ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ទណ្ឌិត សម រង្សី គ្មានតួនាទីសូម្បីបន្តិចបន្តួច ក្នុងការចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ ពីព្រោះមិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ ដូច្នេះការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិត សម រង្សី ចូលប្រជុំ IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងជាការបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ព្រមទាំងរំលោភច្បាប់អន្តរជាតិផង។
លោក សុខ ឥសាន បានថ្លែងបែបនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ទណ្ឌិត សម រង្សី គ្មានតួនាទីអ្វីសូម្បីបន្តិច ក្នុងការចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ ពីព្រោះទណ្ឌិត សម រង្សី មិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ។ ទណ្ឌិត សម រង្សី គ្រាន់តែជាជនក្បត់ជាតិខ្មែរ និងជាជនពនេចរ គ្មានស្រុកទេស និងជាអាយ៉ងដាច់ថ្លៃរបស់ពួកបរទេសចក្រព័ត្រអនត្តរភាពនិយអន្តរជាតិតែប៉ុណ្ណោះ។ “ដូច្នេះការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិតសម រង្សី ចូលប្រជុំនៅក្នុងវេទិកា IPU. គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងងងើល ព្រមទាំងរំលោភច្បាប់អន្តរជាតិ ដែលប្រធានប្រជុំ IPU. ត្រូវទទួលខុសត្រូវទាំងស្រុងលើតួនាទីលំអៀងនយោបាយរបស់ខ្លួន ដោយគ្មានការខ្មាសអៀន”។
លោក សុខ ឥសាន អះអាងថា “គណបក្សប្រជាជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការតវ៉ាដ៏ម៉ឺងម៉ាត់របស់គណៈប្រតិភូសភាកម្ពុជា ដែលបានទៅចូលរួមប្រជុំជាផ្លូវការក្នុងអង្គប្រជុំ IPU ក្នុងនាមជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយាល្មើសច្បាប់របស់ជនលំអៀងខាងនយោបាយ និងមនោគមន៍វិជ្ជាអន្តរជាតិ”។
សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា (IPU) នៅក្នុងទីក្រុងហ្ស៊ីណែវ ប្រទេសស្វីសដែរ នេះបើតាមការបញ្ជាក់ពីមនុស្សជំនិតលោក សម រង្ស៊ី ម្នាក់ឈ្មោះ ប៊ុត ធារី ហើយបើតាមប្រភពនេះបញ្ជាក់ថា លោក សម រង្ស៊ី បានចេញដំណើរទៅប្រជុំសហភាពអន្តរសភាពេញអង្គ (IPU) លើកទី១៣៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នេះ នៅប្រទេសស្វីស ទីក្រុងហ្សឺណែវ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាទីបំផុតនោះ គឺលោក សម រង្ស៊ី មានកិត្តិយស ត្រូវបានប្រធាន IPU អញ្ជើញឲ្យលោកឡើងថ្លែងសន្ទរកថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំពោះមុខគណៈប្រតិភូអន្តរជាតិរាប់រយនាក់ ហើយការចូលរួមប្រជុំរបស់អតីតមេបក្សប្រឆាំងរូបនេះ ស្របពេលដែលគណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ក៏បានចូលរួមប្រជុំនៅទីនោះផងដែរ។
សូមជម្រាបថា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩ ដែលមានសមាជិកចូលរួមចំនួន១៣៥ប្រទេស មានប្រធានសភាចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំងសមាជិក សមាជិកា សភាចំនួន៧០០នាក់ ក្នុងនាមជាសមាជិកសភាវ័យក្មេងចំនួន២០ភាគរយ និង៣៣ភាគរយ សមាជិកសភាជាស្ត្រី។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ ផ្តោតទៅលើការពិនិត្យសមាជិកភាព ពិនិត្យស្ថានភាពហិរញ្ញវត្ថុ របាយការណ៍អំពីសកម្មភាពប្រធាន និងអគ្គលេខាធិការ IPU ដែលបានសម្រេចរយៈពេល១ឆ្នាំរបស់អង្គការនេះ របាយការណ៍នៃកិច្ចប្រជុំដែល IPU បានរៀបចំអំពីផែនការយុទ្ធសាស្ត្រ IPU ២០១៧-២០២១ អំពីការរៀបចំកិច្ចប្រជុំនាពេលខាងមុខជាដើម៕
Source: Kampuchea Thmey Daily
0 Comments