Ad Code

ក្លិប​អាស៊ី​អឺរ៉ុប ចាប់​ផ្តើម​ជួសជុល​កីឡដ្ឋាន​របស់ខ្លួន​ក្រោយ​រងគ្រោះ​ដោយសារ​ទឹកជំនន់



កីឡដ្ឋាន​AEU Sport Park របស់​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ត្រូវបាន​ទឹក​លិចលង់​ពី​ទឹកទន្លេ​ចតុមុខ កាលពី​ខែសីហា កន្លងទៅ ហើយ​គ្រោះធម្មជាតិ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ស្មៅ​លើ​ទីលាន និង របស់របរ​ក្នុង​ការិយាល័យ និង សម្ភារៈ​សំខាន់ៗ​មួយ​ចំនួន​ទៀត​នៅ​ទីតាំង​ដែល​មាន​ទំហំ​ប្រមាណ​៤​ហិច​តា រហូត​មិន​អាច​ទទួល​រៀបចំ​ការប្រកួត​នានា​នៅ​ចុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​។



លោក ផេង ចាន់ណា អ្នកចាត់ការ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ធ្លាប់​បាន​លើកឡើង ជុំវិញ​ការ​ជួសជុល​កីឡដ្ឋាន​របស់​ក្លិប​ខ្លួន​ឡើងវិញ​ក្រោយ​ទឹក​ស្រ​កថា ការ​កសាង​នេះ​ត្រូវ​ចំណាយ​ពេល​រៀបចំ​ផ្លូវ និង ក្រវាត់​ការពារ​ទំនប់ បូក​រួមទាំង​រចនាសម្ព័ន្ធ​ខាងក្នុង​ទៀត​អស់​ប្រមាណ​ខ្ទង់​២០​ម៉ឺន​ដុល្លារ​អាមេរិក​។ លោក​ថា «​យើង​ចាប់​ផ្តើម​សាងសង់​វិញ​បណ្តើរៗ​ហើយ ដោយ​ធ្វើ​ទំនប់​ចាក់​ក្រវាត់​ពីរ​ជាន់ និង​រៀប​ឥដ្ឋ​ព័ទ្ធជុំវិញ​ដី ៤​ហិតា​ហ្នឹង ខ្ពស់ជា​ង​កម្រិត​នៃ​ការ​លិច​ទឹក​ឆ្នាំ​២០១៨ កន្លះ​ម៉ែត្រ ទៅ​មួយ​ម៉ែត្រ ប្រហាក់ប្រហែល​នឹង​ផ្លូវថ្នល់​ខាងមុខ​ស្តា​ត ហើយ​ការ​ចំណាយ​នេះ​អស់​ប្រហែល ១៥​ម៉ឺន​ដុល្លារ រូ​ម​ទាំង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ខាងក្នុង ចំណាយ​ប្រហែល​៥​ម៉ឺន​ដុល្លារ​ថែមទៀត ការចំណាយ​នេះ​គិតតែ​លើ​បាល់ទាត់​មួយ​ទេ​»​។

បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់​ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើងឯក​ក្រសួងការពារជាតិ ដោយ​លទ្ធផល​ទាំង​២​ជើង ១០​ទល់​២​។



គួរ​បញ្ជាក់​ថា ​កីឡដ្ឋាន AEU Sport Park មាន​ទីតាំងនៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ទើប​បើក​ដំណើរការ​នៅ​រដូវ​កាល​២០១៨​នេះ​។ ថ្នាក់ដឹកនាំ​ធ្លាប់បាន​បញ្ជាក់​ថា​ចំពោះ​ការសាងសង់​ដំបូង​នៅ​កីឡដ្ឋាន​នេះ​បាន​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។ យ៉ាងណា​ក្លិប​ក៏​ត្រូវតែ​ជួសជុល​កីឡដ្ឋាន​របស់​ខ្លួន​ឡើងវិញ​ឲ្យ​បាន​រួចរាល់​មុន​ពេល​រដូវ​កាល​ថ្មីឆ្នាំ​២០១៩ ខាងមុខមកដល់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu