Ad Code

ឆាយ មាស និង បឺត សង្ឃឹម ឈ្នះ​ជុំ​ដំបូង នៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​Knock Out series by​K.cement ទម្ងន់​៥៧​គីឡូក្រាម​



អ្នក​ប្រដាល់​ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ងួន គា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​ នៃ​ការប្រកួត​ជម្រុះ​ពានរង្វាន់​Knock Out series by K.cement ទម្ងន់​៥៧​គីឡូក្រាម កាលពី​យប់​ថ្ងៃ​សៅ ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ លើ​សង្វៀន TV5 ព្រែកកំពិស។​

ងួន គា គេ​វាយ​ចាញ់​ ឆាយ មាស ដាច់​តែម្តង។ នៅក្នុង​ទឹក​ទី​១ ងួន គា ត្រូវ ​ឆាយ មាស វាយ​ត្រូវ​ឡើង​ចង់​ទក់​សាច់ តែ​យ៉ាងណា​ដោយសារ​ ងួន គា គេ​មាន​រឹងមាំ គឺ​ខំប្រឹង​តស៊ូ​ទប់​ការវាយប្រហារ ព្រមទាំង​វាយ​សង​ទៅលើ​ ឆាយ មាស ខ្លះៗ​វិញ​ដែរ។

ងួន គា គេ​ប្រកួត​រហូតដល់​ចប់​ទឹក​ទី​៣ និង​ចាញ់​ ឆាយ មាស ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ចាញ់​របស់​ងួន​គា​ គឺ​ដាច់​៥​សូន្យ​តែម្តង​។

គួរ​បញ្ជាក់​ថា ការប្រកួត​ជម្រុះ​ក្នុង​ដំណាក់​ទី​១​នេះ គឺ​ប្រកួត​បី​ទឹក ក្នុង​មួយ​ទឹក​មាន​៣​នាទី សំរាក​២​នាទី អ្នក​ដែល​ចាញ់​គឺ​ត្រូវ​ជ្រុះ​ធ្លាក់​ហាលអាវ​ហើយ។​

ដូច្នេះ ងួន គា គេ​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ជម្រុះ​ពានរង្វាន់​Knock Out series by K.cement ទម្ងន់​៥៧​គីឡូក្រាម ត្រឹម​ដំណាក់កាល​ទី​១​នេះ។ ឯ ឆាយ មាស គេ​នឹងត្រូវ​នៅ​បន្ត​ការប្រកួត​ក្នុង​ដំណាក់​កាល​ទី​២​ទៀត។​

ចំណែក បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​វិញ គេ​បាន​វាយ​ឈ្នះ​ សយ សី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី​១​នេះដែរ។ សយ សី ត្រូវ​បឺត សង្ឃឹម ដាល់​និង​ទាត់​អោយ​ឲ្យ​ខូច​ជំហរ​ប្រកួត​ជា​ញឹកញាប់។​ ប៉ុន្តែ​យ៉ាងណា សយ សី គេ​នៅ​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ គ្រាន់តែ​ការ​ចាញ់​របស់​គេ គឺ​ចាញ់​ បឺត សង្ឃឹម​ ដាច់​៥​ទល់​០។​

ជាមួយនឹង​ជ័យជម្នះ​នេះ បឺត សង្ឃឹម គេ​នៅ​បន្ត​ការប្រកួត​ទៀត​នៅក្នុង​ដំណាក់កាល​ទី​២​បន្តទៀត ឯ សយ សី ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

ការប្រកួត​ដណ្ដើម​ពាន​រង្វាន់​Knock Out series by K.cement ទម្ងន់​៥៧​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៣២​នាក់ មកពី​តាម​បណ្ដា​ក្លិប អង្គភាព​ស្ទើរតែ​ពេញ​ប្រទេស​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ។​ការប្រកួត​ជម្រុះ​ចម្រាញ់​រក​កីឡាករ​ដែល​ខ្លាំង​នោះ នឹង​ធ្វើជា​៣​ដំណាក់កាល ដោយ​ក្នុងចំណោម​៣២​នាក់ ក្នុង​ដំណាក់​ទី​១​ចម្រាញ់​ទុក​១៦​នាក់ ដំណាក់កាល​ទី​២ ទុក​៨​នាក់ ដែលជា​អ្នកឈ្នះ​សម្រាប់​បន្ត​ការប្រកួត​ក្នុងដំណាក់កាល​ទី​៣ ដែលជា​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក។​

ដោយឡែក ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​វិញ វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Khun Krong Thap ដោយ ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​នោះ។

វង្ស ណ​យ ចាញ់​Khun Krong Thap ដោយ​ប្រផុតប្រផើយ​ប៉ុណ្ណោះ ដោយ​ក្នុង​ចៅក្រម​ទាំង​៥​រូប មាន​៣​រូប​ផ្តល់​ពិន្ទុ​ឲ្យ​Khun Krong Thap ហើយ​២​រូប​ផ្តល់​ពិន្ទុ​ឲ្យ​វង្ស ណ​យ​ឈ្នះ ពោលគឺ​២​ទល់​និង​៣។ វង្ស ណ​យ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ក្នុង​ទឹក​ទី​៣ ក្រោយពី​Khun Krong Thap វាយ​កែង​ត្រូវ​មុខ​មួយ​ដៃ​ឡើង​ចង់​វង្វេង​នោះ។

ចំណែក ទេស ជីវ៉ា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ គេ​បាន​វាយ​ឈ្នះ​សំខាន់ ប៉ាវ​ចិន អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេល​នោះ៕



 

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu