Ad Code

បាយ័ន​បើក​ប្រកួត​ប្រដាល់​ដណ្តើម​ពាន​អនុស្សាវរីយ៍​ទម្ងន់​៥៧​គ​.​ក្រ



អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​រូប នឹង​ជួបគ្នា​វាយ​ដណ្តើមពាន​អនុស្សាវរីយ៍​បាយ័ន សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំង​៤​រូបនោះ រួមមាន ង៉ែត វុ​ធ មកពី​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ , អ៊ូច ធា​រិ​ទ្ធ មកពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ , ឈៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង អេ រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា។

ពួកគេ​ទាំង​៤​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍​ទី​០៨​កញ្ញា​២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​ការប្រកួត​ប្រព្រឹត្ត​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ជ្រុះ​ធ្លាក់ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើង​ខ្លាំង​ម្ចាស់​ពាន​ក្នុងពេល​តែមួយ។

ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ។​

គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើកដំបូង​(​ដំណាក់កាល​ទី​១) ង៉ែត វុ​ធ នឹងត្រូវ​ជួប​ជាមួយ​អ៊ូច ធា​រិ​ទ្ធ ហើយ​សៀវ ង៉ុ​យ ជួប​ជាមួយ​អេ រដ្ឋា។

រវាង​អ្នក​ប្រដាល់​ង៉ែត វុ​ធ​និង​អ៊ូច ធា​រិ​ទ្ធ​នេះ ពួកគេ​មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក​។​២​នាក់​នេះ ពិបាក​ទស្សន៍ទាយ​ណាស់​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ សម្រាប់​ការជួបគ្នា​លើក​នេះ ព្រោះថា​អ៊ូច ធា​រិ​ទ្ធ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្តី តែ​គេ​វាយ​ល្អ​និង​ខ្លាំង ចិត្ត​ក៏​ធំ ហើយ​ធ្លាប់​ឈ្នះ​សៀវ​ង៉ុ​យ​ជើង​ខ្លាំង​ជើងចាស់​ថែមទៀត ។​រីឯ ង៉ែត វុ​ធ គេ​ក៏​វាយ​ខ្លាំង​ដែរ​ហើយ​មានចិត្ត​ប្រដាល់​ធំ ស៊ូ​ការប្រកួត​។​និយាយ​រួម ពីរ​នាក់​នេះ​ពិបាក​សន្និដ្ឋាន​មុន​ថា​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ណាស់ ។​

ចំពោះ សៀវ ង៉ុ​យ និង អេ រដ្ឋា វិញ ពួកគេ​ទាំងពីរ​ក៏​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ដែរ​ពីមុនមក ។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ សៀវ ង៉ុ​យ ទំនងជា​អាច​ឈ្នះ​អេ រដ្ឋា ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ ។​

ទោះជា​យ៉ាងណា ក្នុងចំណោម​ពួកគេ​៤​នាក់​នេះ គេ​បានកត់សម្គាល់​ឃើញថា សៀវ ង៉ុ​យ​និង អ៊ូច ធា​រិ​ទ្ធ គេ​មាន​ថ្វីដៃ​ល្អ ទាំង​បទពិសោធន៍ ទាំង​ក្បាច់គុន ទាំង​កម្លាំង​ស៊ុ​ហ្វ ដែល​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ។ តែ​យ៉ាងណាក៏ដោយ គេ​មិនអាច​ទាយ​មុន​បាន​ថា ការប្រកួត​ដណ្តើមពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម​នេះ មិនដឹងថា​ធ្លាក់​ទៅលើ​នរណា​នោះទេ ។​

ចំពោះ​ការប្រកួត​គូ​ឯក​វិញ​នោះ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

ពីរ​នាក់​នេះ ពុំ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​ទេ​កន្លងមក ។ ប៉ុន្តែ​យ៉ាងណា រវាង​ពួកគេ​ទាំងពីរ នាក់​នេះ លិញ ភារ​ម្យ គេ​វាយ​ខ្លាំង​ជាង​ចាន់ វ៉ា​រិ​ទ្ធ តែ​មិន​ច្បាស់​ថា​ភារ​ម្យ ឈ្នះ​វ៉ា​រិ​ទ្ធ​នោះឡើយ​។​ការប្រកួត​ចុងក្រោយ​របស់​លិញ ភារ​ម្យ គឺ​វាយ​ឈ្នះ​កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ (២៥​សីហា​២០១៨) ឯ ចាន់ វ៉ា​រិ​ទ្ធ គេ​ប្រកួត​លើកចុងក្រោយ វាយ​ឈ្នះ​ជើងចាស់​សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១៩​សីហា​២០១៨ ។​ចាំមើល តើន​រណា​ឈ្នះ​រវាង​លិញ ភារ​ម្យ និង ចាន់ វ៉ា​រិ​ទ្ធ​ជួបគ្នា​លើកដំបូង​នេះ៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu