Ad Code

សហរដ្ឋអាមេរិក​កាត់បន្ថយ​ការទទួលយក​ជនភៀសខ្លួន​មក​ត្រឹម​៣០,០០០​នាក់​សម្រាប់​ឆ្នាំ​២០១៩



កាលពី​ថ្ងៃ​ចន្ទ រដ្ឋបាល​លោក Trump បាន​កាត់បន្ថយ​ការទទួលយក​ជនភៀសខ្លួន​ប្រចាំឆ្នាំ​របស់ខ្លួន​សម្រាប់​ឆ្នាំ​ទី​ពីរ​ជាប់​គ្នា​ដោយ​និយាយថា ខ្លួន​នឹង​ទទួលយក​អតិបរមា​ត្រឹមតែ​៣០,០០០​នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំសារពើពន្ធ​ខាងមុខនេះ​។​

ចំនួន​នេះ​បាន​ធ្លាក់ចុះ​ពី​ការកំណត់​៤៥,០០០​នាក់​ក្នុងឆ្នាំនេះ​ដែល​បញ្ចប់​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​។​
​វា​ជា​ចំនួន​ទាប​បំផុត​សម្រាប់​កម្មវិធី​ជនភៀសខ្លួន​របស់​ក្រសួងការបរទេស​អាមេរិក​ចាប់តាំងពី​វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨០​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo បាន​និយាយថា “​គោលនយោបាយ​ជនភៀសខ្លួន​ដែលមាន​ភាពប្រសើរឡើង​នៃ​រដ្ឋបាល​នេះ​បាន​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ​របស់​សហរដ្ឋអាមេរិក​និង​ពង្រីក​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​នៅ​ទូទាំង​ពិភពលោក​។ យើង​គឺជា​និង​បន្ត​ជា​ប្រជាជាតិ​ដែលមាន​ចិ​ត្ដ​ទូលាយ​បំផុត​នៅក្នុង​ពិភពលោក​”​។​

កម្រិត​ថ្មី​នេះ​គឺ​តិចជាង​មួយ​ភាគ​បួន​នៃ​ការកំណត់​ចំនួន​១១០,០០០​នាក់​ដែល​ត្រូវបាន​កំណត់ដោយ​អតីត​ប្រធានាធិបតី Barack Obama សម្រាប់​ឆ្នាំសារពើពន្ធ​២០១៧​។​
​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ជាទូទៅ​របស់លោក​ប្រធានាធិបតី Donald Trump លើ​ការធ្វើ​អន្តោប្រវេសន៍​។​

លោក Pompeo បាន​និយាយថា បន្ទុក​នៃ​សំណើសុំ​សិទ្ធិ​ជ្រកកោន​រាប់សែន​អ្នក​ដែល​ភាគច្រើន​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក​កណ្តាល​គឺជា​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​លើ​ការិយាធិបតេយ្យ​ដែល​កំពុង​វាយតម្លៃ​ពាក្យសុំ​។ លោក​ក៏បាន​និយាយ​ផងដែរ​ថា រដ្ឋាភិបាល​ត្រូវតែ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ចំពោះ​ការទទួលយក​ការគំរាមកំហែង​ព្រហ្មទណ្ឌ​និង​ភេរវកម្ម​។​

លោក​បាន​និយាយថា “​នៅ​ឆ្នាំនេះ យើង​បានឃើញ​ភស្តុតាង​រួចទៅហើយ​ដែលថា ប្រព័ន្ធ​នេះ​ពីមុន​គឺមាន​បញ្ហា​។ វា​អនុញ្ញាត​ឲ្យ​ជនបរទេស​ជ្រៀតចូល​ដែល​ត្រូវបាន​គេ​រកឃើញ​នាពេល​ក្រោយ​ថា​ជា​សមាជិក​នៃ​ក្រុម ISIS ក៏ដូចជា​បុគ្គល​ដទៃទៀត​ដែលមាន​ប្រវត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ផងដែរ​”​។​

យោងតាម​តួលេខ​របស់​ក្រសួងការបរទេស​បាន​បង្ហាញថា រហូតដល់​ថ្ងៃទី​១៤​ខែកញ្ញា​ដែលមាន​រយៈពេល​ពី​រស​ប្តា​ហ៍​មុនពេល​បញ្ចប់​ឆ្នាំសារពើពន្ធ​២០១៨ ប្រទេស​នេះ​បាន​ទទួលយក​ជនភៀសខ្លួន​ត្រឹមតែ​២០,៨២៥​នាក់​ប៉ុណ្ណោះ​ដែល​តិចជាង​ពាក់កណ្តាល​នៃ​កូតា​ឆ្នាំនេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu