Ad Code

Keisuke Honda សន្យា​ផ្ទេរ​បទពិសោធន៍ ​ដែល​ខ្លួន​មាន​ឲ្យដល់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា



​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ប្រទេស​ជប៉ុន​គឺ Keisuke Honda បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហ្វឹកហាត់​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​នេះ​ដើម្បី​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ភ្ញៀវ​ជម្រើសជាតិ​ម៉ាឡេស៊ី ដែល​នឹង​ធ្វើឡើង​នៅ ថ្ងៃទី​១០ ខែកញ្ញា ខាងមុខ​។

កីឡាករ Keisuke Honda បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា មុន​កោះហៅ​កូនក្រុម​ប្រមូល​ផ្តុំ​១​ថ្ងៃ​។ កីឡាករ​រូប​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ក្រោយពេល​ហ្វឹកហាត់​ថា «​ខ្ញុំ​នឹង​ផ្ដល់​បទពិសោធន៍​ខ្ញុំ​ទាំងអស់​ដល់​ក្រុម ជម្រើសជាតិ​កម្ពុជា​ក្នុង​គម្រោង​នេះ​។ នេះ​ជា​លើកដំបូង​នៃ​ការងារ​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​។ យើង​មាន​កីឡាករ​ដែល​មាន​ទេពកោសល្យ​នៅ​ទី​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​ នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​ចំពោះ​ការងារ​នេះ​»​។



អ្នកចាត់ការ​ទូទៅ​ដែល​មិនទាន់​បោះបង់​អាជីព​ជា​កីឡាករ​បាល់ទាត់​បាន​បញ្ជាក់​ថា លោក​ចង់​ឈ្នះ​ការប្រកួត​ទល់នឹង ម៉ាឡេស៊ី ខាងមុខ​ទោះជា​លើកដំបូង​របស់​នៃ​ការ​ចាប់ផ្ដើម​ហ្វឹកហាត់​ក៏ដោយ។ លោក​កំពុង​ស្វែងរក​ចំណុចខ្លាំង និង ចំណុចខ្សោយ​របស់​កីឡាករ​បន្ថែម​ទៀត​ព្រោះ​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទើប​ដល់​ថ្ងៃ​ប្រកួត​។ អតីត​កីឡាករ AC Milan បញ្ជាក់ថា ​ការ​ហ្វឹកហាត់​រាល់ថ្ងៃ​ត្រូវតែ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើងលើ​ការងារ​ជា​ក្រុម ហើយ​អ្វី​ដែល​ចម្បង​នោះ​គឺ​ផ្លាស់ប្ដូរ​ជម្រើសជាតិ​ល្អ​ប្រសើរ​ឡើង​។ លោ​កថា​នឹង​ព្យាយាម​ជួស រាល់​បញ្ហា​ខ្វះខាត​កន្លងមក​។



កីឡាករ​ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កោះហៅ​ប្រមូល​ផ្តុំ​លើក​នេះ​មាន​ដូច​ជា​អ្នកចាំទី​គឺ ស៊ូ យ៉ា​ទី របស់​ណាហ្គា​វើ​ល​, អ៊ុំ វិចិត្រ របស់​ក្រសួងការពារជាតិ​,​កែវ សុខ​សិលា របស់​វិសាខា​។ ចំណែក​ខ្សែការពារ​វិញ​មាន ហុង ផេង​,​លី វ៉ា​ហេ​ទ​,​សេរ រ៉​ស៊ី​ប របស់​បឹងកេត​, ស ពិសិដ្ឋ របស់​ក្រសួងការពារជាតិ​, ឆេង ម៉េង របស់​ណាហ្គា​វើ​ល​, អ៊ុក សុវណ្ណ របស់​ភ្នំពេញ​ក្រោ​ន​, នេន សុធា​រ័ត្ន និង​សឿ​យ វិសាល របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។

​ងាក​មក​មើល​ខ្សែបម្រើ​គឺ​មាន​ជ័យ ចិ​ត្រា របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​, ឈិន ឈឿន របស់​ក្រសួងការពារជាតិ​, ស៊ុះ ស៊ូ​ហា​ណា និង​គួច សុក​ម្ភៈ របស់​ណាហ្គា​វើ​ល​, អ៊ិន សុដាវី​ត និង ប្រាក់ ធី​វ៉ា របស់​ភ្នំពេញ​ក្រោ​ន​, ប៊ី​ន ចន្ថា​ជា​រី របស់​ក្រុម Teregannu FA (​ម៉ាឡេស៊ី​) និង​ទិ​ត្យ ឌី​ណា របស់​វិសាខា​។ សម្រាប់​ខ្សែប្រយុទ្ធ​មាន ប្រាក់ មុន្នី​ឧ​ត្ត​ម របស់​ព្រះខ័ន​រាជ​ស្វាយរៀង​, កែវ សុខ​ផេង របស់​វិសាខា​, រ៉ឹ​ម ប៊ុន​ហៀ​ង របស់​ក្រុម​ក្រសួងការពារជាតិ និង​ស៊ិន កក្កដា របស់​ភ្នំពេញ​ក្រោ​ន​។



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ដាក់​លក់​សំបុត្រ​សម្រាប់​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា ជាមួយ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ ពី​ម៉ោង ៩និង០០​ព្រឹក ដល់​ម៉ោង ៥និង០០​ល្ងាច​តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​៦និង៣០​ល្ងាច ក្នុង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ។

សូម​បញ្ជាក់​ថា ​ក្រោយ​ប្រកាស​តែងតាំង​កីឡាករ Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន ត្រៀម​រៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មួយចំនួន​នៅក្នុង​តំបន់ មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ចុងឆ្នាំនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu