បន្ទាន់ពីបញ្ចប់សកម្មភាពក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្លិបភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយលោក Sean Sainbury ដែលជាគ្រូបង្វឹកនៅព្រឹកថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះខណៈក្លិបជើងឯក៦សម័យកាលមួយនេះបានឈរត្រឹមចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះ ក្នុងចំណោមក្លិបជាសមាជិកចំនួន១២ក្រុមប្រចាំរដូវកាល។
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ខ្លួនថា «ក្លិបសូមអរគុណចំពោះការខិតខំប្រឹងប្រែងដឹកនាំ ក៏ដូចជាបង្វឹកក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងក៏សូមជូនពរដល់លោក Sean Sainbury ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចនាពេលអនាគតខាងមុខ»។
ចំពោះពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤។
លោក Sean Sainbury ជាជនជាតិអង់គ្លេស ហើយលោកធ្លាប់ជាគ្រូបង្វឹកកីឡាបាល់ទាត់ដែលមានបទពិសោធន៍ប្រមាណជា១៨ឆ្នាំមកហើយ ថែមទាំងធ្លាប់បានដឹកនាំក្រុមយុវជនជម្រើសជាតិថៃអាយុក្រោម ២១ឆ្នាំ, ក្រុមថ្នាលយុវជននៅក្លិប Muangthong United FC ព្រមទាំងជាគ្រូបង្គោលនៅក្លឹប Nakhon Nayok FC ក្លិប Pattaya United នៅក្នុងប្រទេសថៃ។
លោក បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅដោយកាន់តួរនាទីជានាយកបច្ចេកទេស(Technical Director)។ ក្រោយការចាកចេញរបស់លោក Oleg Starynskyi ជាជនជាតិអ៊ុយក្រែង ដែលជាគ្រូបង្វឹកចាស់ នៅចុងឆ្នាំ២០១៧ ទើបលោក Sean Sainburyត្រូវក្លិបតែងតាំងឲ្យធ្វើជាគ្រូបង្វឹកជំនួសតែម្តង៕
Source: Kampuchea Thmey Daily
0 Comments