ភ្នំពេញ ៖ យោងតាមរបាយការណ៍ស្រាវជ្រាវទីផ្សារ ក្រុមហ៊ុន BMI Research បានឲ្យដឹងថា វិស័យម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា នៅតែមានសក្ដានុពល ដែលអាចទាក់ទាញ អ្នកវិនិយោគិនជាតិនិងអន្តរជាតិ ដោយសារតែចំនួនអតិថិជនមានការកើនឡើង នៅក្នុងនោះរួមមានភ្ញៀវទេសចរ និងអ្នកដែលមានជីវភាពថ្នាក់កណ្ដាល។
ជាក់ស្ដែងថ្មីៗនេះ វិនិយោគិនជនជាតិសិង្ហបុរី និងកម្ពុជា បានរួមគ្នាបោះទុនវិនិយោគប្រមាណ១០ម៉ឺន ដុល្លារអាមេរិក ដើម្បីបើកដំណើរការភោជនីយដ្ឋានលក់មី ដែលមានប្រវត្តិជាង៦០ឆ្នាំ នៅក្នុងប្រទេសសិង្ហបុរី យីហោ “មីវ៉ាន់ថានស៊ីងហ្គាពួរ Pontain” កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅនេះ ដែលមានទីតាំងនៅជិតផ្សារធំថ្មី រាជធានីភ្នំពេញ។
ដើមកំណើតរបស់មីនេះ គឺចាប់ផ្ដើមដំបូងនៅតំបន់ ចូហ័រ (Johor) នៅក្នុងប្រទេសម៉ាឡេស៊ី រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាប្រមាណ ៦០ទីតាំងនៅក្នុងប្រទេសសិង្ហបុរី, ២០ទីតាំងនៅក្នុងទីក្រុងគូឡាឡាំពួ និងចូហ័រ (Johor) នៃប្រទេសម៉ាឡេស៊ី និង ៤ទីតាំងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ គឺជាទីតាំងទី១ នៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ។
មិនខុសពីរបាយការណ៍ស្រាវជ្រាវទីផ្សារ ដែលបានអះអាងថា និន្នាការនៃការចំណាយរបស់មនុស្សទៅលើផ្នែកម្ហូបអាហារ និងភេសជ្ជៈជាទូទៅ មានការកើនឡើង ដែលជាចំណុចល្អប្រសើរ សម្រាប់អ្នកវិនិយោគ នៅក្នុងវិស័យចំណីអាហារ លោក ដាមៀន លីម (Damian Lim) នាយកប្រតិបត្តិ របស់ហាង មីវ៉ាន់ថានស៊ីងហ្គាពួរ Pontain មានក្ដីរំពឹងខ្ពស់ចំពោះការបោះទុកវិនិយោគនៅក្នុងវិស័យនេះ និងជឿជាក់ចំពោះស្ថានភាពទីផ្សាររបស់ប្រទេសកម្ពុជា ដែលអាចឲ្យហាងរបស់លោក ទទួលបានភាពជោគជ័យ។
លោក ដាមៀន លីម បន្តទៀតថា ក្រុមហ៊ុនរបស់លោក គ្រោងបោះទុន ១លានដុល្លារ ក្នុងការបង្កើតសាខា បន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមខេត្តធំនៃប្រទេសកម្ពុជា មានដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយមួយសាខាត្រូវចំណាយប្រមាណជា១០ម៉ឺនដុល្លារ។
បើតាមលោក ដាមៀន លីម លក្ខណៈពិសេសរបស់មីនេះគឺ សរសៃមី និងសំបកគាវ ផលិតនៅប្រទេសម៉ាឡេស៊ី នៅរោងចក្រដែលកាន់កាប់ដោយក្រុមហ៊ុន Pontian ដែលជួយធានាដល់ការថែរក្សាបាន នូវគុណភាពខ្ពស់បំផុត ដោយពុំប្រើប្រាស់សារធាតុរក្សាទុក ឲ្យបានយូរនោះទេ មីនោះស្រស់ៗទេម្ដង។
នៅក្នុងរបាយការណ៍ នៃការសិក្សាទៅលើទីផ្សារដដែលនេះ ក៏បានលើកឡើងផងដែរពីផលវិបាក ចំពោះវិនិយោគិនបរទេស មានដូចជា ការប្រឈមនឹងការរឹតបន្តឹង និងបញ្ហាលុយក្រោមតុ ក៏ដូចជាបញ្ហាផ្នែកដឹកជញ្ជូន ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ដែលទាំងនេះ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើឲ្យមានការប្រកួតប្រជែងនៅក្នុងតំបន់៕
Source: Kampuchea Thmey Daily
0 Comments