ភ្នំពេញ ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដែលមានរយៈពេល ១៨ថ្ងៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំឲ្យមានការចុះឈ្មោះនៅតាមឃុំ សង្កាត់ និងនៅតាមបណ្តាភូមិក្នុងឃុំ សង្កាត់ ដោយមានគោលដៅផ្តល់សេវាចុះឈ្មោះបោះឆ្នោត ឲ្យកាន់តែជិតលំនៅឋានប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ជូនទិន្នន័យមក គ.ជ.ប កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងថា “ក្នុងរយៈពេល ១៨ថ្ងៃនេះ យើងបានកំណត់ទៅតាមផែនការនៃការចុះឈ្មោះបោះឆ្នោតគឺ ៥ថ្ងៃដំបូង យើងចុះឈ្មោះនៅសាលាឃុំ សង្កាត់ ហើយ ៩ថ្ងៃ យើងទៅចុះឈ្មោះនៅតាមបណ្តាភូមិ ហើយនិង ៤ថ្ងៃចុងក្រោយ គឺយើងមកចុះឈ្មោះនៅសាលាឃុំ សង្កាត់វិញ” ។
លោកបានបន្ថែមទៀតថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវធ្វើឡើងសម្រាប់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ហើយពុំទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០១)។
ចំពោះការចុះឈ្មោះប្រជាពលរដ្ឋ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវបង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់ថ្មី ដើម្បីរាយការណ៍សុំលុបឈ្មោះនៅឃុំ សង្កាត់ចាស់ និងបំពេញបែបបទសុំចុះឈ្មោះបោះឆ្នោតជាថ្មី។ ក្រុមចុះឈ្មោះបោះឆ្នោត នឹងអនុវត្តតាមនីតិវិធីនៃការផ្ទេរទិន្នន័យរបស់អ្នកសុំចុះឈ្មោះបោះឆ្នោត ពីការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់ចាស់ មកការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់ថ្មីវិញ។
សូមជម្រាបថា ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ រួមមាន តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន តំណាងស្ថានទូតជប៉ុន តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន១១ តំណាងគណបក្សនយោបាយ ចំនួន១០ អង្គភាពសារព័ត៌មានចំនួន ៨សរុបចំនួន៥០នាក់។ ព្រឹត្តិការការណ៍នេះ ធ្វើឡើងដោយអនុលោមតាមសិទ្ធិចុះឈ្មោះបោះឆ្នោត ដូចមានចែងក្នុងមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៤៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕
Source: Kampuchea Thmey Daily
0 Comments