ក្រុងមូស្គូបាននិយាយកាលពីថ្ងៃចន្ទថា នឹងមិនមានការវាយប្រហារណាមួយទេលើខេត្ត Idlib របស់ប្រទេសស៊ីរី ខណៈមេដឹកនាំរុស្ស៊ីនិងទួរគីបានព្រមព្រៀងគ្នាបង្កើតតំបន់គ្មានយោធាមួយនៅជុំវិញខេត្តដែលគ្រប់គ្រងដោយពួកឧទ្ទាមស៊ីរីមួយនេះ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីលោក Recep Tayyip Erdogan បានជួបប្រជុំគ្នាអស់រយៈពេលជាង៤ម៉ោងនៅរមណីយដ្ឋានសមុទ្រខ្មៅ Sochi របស់ប្រទេសរុស្ស៊ីដើម្បីកំណត់ជោគវាសនារបស់ខេត្ត Idlib ដែលមានប្រជាជនចំនួន៣លាននាក់។
លោក Erdogan បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាថា “យើងនឹងរារាំងសោកនាដកម្មមនុស្សធម៌មួយដែលអាចកើតមានឡើងដោយសារតែសកម្មភាពយោធា”។
លោក Putin បាននិយាយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបង្កើតតំបន់គ្មានយោធាមួយដែលមានប្រវែង១៥ទៅ២០គីឡូម៉ែត្រនៅតាមបណ្ដោយខ្សែទំនាក់ទំនងរវាងក្រុមឧទ្ទាមនិងកងទ័ពរបបនៅថ្ងៃទី១៥ខែតុលា។
លោកបានបន្ថែមថា ការធ្វើបែបនេះនឹងតម្រូវឲ្យមានការដកយុទ្ធជនរ៉ាឌីកាល់ទាំងអស់ចេញពីខេត្ត Idlib រួមទាំងរណសិរ្ស Al-Nusra ផងដែរ។
មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមថា លោកនិងលោក Erdogan ក៏បានឯកភាពផងដែរលើការដកអាវុធធុនធ្ងន់ចេញពីតំបន់នេះរួមទាំងរថក្រោះ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតនិងជើងទម្ររ៉ុក្កែតដែលជាកម្មសិទ្ធិរបស់ក្រុមប្រដាប់អាវុធទាំងអស់ផងដែរ។
លោក Putin បាននិយាយថា តំបន់គ្មានយោធានឹងត្រូវបានធានាដោយមានការជួយពីក្រុមល្បាតចល័តរបស់កងយោធាទួរគីនិងក្រុមកងកម្លាំងយោធារុស្ស៊ី។ លោកបានបន្ថែមថា នៅចុងឆ្នាំនេះ ផ្លូវដឹកជញ្ជូនរវាងកំពង់ផែ Latakia និង Aleppo ព្រមទាំង Latakia និងទីក្រុងសំខាន់ Hama ត្រូវតែស្ដារឡើងវិញ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា កិច្ចព្រមព្រៀងរវាងលោក Putin និងលោក Erdogan មានន័យថា គ្មានសកម្មភាពយោធាណាមួយត្រូវបានធ្វើឡើងនៅខេត្ត Idlib ទេ។
គួរបញ្ជាក់ថា លោក Erdogan និងលោក Putin ធ្លាប់បានជួបគ្នាកាលពីថ្ងៃទី៧ខែកញ្ញានៅទីក្រុងតេរ៉ង់សម្រាប់កិច្ចប្រជុំកំពូលបីភាគីជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani៕ AFP
Source: Kampuchea Thmey Daily
0 Comments