Ad Code

ប្រកាស​ពី​ការប្រកួត​កីឡាបាល់បោះ​អន្តរជាតិ​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​លើក​ទី​3 "​ពានរង្វាន់​វ៉ាង​សាន​"



ការប្រកួត​កីឡាបាល់បោះ​អន្តរជាតិ​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​លើក​ទី៣​ ដែល​គេ​ប្រសិទ្ធិ​នាម​ថា​"​ពានរង្វាន់​វ៉ាង​សាន​" នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ដល់​ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ​​២០១៩។

ក្នុង​សន្និសីទកាសែត​ប្រកាស​បើក​ការប្រកួត​បាល់បោះ​អន្តរជាតិ​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​លើក​ទី ៣ "​ពានរង្វាន់​វ៉ាង​សាន​" នៅ​សណ្ឋាគារ​ហ៊ូ​ង សាន នា​ព្រឹក​ថ្ងៃទី​១៦​ ខែ​តុលា​នេះ មានការ​ចូលរួម​ពី​លោក​ដួង មាស​ចំរើន តំណាង​ឯកឧត្តម​អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ឈិន​ឆាង​ជាំ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​ចិន លោក​លីវ វិ​ន ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អាន​ហ៊ុយ​និង​លោក កៅ ហ្វុ​ង អនុប្រធាន​អចិន្ត្រៃយ៍​សភាពាណិជ្ជកម្ម​ខេត្ត​ហ្យើ​យ ប៉ី​យ។

លោក ដួង មាស​ចំរើន បាន​ថ្លែង​អោយ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់បោះ​អន្តរជាតិ​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​លើក​ទី​3 "​ពានរង្វាន់​វ៉ាង​សាន​"​នេះ រៀបចំឡើង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ការបង្កើត​ចំណងមិត្តភាព​កម្ពុជា​-​ចិន។ លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ជា​ការ​ផ្ដួចផ្ដើមឡើង​ដោយ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​ផ្លាស់ប្ដូរ​វប្បធម៌​កម្ពុជា​ចិន ដើម្បី​អបអរសាទរ​ខួប​លើក​ទី 60 ឆ្នាំ​នៃ​ការបង្កើត​ចំណងមិត្តភាព​កម្ពុជា​ចិន ដែល​ក្នុង​គោលបំណង​ដូចជា​ដើម្បី​បំផុសសកម្មភាព​កីឡាបាល់បោះ​ដល់​យុវជន​ចូលរួម​គាំទ្រ​និង​លេង​កីឡាបាល់បោះ​នេះ ដើម្បី​សុខភាព។ ជាមួយ​គ្នា​នេះ ការបង្កើត​ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​អន្តរជាតិ​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​នេះ គឺជា​ការ​ជួប​ជុំគ្នា​មួយ រវាង​កីឡាករ​បាល់បោះ​ពាណិជ្ជករ​ចិន និង​ខ្មែរ​យើង ដើម្បី​បង្កើន​នូវ​សាមគ្គីភាព​គ្នា​និង​បង្កើត​ទំនាក់ទំនង​ល្អ​នៅក្នុង​សង្គម ហើយ​កាត់បន្ថយ​ភាព​អសកម្ម​ផ្សេងៗ​នៅក្នុង​សង្គម​។​លោក​បាន​ឲ្យ​ដឹង​ទៀតថា កីឡា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម ហេតុនេះ​ការប្រកួត​នេះ​ក៏​ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ដល់​មន្ត្រី​អាជ្ញាកណ្ដាល លេខា​តុ​ប្រកួត និង​គ្រូបង្វឹក បង្កើន​បច្ចេកទេស​និង​បទពិសោធន៍​ដល់​កីឡាករ​កម្ពុជា​ក្នុងការ​ល​រង​ជាមួយ​កីឡាករ​បរទេស​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក កៅ កាន់​ណា​លី អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​ថា ចំពោះ​រង្វាន់​ដែល​នឹង​ទទួល​បាន​ពី​ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​អន្តរជាតិ​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​លើក​ទី 3 "​ពានរង្វាន់​វ៉ាង​សាន​"​នេះ ក្រុមកីឡា​បាល់បោះ​ណា​ដែល​បានទទួល​ចំណាត់ថ្នាក់​លេខ ១ ត្រូវ​ទទួលបាន​ពាន​១ មេដាយមាស​ចំនួន 15 គ្រឿង​និង​អម​ជាមួយ​ទឹកប្រាក់​ចំនួន 3000 ដុល្លារ​ក្រុម​ចំណាត់ថ្នាក់​លេខ 2 ទទួលបាន​មេដាយប្រាក់ 15 គ្រឿង​និង​អម​ជាមួយ​ទឹកប្រាក់​ចំនួន 1500 ដុល្លារ ចំណាត់ថ្នាក់​លេខ 3 ទទួលបាន​មេដាយមាស​ចំនួន 15 គ្រឿង និង​អម​ជាមួយ​ទឹកប្រាក់​ចំនួន 1.000 ដុល្លារ ហើយ​ចំណាត់ថ្នាក់​លេខ 4 ទទួលបាន​ទឹកប្រាក់ 500 ដុល្លារ​។​ឯ​លក្ខខណ្ឌ​នៃ​ការប្រកួត​គឺ​ក្រុម​ណា​ដែល​ឈ្នះ​ទទួលបាន​២​ពិន្ទុ ក្រុម​ដែល​ចាញ់​ទទួលបាន 1 ពិន្ទុ ស្មើ​បន្ថែម​ម៉ោង ៥​នាទី​ម្តង រហូតដល់​ពិន្ទុ​ខុសគ្នា​។​

លោក​កៅ​កាន់​ណា​លី ឲ្យ​ដឹង​ទៀត​ថា ការប្រកួត​មួយ​រដូវ​កាល​នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​10 ក្រុម ហើយ​សរុប​ការប្រកួត​ទាំងអស់​មាន​ចំនួន 53 ប្រកួត ដោយ​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​០៤​ខែវិច្ឆិកា​ខាងមុខនេះ​តទៅ រៀងរាល់​ព្រឹក​ថ្ងៃអាទិត្យ នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី ៣ ហើយ ដែល​បើក​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់បោះ​បែបនេះ ដែល​លើក​ទី​១​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​២០១៣ មាន​៨​ក្រុម​ចូលរួម និង​លើក​ទី​២​ឆ្នាំ​២០១៥ មាន​១០​ក្រុម​ចូលរួម ។​

ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡាបាល់បោះ​អន្តរជាតិ​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​លើក​ទី 3 ដែល​គេ​ប្រសិទ្ធិ​នាម​ថា​"​ពានរង្វាន់​វ៉ាង​សាន​"​នេះ បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​ពី​សភាពាណិជ្ជកម្ម​អាន​ហ៊ួ​យ នូវ​ទឹកប្រាក់​ចំនួន​២០.០០០​ដុល្លារ សម្រាប់​បម្រើ​ការរៀបចំ​ការប្រកួត​នេះ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu