Ad Code

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រកាស​តែងតាំង​មេទ័ព​កំពូល​៣​រូប ឲ្យ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​



ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ដំឡើង​ឋានន្តរស័ក្តិ និង​តែងតាំង​មុខតំណែង​ដល់​មេទ័ព​កំពូល​ថ្មី​ចំនួន​៣​រូប ដែល​ការប្រកាស​តែងតាំង​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ដោយមាន​ការផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​០៦ ផងដែរ​។



មេទ័ព​កំពូល​ទាំង​៣​រូប​នោះ​រួមមាន នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការ​រង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ត្រូវ​បាន​តែងតាំង​ជា អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។

មុន​ការតែងតាំង​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន គឺ​មេបញ្ជាការ​រង និង​ជា នាយសេនាធិការ កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ មុន​ការតែងតាំង​នេះ លោក​គឺជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មុន​ការតែងតាំង​នេះ លោក​គឺជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​។



សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​តែងតាំង និង​ដំឡើង​ឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៣​រូប តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង និង​ដំឡើង​ឋានន្ដរស័ក្ដិ នាយទាហាន​៣​រូប គឺ​ទី​១, តែងតាំង និង​ដំឡើង​ឋានន្ដរស័ក្ដិ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ដំឡើង​ឋានន្តរស័ក្ដិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនី​យ៍ ទី​២, នាយ​ឧ​ត្ត​ម​សេនី​យ៍ ឥត សារ៉ាត់ ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង​ទី​៣, លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែត ធ្វើជា​មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu