៏ដើរពិនិត្យមើលតាមភូមិសាស្ត្រក៏ឃើញផ្ទះមួយមិនបានបិទទ្វារ គេក៏ផ្លោះរបងចូលទៅប្រមូលទូរស័ព្ទដៃបាន ៦ គ្រឿង ទើបចេញមកវិញ ក៏ត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់តែម្តង។
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យអោយទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី បន្តហើយ ព្រោះក្រយៅមនុស្សដែលធ្លាប់ដេកគុក បើទោះបីជាទើបនឹងរួចពីគុកក៏ដោយ ក៏ត្រូវតែវិលចូលទៅគុកវិញដដែល៕
Source: Kampuchea Thmey Daily
0 Comments