Ad Code

អ្នកនាំពាក្យ​ថា អង្គការ​សង្គម​ស៊ីវិល មិន​គួរ​ខ្លាច​សមត្ថកិច្ច​ដូច​ចោរ​នោះទេ



ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា គ្រាន់តែ​អ្នក​រាយការណ៍ អសប មកដល់​កម្ពុជា មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ប្រញាប់​ទៅ​រាយ​ការណ៍​ភ្លាម ទាក់ទង​សកម្មភាព​អ្វី ដែល​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ គិតថា ជា​រឿង​អយុត្តិធម៌ ជាពិសេស​ទាក់ទង​សកម្មភាព​របស់​សមត្ថ​កិច្ច ដែល​ទៅ​ក្បែរ​ទីតាំង​របស់​សង្គម​ស៊ីវិល ដែល​កំពុង​រៀបចំ​កម្ម​វិធី​ផ្សេងៗ និង​បាន​អះអាង​ថា បើ​មិន​មាន​កំហុស អង្គការ​សង្គម​ស៊ីវិល មិន​គួរ​ខ្លាច​សមត្ថកិច្ច​ដូច​ចោរ​នោះទេ​។

លោក សុខ ឥសាន អះអាង​បែបនេះ បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith) កាលពី​ថ្ងៃទី​៣០ ខែតុលា អំពី​បញ្ហា​មួយ ទាក់ទង​បញ្ហា​សេរីភាព​នៃ​ការ​ជួប​ប្រជុំ សេរីភាព​សហគមន៍ និង​សេរីភាព​បញ្ចេញមតិ​ជាដើម ដោយ​បាន​អះអាង​ថា ត្រូវបាន​គំរាមកំហែង​ដោយ​ប្រព័ន្ធ​តុលាការ ហើយ​សូម្បីតែ​នៅ​ទីតាំង​ដែលមាន​ការរៀបចំ​សិក្ខាសាលា ឬ​ជួបជុំ​ផ្សេងៗ ក៏មាន​ការតាមដាន​ពី​សំណាក់​អាជ្ញាធរ មាន​សមត្ថកិច្ច​ផងដែរ​។​

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន លើក​ឡើង​ថា នៅ​ពេល​លោកស្រី​រ៉ូ​ណា ស្មី​ត មកដល់​កម្ពុជា​មិនទាន់បាន​ស្រួល​ជើង​ផង មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ប្រញាប់​ទៅ​ ទូលពិត​លោកស្រី​ភ្លាម​។ ពួកគេ​បាន​លើក​ឡើង​ថា សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​កំពុង​ត្រូវ​ប្រឈម នឹង​ការ​រឹត​ត្បិត ដោយសារ​នៅ​ពេល​អង្គការ​សង្គម​ស៊ីវិល​ប្រជុំ​ម្តងៗ គេ​តែងតែ​ដាក់​ភ្នាក់ងារ​យក​ការ​ណ៍ ឬក៏​ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ចុះ​ឃ្លាំមើល​នៅក្នុង​មូលដ្ឋាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សតិ​អារម្មណ៍​អ្នកចូលរួម​។

តាម​លោក សុខ ឥសាន ជា​ការ​គួរ​ឲ្យ​ចង់​សើច​ណាស់ ដែល​ធ្វើ​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហើយ​មិន​យល់ដឹង​ពី​អ្វី​ទៅ​ហៅថា សិទ្ធិមនុស្ស មិន​យល់ដឹង​ពី​តួនាទី​របស់​សមត្ថកិច្ច ដែល​តែងតែ​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាជន​ទូទៅ ហើយ​បើ​សិន​ជា​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នៅ​ពេល​ប្រជុំ​នោះ សមត្ថកិច្ច​នៅ​មូលដ្ឋាន គឺជា​អ្នកទទួលខុសត្រូវ ហើយ​បើជា​មនុស្ស​ត្រឹមត្រូវ មិន​គួរ​ខ្លាច​សមត្ថកិច្ច ដូច​ចោរលួច​ចោរប្លន់​ទេ​។

លោក​បញ្ជាក់​ថា វត្តមាន​របស់​សមត្ថ​កិច្ច មិនមែន​ជា​ការគាបសង្កត់​សិទ្ធិមនុស្ស ឬ​ជា​ការ​គំរាមកំហែង​ណាមួយ​ឡើយ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ អ្នកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ជួប​ជជែក​ទ្វេភាគី​ជាមួយ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​។

នៅ​ក្នុង​ជំនួប​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា បាន​ផ្តោត​សំខាន់​លើ​ប្រធានបទ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សំខាន់ៗ​មួយចំនួន​របស់​កម្ពុ​ជា ដូចជា ការ​ប្រឆាំង​អំពើពុករលួយ បញ្ហា​សិទ្ធិមនុស្ស​បញ្ហា​អយុត្តិធម៌​សង្គម ការ​ពង្រឹង​សមត្ថភាព និង​គណនេយ្យ​ភាព​នៅតាម​ស្ថាប័ន​ជាតិ​ជាដើម​។

ចំណែក​នៅ​ក្នុង​ជំ​នួន​ជាមួយ​ក្រុម​អង្គការ​សង្គម​ស​ស៊ីវិល ក្រុមមន្ត្រី​អង្គការ​អាដហុក បាន​ប្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត ថា បច្ចុប្បន្ន​សេរី​ភាពជា​មូលដ្ឋាន ដូចជា​សេរីភាព​នៃ​ការជួប​ប្រជុំ សេរីភាព​សហគមន៍ និង​សេរីភាព​បញ្ចេញមតិ ត្រូវបាន​គំរាមកំហែង​ដោយ​ប្រព័ន្ធ​តុលាការ​។ ជាពិសេស​មន្ត្រី និង​អតីតមន្ត្រី​អាដ​ហុក​៥​នាក់ ដែល​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ជាង​១៤​ខែ​១​ថ្ងៃ​មក​នោះ ពេលនេះ​ពួកគេ​នៅ​ជាប់​ទោស​ព្យួរ​នៅឡើយ ហើយ​សូម្បីតែ​កន្លែង​ឯកជន ដែល​មាន​ការរៀបចំ​សិក្ខាសាលា​ជួបជុំ​ផ្សេងៗ ក៏​មាន​ការ​តាមដាន​ពី​សំណាក់​អាជ្ញាធរ មាន​មន្ត្រីប៉ូលិស​ជាដើម ដែល​ទាំងអស់​នេះ​ជា​បញ្ហា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu