Ad Code

ឆ្នាំ​២០១៩ ប្រាក់បៀវត្ស​មូលដ្ឋាន​មន្ត្រីរាជការ នឹង​ត្រូវ​បាន​ដំឡើង​ក្នុង​អត្រា​១០%​ តាម​តម្លៃ​ឯកតា​សន្ទស្សន៍



ភ្នំពេញ ​៖ ​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៨ នេះ បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ដែល​បាន​បង្ហាញថា ចំណាយ​លើ​បន្ទុក​បុគ្គលិក​ត្រូវបាន​គ្រោង​ចំនួន​៧.៨៦២.៥៣៧​លាន​រៀល ស្មើ​ប្រមាណ​ជាង ១៩២៥ លាន​ដុល្លារ​អាមេរិក ។​

សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ បាន​បង្ហាញថា​ការចំណាយ​លើ​បន្ទុក​បុគ្គលិក​ត្រូវបាន​គ្រោង​ចំនួន ៧ ៨៦២ ៥៣៧ លាន​រៀល ស្មើ​ប្រមាណ​ជាង ១៩២៥ លាន​ដុល្លារ​អាមេរិក​សម្រាប់​៖
​ទី​១-​ការដំឡើង​បៀវត្ស​មូលដ្ឋាន​ក្នុង​អត្រា​១០% តាម​តម្លៃ​ឯក​តាស​ន្ទ​ស្សន៍ ២៣៤០ រៀល ដោយ​អនុវត្ត​ចាប់ពី​ខែមករា​ឆ្នាំ​២០១៩ ។​

ទី​២-​ការដំឡើង​ប្រាក់​បំណាច់​មុខងារ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ដោយ ផ្តល់​បន្ថែម​៣០.០០០ រៀល​ជូន​មន្ត្រីរាជការ​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលមាន​ប្រាក់​បំណាច់​មុខងារ​ក្នុង​កម្រិត​ចាប់ពី ៧៥០.០០០​រៀល​ចុះក្រោម ។​

ទី​៣-​ការដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា​ពី ៦០០.០០០ រៀល ទៅដល់ ៦៥០.០០០ ដោយ​អនុវត្ត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ ២០១៩ ។​

ជារួម​ឆ្នាំ​២០១៩ បៀវត្សអបប្បរិមា​រប​ស់​មន្ត្រីរាជការ​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​នឹងមាន​ស្ថានភាព​ផ្លាស់ប្តូរ​ដូចតទៅ ៖ ១.​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល​នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១.០១៤.៤៥០ រៀល​នៅ​ឆ្នាំ ២០១៨ ដល់​ប្រមាណ ១.០៧០.១០០ រៀល​នៅ​ខែមករា​ឆ្នាំ​២០១៩​ហើយនឹង​ត្រូវបាន​ដំឡើង​ដល់​ប្រមាណ ១.១០០.១០០​រៀល ចាប់ពី​ខែមេសា​ឆ្នាំ​២០១៩ ។ ២-​បៀវត្ស​គ្រូបង្រៀន​និង​គ្រូពេទ្យ​នឹងត្រូវ​ដំឡើង​ពី​ចំនួន ១ ១១៤ ៤៥០ រៀល​នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១ ១៧០ ១០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១ ២០០ ១០០ រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ។ ៣-​បៀវត្ស​នគរបាលជាតិ ដោយ​ពលបាលត្រី នឹងត្រូវ​ដំឡើង​ពី​ចំនួន ១ ០៩៨ ៩២៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១ ១៥៤ ៥៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) នៅ​ខែមករា​ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​១.១៨៤.៥៧៧​រៀល​( គិត​បញ្ចូល​ទាំង​របប​អង្ករ )​ចាប់ពី​ខែមេសា​ឆ្នាំ​២០១៩​។ ៤-​បៀវត្ស​យោធិន​ដោយ​ពលទោ​នឹងត្រូវ​ដំឡើង​ពី​ចំនួន ៩៧៦ ៥៥០ រៀល​( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១ ០២៥ ៩០០ រៀល​( មិន​គិត​បញ្ចូល​របប​អង្ករ )​នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១ ០៥៥ ៩០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ​ត្រូវជា​ប្រមាណ ១ ១១៤ ៣៧៧ រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។​

សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ បង្ហាញថា ការដំឡើង​បៀវត្ស​ជូន​មន្ត្រី​សាធារណៈ​សម្រាប់​ឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា​ចំនួន ២០ ប៊ី​លាន​រៀល ដោយឡែក​ផ្សេងទៀត​សម្រាប់​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​ស្ថាប័ន​អាច​ជ្រើសរើស​មន្ត្រី​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់​ចូល​បម្រើ​ការងារ​រដ្ឋ​ហើយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ផ្តល់​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង​មុខងារសាធារណៈ ដើម្បី​រៀបចំ​ក្របខណ្ឌ​និង​គោលការណ៍​សម្រាប់​ដាក់​ឲ្យ​ដំណើរការ​គម្រោង​នេះ​។​

ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ ក៏បាន​លើកឡើង​ចំពោះ​ប្រាក់​សោធន​និវត្ត គឺ​រាជរដ្ឋាភិបាល​គ្រោង​ថវិកា​ចំនួន ៦០ ប៊ី​លាន​រៀល សម្រាប់​ការដំឡើង​របប​សោធន​ប្រចាំខែ​ទាប​បំផុត និង​ការកាត់បន្ថយ​គម្លាត​របប​សោធន​របស់​និវត្តជន រវាង​អ្នកទទួលបាន​សោធន​ទាប និង​អ្នកទទួលបាន​សោធន​ខ្ពស់ និង​រវាង​និវត្តជន​ថ្មី​និង​និវត្តជន​ចាស់​ជូន​ដល់​និវត្តជន​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ ។ ចំពោះ​ការបើកប្រាក់​សោធន​និវត្ត​ជូន​និវត្តជន​ក៏​នឹងត្រូវ​ធ្វើឡើង​ចំនួន ២​ដង ក្នុង​១​ខែ តាម​ប្រព័ន្ធ​ធនាគារ​ដូចគ្នា​នឹង​មន្ត្រីរាជការ​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ៕

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu