Ad Code

សម័យប្រជុំ​សភា​លើកដំបូង នីតិកាល​ទី​៦ ចាប់ផ្តើម​ហើយ​នា​ព្រឹក​នេះ



ភ្នំពេញ​ ៖​ តាម​ការ​គ្រោងទុក នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សម័យប្រជុំ​លើកដំបូង និង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ បានចាប់ផ្តើម​ហើយ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ សម្តេច​ក្រឡាហោម ស ខេង តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​នៃ​បណ្តា​ប្រទេស​នានា​ប្រចាំ​កម្ពុជា ចូលរួម​ផងដែរ​។​

ចំណែក​ព្រះរាជ​កម្មវិធី ចេញ​ដោយ​ព្រះបរមរាជវាំង​បង្ហាញថា នៅ​ម៉ោង​៧ និង​៣០​ព្រឹក ថ្ងៃទី​៥ ខែកញ្ញា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាល​ទី​៦ អញ្ជើញ​ដល់​។ បន្ទាប់មក​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ អញ្ជើញ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ដល់ ហើយ​នៅ​ម៉ោង​៨ និង​៣០ ទើប​ព្រះករុណា ព្រះមហាក្សត្រ យាង​ដល់​វិមាន​រដ្ឋសភា​។ បន្ទាប់មក​ព្រះករុណា​ជា​អម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​ថ្វាយ​គ្រឿង​សក្ការបូជា ព្រះ​បរម​រូប ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង​ព្រះ​ពុទ្ធរូប​នៅ​ខាងក្នុង​វិមាន​រដ្ឋសភា មុនពេល​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​គង់ប្រថាប់​លើ​ព្រះទីនាំង​កៅអី នៅ​ខាងក្នុង​សាលប្រជុំ​វិមាន​រដ្ឋសភា​។​

ព្រះរាជ​កម្មវិធី​បង្ហាញ​ដែរ​ថា នៅពេល​ចាប់ផ្តើម​កម្មវិធី​ដំបូង គឺ​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់មក សម្តេច​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ព្រះ​បរម​រាជានុញ្ញាត​យាង​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ព្រះរាជ​សុន្ទរកថា​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ព្រះរាជ​សុន្ទរកថា ទៅកាន់​សម័យប្រជុំ​ដំបូង​រដ្ឋសភា នីតិកាល​ទី​៦​។
ការគោរព​ទង់ជាតិ​បិទ​កម្មវិធី​។ បន្ទាប់មក ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​គង់ប្រថាប់​នៅក្នុង​បន្ទប់​រង់ចាំ (​ប្រមាណ​១៥​នាទី​)​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ការថតរូប​អនុស្សាវរីយ៍​ជាមួយ​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នៅខាងមុខ​ក្លោងទ្វារ​វិមាន​រដ្ឋសភា​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ស្តេចយាង​និវត្ត​។​


ចំណែក​រដ្ឋសភា ក៏បាន​ផ្សព្វផ្សាយ​នូវ​កម្មវិធី​សម័យប្រជុំ​ដំបូង និង​សម័យ​រដ្ឋសភា​លើក​ទី​១ នីតិ​កា ល​ទី​៦ នៅ​វិមាន​រដ្ឋសភា​នា​ថ្ងៃ​ពុធ ទី​០៥-០៦ ខែកញ្ញា ដោយ​ក្រោយ​ព្រះករុណា ព្រះមហាក្សត្រ ទ្រង់​យាង​និវត្តន៍​ទៅកាន់​ព្រះបរមរាជវាំង​វិញ គឺ​រដ្ឋសភា​ចាប់ផ្តើម​សម័យប្រជុំ លើក​ទី​១ ដោយ​ក្នុងនោះ ចាប់ផ្តើម​ដំបូង​លោក ឡេង ប៉េងឡុង ប្រកា​សហេតុ ។ បន្ទាប់មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ដោយមាន​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ចំនួន​៥ រូប ដែលមាន​អាយុ​តិចជាងគេ ជា​លេខាធិការ ដើម្បី​ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។​

តាម​កម្មវិធី​របស់រ​ដ្ឋ​សភា​មាន​របៀបវារៈ​ចំនួន​២ ដែល​រដ្ឋសភា​ប្រជុំ​លើក​ទី​១ ក្រោម​អធិបតីភាព​ព្រឹទ្ធសមាជិក​រដ្ឋសភា​រួមមាន ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នីតិកាល​ទី​៦​។ ដោយឡែក នៅពេល​រសៀល​ថ្ងៃទី​៥ ខែកញ្ញា រដ្ឋសភា​បានប្រកាសថា នៅ​ម៉ោង​២ និង​៣០ រសៀល សម្តេច ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ អញ្ជើញ​មកជួប​ជុំគ្នា នៅ​វិមាន​រដ្ឋសភា ប្រើ​រថយន្ត​រួមគ្នា ដែល​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​រៀបចំ​ជូន​ធ្វើដំណើរ​ទៅ​ព្រះបរមរាជវាំង ធ្វើ​សច្ចាប្រណិធាន (​លើកលែង​សម្តេច ឯកឧត្តម លោកជំទាវ មួយចំនួន ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​)​។​

ចំណែក​នៅ​ថ្ងៃទី​៦ ខែកញ្ញា រដ្ឋសភា បានប្រកាស​ពី​កម្មវិធី​នៃ​សម័យប្រជុំ​លើក​ទី​១​បន្ត ដោយ​អង្គប្រជុំ​រដ្ឋសភា នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​និង​មាន​លេខាធិការ​៥​រូប ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា ។ ក្រោយមក​ចាប់ផ្តើម​របៀបវារៈ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន នៃ​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់ នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត ចំពោះ​រាជរដ្ឋាភិបាល​។ ភារកិច្ច​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា និង​លេខាធិការ​៥​រូប​ត្រូវ​បានបញ្ចប់​។ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​អញ្ជើញ​អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​មកកាន់​អាសនៈ​។ សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ក្នុងឱកាស​ទទួល​តំណែង​ជា​ប្រធានរដ្ឋសភា នីតិកាល​ទី​៦​។ ក្រោយមក​ប្រធានរដ្ឋសភា​អញ្ជើញសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានមតិ​ក្នុងឱកាស​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu