Ad Code

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ចំណែក​២​នាក់​ទៀត ​គេច​ខ្លួន​បាត់​បន្ទាប់ពី​ប្រើ​ដាវ​ប្លន់​ម៉ូតូ



ភ្នំពេញ​ ៖ កម្លាំង​យាមល្បាត​នៅពេល​រាត្រី​របស់​នគរបាល​ប៉ុស្ដិ៍​ឫស្សី​កែវ ដេញតាម​រហូត​បង្ក្រាប​ឃាត់ខ្លួន​បាន​ភ្លាមៗ​ម្នាក់ ខណៈ​២​នាក់​ទៀត កំពុងតែ​រត់​គេច​ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្រើ​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ Scoopy ១​គ្រឿង​ពី​ជនរងគ្រោះ បានសម្រេច​ហើយ​តែ​រត់​មិន​រួច។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង​អធ្រា​ត្រ​ថ្ងៃទី​២៤​ខែកញ្ញា ​ឆ្នាំ​២០១៨ ​នៅ​លើ​កំណាត់​ផ្លូវលំ​មួយកន្លែង ស្ថិត​ក្នុង​ក្រុម​ទី​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។



សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ជេ​ម សីហា​ក់ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​មួយ​កន្លែង ក្នុង​ក្រុមទី​១៩ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ រីឯ​ជនរងគ្រោះ​ឈ្មោះ សុខ សំបូរ អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​លក់​គ្រឿ​ជ័រ ស្នាក់​នៅផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​១០៧ សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ មាន​ជនសង្ស័យ​ចំនួន​៣​នាក់ បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ​មក​គម្រាម​យក​ម៉ូតូ Scoopy របស់​ជនរងគ្រោះ​រហូត​បានសម្រេច​ហើយក៏​ព្យាយាម​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួន ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្រែក​ឆោ​ឡោ​ឲ្យ​គេ​ជួយ ស្រប​ពេល​ដែល​កម្លាំង​របស់ នគរបាល​ប៉ុ​ស្តិ៍​ឫស្សី​កែវ និង​ខណ្ឌ​ឫស្សី​កែវ កំពុង​យាមល្បាត​នៅពេល​រាត្រី បាន​ចេញ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ដោយ​ដេញតាម​ក្របួច​ជនសង្ស័យ​បាន​ម្នាក់ ឯ​២​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាមគ្គី និង​ដកហូត​បាន​ដាវ​ចំនួន​២​ដើម ជាមួយ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​១​គ្រឿង ជា​របស់​ជនរងគ្រោះ និង​១​គ្រឿង​ទៀត​ជា​របស់​ជនសង្ស័យ​។

បច្ចុប្បន្ន​ជនសង្ស័យ​ និង ​វត្ថុ​តាង​ត្រូវ​បាន​នាំ​ខ្លួន​មកកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី ហើយ​បន្ត​ការ​សាកសួរ​ស្រាវជ្រាវ​រក​បក្ខពួក ដែល​នៅ​សេសសល់​ចាប់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu