អ្នកជំនាញរូងភ្នំជនជាតិអង់គ្លេសម្នាក់ ដែលបានជួយសង្គ្រោះកុមារយ៉ាងតិច១២នាក់ ដែលជាប់នៅក្នុងប្រទេសថៃកាលពីដើមឆ្នាំនេះ បានប្តឹងស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃចន្ទសម្រាប់ការហៅគាត់ថាជា “ជនល្មើស” និងជា “អ្នករំលោភកុមារ”។
សំណុំរឿងបរិហារកេរ្តិ៍នេះដែលត្រូវបានដាក់នៅទីក្រុង Los Angeles ដោយលោក Vernon Unsworth ដែលជាជនជាតិអង់គ្លេសម្នាក់ជាប់ពាក់ព័ន្ធនឹងការជួយសង្គ្រោះក្នុងរូងភ្នំជាច្រើនលើកបានកើតឡើងក្រោយពីមានជម្លោះជាសាធារណៈរវាងអ្នកទាំងពីរបន្ទាប់ពីលោក Musk បានធ្វើដំណើរទៅប្រទេសថៃហើយបានស្នើសុំជួយក្នុងការជួយសង្គ្រោះ។
ជម្លោះនេះបាននាំឲ្យមានការផ្តោតការយកចិត្តទុកដាក់នៅក្នុងខែកក្កដានៅពេលដែលលោក Unsworth ហៅកិច្ចខិតខំប្រឹងប្រែងរបស់លោក Musk ក្នុងការសាងសង់នាវាមុជទឹកតូចមួយសម្រាប់ជួយសង្គ្រោះថា “បំភាន់ភ្នែកសាធារណជន” ហើយលោក Musk បានឆ្លើយតបតាម Twitter វិញដោយហៅលោក Unsworth ថាជា “អ្នករំលោភកុមារ”។
លោក Musk ដែលជាសហគ្រិនបច្ចេកវិទ្យាម្នាក់ដែលក៏បានបង្កើតក្រុមហ៊ុនអវកាស SpaceX ផងដែរនោះបានធ្វើការសុំទោសនៅថ្ងៃប៉ុន្មានក្រោយប៉ុន្តែមិនមែនមុនពេលការអត្ថាធិប្បាយរបស់គាត់ត្រូវបានគេថ្កោលទោសយ៉ាងទូលំទូលាយនោះទេដែលជាហេតុបង្កើនការព្រួយបារម្ភលើសមត្ថភាពដឹកនាំរបស់គាត់។
ប៉ុន្តែគាត់បានបញ្ឆេះជម្លោះឡើងវិញកាលពីខែសីហាជាមួយនឹងអ៊ីម៉ែលមួយទៅកាន់សារព័ត៌មាន BuzzFeed News ដោយចោទប្រកាន់លោក Unsworth ថាជា “អ្នករំលោភបំពានលើកុមារ” ដោយបានរៀបការជាមួយកុមារីអាយុ១២ឆ្នាំម្នាក់និងបានចូលរួមក្នុងការជួញដូរផ្លូវភេទកុមារ។
យោងតាមពាក្យបណ្តឹងនេះបានបង្ហាញថា ជំនួសឲ្យការសុំទោសចំពោះការលើកឡើងរបស់គាត់, លោក Musk បានឆ្លើយតបដោយសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា “ខ្ញុំសង្ឃឹមថា គាត់ប្តឹងខ្ញុំ”។
យោងតាមពាក្យបណ្តឹងនេះបាននិយាយថា លោក Unsworth បានស្វែងរកការតបស្នងសម្រាប់កេរ្តិ៍ឈ្មោះរបស់គាត់ដែលត្រូវបានគេធ្វើឲ្យខូចទូទាំងពិភពលោក។
យោងតាមមេធាវីរបស់លោក Unsworth ឈ្មោះ L. Lin Wood បាននិយាយថា ពាក្យបណ្តឹងនេះក៏ទាមទារការបង្គាប់បញ្ជាមួយឲ្យរារាំងលោក Musk មិនឲ្យនិយាយបង្កាច់បង្ខូចបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា លោក Unsworth ដែលបានចំណាយពេលខ្លះរស់នៅក្នុងប្រទេសថៃបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ធំរយៈពេល១៨ថ្ងៃដើម្បីជួយសង្គ្រោះក្មេងប្រុសនិងគ្រូបង្វឹករបស់ពួកគេនៅក្នុងបេសកកម្មមួយដែលបានបញ្ចប់នៅថ្ងៃទី១០ខែកក្កដានៅពេលដែលសមាជិកប្រាំនាក់ចុងក្រោយត្រូវបាននាំចេញ៕ AFP
Source: Kampuchea Thmey Daily
0 Comments