Ad Code

ទោះបី​សម្ភារៈ​ពន្លត់​អគ្គិភ័យ​ទំនើប​យ៉ាងណាក៏ដោយ បើ​ការ​ទប់ស្កាត់​បង្ការ​មាន​ការ​ធ្វើ​ប្រហែស នៅតែ​ជា​ហានិភ័យ​ខ្ពស់​ដដែល



ភ្នំពេញ ​៖​ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ឫស្សីកែវ បាន​លើក​ឡើង​ថា ​ទោះបី​ជា​មាន​សម្ភារៈ​ពន្លត់​អគ្គីភ័យ​ទំនើប​យ៉ាងណាក៏ដោយ ប្រសិនបើ​ការទប់ស្កាត់ និង​ការ​បង្ការ​មាន​ភាព​ធ្វេសប្រហែស នៅតែ​ជា​បញ្ហា​ហានិភ័យ​ខ្ពស់​ដដែល ​​ដោយហេតុថា កំប៉ុង​ហ្គាស៍​ភាគច្រើន​ចាស់ៗ ហើយ​អ្នក​បញ្ចូល​ហ្គាស៍​លក់​ចង់​កេង​ចំណេញ​ពេក ដោយ​មិន​គិត​ពី​គ្រោះកាច​កើតឡើង​ជាយថាហេតុ​ ដែល​បង្ក​ពី​ភាព​លោភលន់​របស់​ពួកគាត់​មិន​គិត​ពី​ផល​ប៉ះពាល់​ឡើយ។

ដូច្នេះ​សូម​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​បញ្ចូល​ហ្គាស៍ ដោយ​ចុះ​ពិនិត្យ​តាម​ជំនាញ ត្រូវ​ចុះ​អប់រំ និង​ណែនាំ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​គាត់​បន្ត​យក​កំប៉ុង​ចាស់​មក​បញ្ចូល​ទៀត និង​ត្រូវធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម បើ​ឃើញ​មាន​បញ្ចូល​ហ្គាស៍​កំប៉ុង​ចាស់​ទៀត​ត្រូវ​ផាកពិន័យ​ឬ​ធ្វើយ៉ាងណា​តាម​កិច្ចសន្យា​ទើប​មាន​ប្រសិទ្ធភាព។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមប្រឹក្សា​ខណ្ឌ​ក៏បាន​សំណូមពរ ដល់​រដ្ឋបាល​ខណ្ឌ​ស្នើ​​ទៅ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ឱ្យ​បន្ថែម​រថយន្ត​ដឹក​សំរាម​មួយចំនួនទៀត​ទើប​អាច​ជញ្ជូន​សំរាម​ចេញ​ទាន់ពេលវេលា ព្រោះ​តាម​ការសង្កេត​ឃើញថា​ពីមុន​ត្រឹម​៣​ថ្ងៃ​យ៉ាង​យូ​រថយន្ត​មក​ដឹក​ចេញ​អស់ តែ​បច្ចុប្បន្ន​នេះ​ឡាន​យក​សំរាម​មានការ​យឺតយ៉ាវ​ជាង​មុន មាន​កន្លែង​ខ្លះ រយៈពេល​៤​ទៅ​៥​ថ្ងៃ​ទើប​មក​យក​។​ ប៉ុន្តែ​មិនមែន​ក្រុមហ៊ុន​ស៊ិន​ទ្រី​យឺតយ៉ាវ​នោះ​ទេ គឺ បណ្ដាលមកពី​បរិមាណ​សំរាម​មាន​កំណើន​ច្រើនជាង​មុន ដោយ​ការរីកចម្រើន​នៃ​សង្គមជាតិ ធ្វើឱ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ធូរធារ សំរាម​ត្រូវតែ​កើនឡើង ហើយ​វិធានការ​ដោះស្រាយ​មានតែ​បន្ថែម​រថយន្ត​ទើប​យកសំរាម​បាន​ទៀងទាត់ បញ្ចៀស​​បាន​ការ​កកស្ទះ​ និង​រលួយ​មាន​ក្លិនស្អុយ​។​ ក្រៅពីនេះ​សុំឱ្យ​អាជ្ញាធរ​គ្រប់​សង្កាត់​ត្រូវដាក់​ទង់ជាតិ​នៅ​រាល់​ពិធី​បុណ្យជាតិ ដើម្បី​បញ្ជាក់​ពី​ការ​អបអរសាទរ និង​ជា​សោភ័ណភាព​មួយ​ផងដែរ​។​

​លោក លីន ញ៉​ក់ អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​មានប្រសាសន៍ថា ​រាល់​បញ្ហា​ដែល​ក្រុមប្រឹក្សា​ខណ្ឌ​លើកឡើង រដ្ឋបាល​ខណ្ឌ​យក​ទៅ​ពិភាក្សា​ជាមួយ​ស៊ិន​ទ្រី និង អនុវត្ត ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​រាល់​ចំណុច​ខ្វះ​ចន្លោះ។

លោក​បាន​បញ្ជាក់​ថា ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កន្លងមក​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បាន​ចុះ​អប់រំ​ជាច្រើនលើក នៅ​តាម​សាលារៀន​ពិសេស​មត្តេយ្យសាលា​ ដែល​មាន​ហានិភ័យ​ខ្ពស់​ព្រោះ​សុទ្ធតែ​ជា​ក្មេង ដោយ​អប់រំ​លោកគ្រូ អ្នកគ្រូ ឱ្យ​ទុក​ច្រក​ចេញ​ចូល​មុខក្រោយ​បង្ការ​ពេល​កើតមាន​គ្រោះភ័យ។ ចំណែក​ ​ភោជនីយដ្ឋាន​, ក្លឹប​កម្សាន្ត​, ផ្ទះសំណាក់​, សណ្ឋាគារ​, រង្គសាល​និង​តាម​ផ្ទះ យើង​បាន​ណែនាំ​ឱ្យ​ពួកគាត់​ទិញ​បំពង់​ពន្លត់​អគ្គីភ័យ​សម្រាប់​​បង្ការ​គ្រោះកាច​កើតឡើង តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ។

លោក ជុំ បា​យ័ន្ត​វិបុល សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ តំណាង​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ឫស្សីកែវ បាន​ឱ្យ​ដឹង​ថា ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ឫស្សីកែវ អាណត្តិ​ទី​២ កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា មាន​របៀបវារៈ​ចំនួន​៥ លើក​យក​មក​ពិនិត្យ និង​អនុម័ត ដើម្បី​ឱ្យ​រដ្ឋបាល​ខណ្ឌ​អនុវត្ត​បន្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu