Ad Code

លោក​លី ឆេង អគ្គនាយក​ប៊ែ​ល​ធី គ្រុប​ ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ប៊ែ​ល​ធី ៤២​នាក់ ដែល​ប្រឡង​ជាប់​និទ្ទេស A



ភ្នំពេញ ​៖ ​លោក លី ឆេង អគ្គនាយក​ប៊ែ​ល​ធី និង​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ប៊ែ​ល​ធី មានប្រសាសន៍ថា ៖ “​គ្មាន​ក្តីសប្បាយ​ណា សប្បាយ​ដូច​ជោគជ័យ​ដែល​បានមកពី​សមត្ថភាព​របស់​ខ្លួនឯង​"។

លោក​លើកឡើង​បែបនេះ ក្នុង​ឱកាស​ដែល​លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្មួយៗ​សិស្ស​ប៊ែ​ល​ធី និទ្ទេស A ទាំង ៤២​រូប កាលពី​ថ្ងៃទី​១៨ ខែ កញ្ញា ឆ្នាំ​២០១៨ ដែល​សិស្ស​ទាំង​នោះ​ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា ២០១៧-២០១៨​។​

ពិធី​នោះ​ក៏មាន​ការ អបអរសាទរ​ចំពោះ​សិស្ស​ប៊ែ​ល​ធី ប៉េង គីមហេង ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ទូទាំងប្រទេស លំដាប់​ពិន្ទុ ៩៩.៩៩៩ និង​សិស្ស​ប៊ែ​ល​ធី ៤១​នាក់​ផ្សេងទៀត ដែល​ទទួលបាន​និទ្ទេស A ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០១៨ ។​

ក្នុងឱ​កាស​ជួប​សំណេះសំណាល​ជាមួយ​ក្មួយៗ សិស្ស​ប៊ែ​ល​ធី និទ្ទេស A ទាំង ៤២​រូប ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា ២០១៧-២០១៨ នោះ​លោក លី ឆេង បាន​ថ្លែង​លើកទឹកចិត្ត​ក្មួយៗ​ទាំងអស់ និង​ណែនាំ​ឲ្យ​សិស្ស​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បន្ថែមទៀត ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​លើ​មុខជំនាញ​ដែល​ខ្លួន​ពេញចិត្ត និង​ក្លាយជា​ធនធាន​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង​ឱ្យបាន​រីកចម្រើន​រុងរឿង​នាពេល​អនាគត​។

គួរបញ្ជាក់​ផងដែរ​ថា សិស្ស​ប៊ែ​ល​ធី និទ្ទេស A ទាំង ៤២​រូប នឹង​ទទួលបាន​អាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដៃគូ​ល្បីៗ​របស់​ប៊ែ​ល​ធី នៅ​ជុំវិញ​ពិភពលោក មានដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន សឹង្ហ​បុរី ចិន ថៃ ម៉ាឡេស៊ី ជាដើម៕
 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu