កាលពីថ្ងៃចន្ទ ទន្លេបានគំរាមបង្កជាទឹកជំនន់បន្ថែមទៀតនៅលើឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិក ដែលរងការវាយប្រហារដោយខ្យល់ព្យុះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា Florence កើនដល់៣១នាក់។
លោក Roy Cooper អភិបាលរដ្ឋ North Carolina បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ការជន់លិចតាមដងទន្លេគឺមានលក្ខណៈធំធេងហើយវាកំពុងកើតឡើងនៅទូទាំងរដ្ឋរបស់យើង”។
លោក Cooper បានថ្លែងថា “នេះគឺជាព្យុះភ្លៀងដ៏សាហាវដែលកំពុងបន្ត។ នេះគឺជាមហន្តរាយដ៏មហិមាសម្រាប់រដ្ឋរបស់យើង”។
ទន្លេជាច្រើននៅទូទាំងរដ្ឋ North Carolina បានបង្កទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃចន្ទឬគំរាមកើនឡើងដល់កម្រិតធ្ងន់ធ្ងរ។
ទីក្រុង Wilmington នៅលើច្រាំងទន្លេ Cape Fear ក្នុងរដ្ឋ North Carolina ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងប៉ុន្តែក្រុមការងារគ្រប់គ្រងគ្រាអាសន្នបានបញ្ជូនចំណីអាហារនិងទឹកនៅពេលយប់ទៅកាន់ទីក្រុងកំពង់ផែដែលមានប្រជាជន១២០,០០០នាក់មួយនេះ។
មន្ត្រីនាយកដ្ឋានសង្គ្រោះបន្ទាន់នៅរដ្ឋ North Carolina បាននិយាយថា រថយន្តដឹកអាហារចំនួន ២៣គ្រឿងហើយទឹកផឹកជាច្រើនយួរត្រូវបានបញ្ជូនទៅកាន់ទីក្រុង Wilmington ។
មនុស្សជាង៣០០នាក់បានបន្តស្នាក់នៅក្នុងជំរកនៅឯបរិវេណសាកលវិទ្យាល័យ North Carolina ក្នុងទីក្រុង Raleigh ដែលជាកន្លែងគេចផុតពីព្យុះនេះ។
យោងតាមមន្ត្រីគ្រាអាសន្នបានឲ្យដឹងថា អតិថិជនប្រមាណពាក់កណ្តាលលាននាក់ក្នុងរដ្ឋ Carolina ទាំងពីរនៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់កាលពីថ្ងៃចន្ទ។
សេវាអាកាសធាតុជាតិបាននិយាយថា មានហានិភ័យខ្ពស់សម្រាប់ការបាក់ដីនៅក្នុងរដ្ឋ North Carolina។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា មានការធ្លាយទំនប់តូចមួយប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាតណាមួយទេហើយពួកគេកំពុងត្រួតពិនិត្យមើលរចនាសម្ព័ន្ធផ្សេងៗទៀត៕ AFP
Source: Kampuchea Thmey Daily
0 Comments