បន្ទាយមានជ័យ ៖ នេះជារឿងមួយស្មានមិនដល់ ស្ត្រីម្នាក់មានយកប្តីរហូតដល់៣នាក់ប្តីទី១និងទី២លែងគ្នាបាត់ថា យកប្តីទី៣ឲ្យបានសុខនៅតែមិនបានសុខធ្វើបាបយកដំបងវាយពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ប្រព័ន្ធស្លាប់នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ឃ្លក ថាញ់ អាយុ៤៣ឆ្នាំ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី តាំង សុខហេងបានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះមានប្តីដល់ទៅ៣នាក់ ប្តីទី១ បង្កើតបានកូនប្រុសស្រី៣នាក់ ប្តីទី២មានកូនប្រុសម្នាក់ និងប្តីទី៣រងកម្មចុងក្រោយនេះ ទើបបានគ្នាប្រហែល៣ខែតែប៉ុណ្ណោះមាន ឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ពេលដែលបានគ្នានោះ ប្តីទី៣បានវាយធ្វើបាបស្ទើររាល់ថ្ងៃរហូតដល់ប្រជាពលរដ្ឋបានប្រទះឃើញដេកស្លាប់ជាមួយស្នាមជាំ និងរលាកពេញខ្លួន ចំណែកជនសង្ស័យជាប្ដីចុងទី៣ ពេលនេះគេចខ្លួនបាត់ស្រមោល។ ក្រោយពីកើតហេតុហើយសមត្ថកិច្ចបានចុះមកត្រួតពិនិត្យសព និងធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មប្តីវាយធ្វើបាបក្រោយពី ពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិខាងស្រីយកទៅធ្វើបុណ្យតាមប្រពៃណីនៅថ្ងៃនឹងផងដែរ ចំណែកកូនទាំង៤នាក់រស់នៅកំព្រាទាំងម្តាយ និងឪពុកយ៉ាងលំបាក៕
Source: Kampuchea Thmey Daily
0 Comments