Ad Code

ហ្វីលីពីន​ស្វែងរក​ជនរងគ្រោះ​ដោយ​ការបាក់​ដី​ទាំងអស់​សង្ឃឹម​ ខណៈ​អ្នកស្លាប់​កើនឡើង



អ្នក​ជួយសង្គ្រោះ​ហ្វីលីពីន​រាប់រយ​នាក់​បាន​ប្រើប្រាស់​ប៉ែល​និង​ដៃទទេ​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ស្វែងរក​តាម​ការបាក់​ដី​ដ៏​ធំ​មួយ​ដែលជា​កន្លែង​មនុស្ស​រាប់សិប​នាក់​ត្រូវគេ​ព្រួយបារម្ភ​ថា​បាន​ស្លាប់​នៅក្នុង​តំបន់​ដែល​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ដោយ​ព្យុះ​ទី​ហ្វុ​ង Mangkhut ខណៈ​អ្នកស្លាប់​ដោយសារ​ព្យុះ​នេះ​កើន​ដល់​៧៤​នាក់​។​

ព្យុះ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​សម្រាប់​ឆ្នាំ​២០១៨​នេះ​បាន​កម្ទេច​ផ្ទះ​និង​ជន់​លិច​តំបន់កសិកម្ម​សំខាន់ៗ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​មុនពេល​វាយប្រហារ​ទីក្រុង​ហុងកុង​និង​ភាគខាងត្បូង​ប្រទេស​ចិន​ជាមួយ​ខ្យល់​បក់​ដ៏​សាហាវ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​។​

យោងតាម​ប៉ូលិស​បាន​ឲ្យ​ដឹងថា ព្យុះ​ទី​ហ្វុ​ង​នេះ​បានសម្លាប់​មនុស្ស​ចំនួន​៤​នាក់​នៅក្នុង​ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន​ហើយ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​៧៤​នាក់​នៅ​កោះ Luzon ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​ខណៈ​ចំនួន​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ទៀត​។​

មនុស្ស​យ៉ាងតិច​៤០​នាក់​នៅតែ​ត្រូវបាន​គេ​គិតថា​បាន​កប់​នៅក្នុង​ដី​បា​ក់នៅ​ទីក្រុង Itogon ។​
​មន្ត្រីជាន់ខ្ពស់​មូលដ្ឋាន​លោក Victorio Palangdan បាន​ប្រាប់ AFP ថា “​សឹងតែ​៩៩​ភាគរយ​ទៅហើយ​ដែល​ពួកគេ​អាច​នឹង​ស្លាប់​ប៉ុន្តែ​នៅមាន​ឱកាស​រស់​ត្រឹមតែ​១​ភាគរយ​ប៉ុណ្ណោះ​”​។ គាត់​និយាយថា “​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​នឹង​បន្ត​រហូតដល់​ប្រធានាធិបតី​បញ្ជា​ឲ្យ​យើង​ឈប់​”​។​

ដោយសារតែ​ផ្លូវថ្នល់​រអិល អាជ្ញាធរ​មិនអាច​នាំយក​ឧបករណ៍​ធុន​ធ្ងន់​ចូលទៅក្នុង​តំបន់​នេះ​ដើម្បី​ព​ន្លឿ​ន​ការស្វែងរក​នោះទេ​។ ជា​លទ្ធផល ពួកគេ​បាន​ប្រើ​មនុស្ស​ដើម្បី​ទាញយក​កម្ទេចកម្ទី​។​
​ជនរងគ្រោះ​ស្ទើរតែ​ទាំងអស់​នៃ​ព្យុះ​នេះ​គឺ​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាក់​ដី​ជាច្រើន​កន្លែង​ដែល​បាន​កើតឡើង​នៅតាម​បណ្តោយ​ជួរ​ភ្នំ Cordillera ដែលជា​តំបន់​រុករក​រ៉ែ​មាស​ដ៏​សំខាន់​មួយ​។​

ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវបាន​កប់​នៅ​ទីក្រុង Itogon គឺជា​កម្មករ​អណ្តូងរ៉ែ​មាស​ខ្នាតតូច​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​បាន​ជ្រកកោន​នៅក្នុង​អគារ​ដែល​ត្រូវបាន​បោះបង់ចោល​ដោយ​ក្រុមហ៊ុន​រ៉ែ​ដ៏​ធំ​មួយ​។​

ប្រទេស​ហ្វីលីពីន​មានកំណត់​ត្រា​រុករក​រ៉ែ​មិនល្អ​ទេ​ដោយ​ការបាក់​រូងភ្នំ​និង​ការបាក់​ដី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ជា​ទៀងទាត់​បាន​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu