ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំខេត្តFukushima របស់ប្រទេសជប៉ុន បានប្រកួតចាញ់ក្នុងប្រកួតដំបូងក្នុងចំណោមប្រកួតមិត្តភាពអន្តរជាតិចំនួន២លើកនៅរាជធានីភ្នំពេញ ពោលគឺចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំ ខណៈប្រកួតបន្ទាប់ត្រូវប៉ះក្រុមរបស់ក្រុមវិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា វិញម្តង។
តាមគម្រោងក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំមកពីខេត្ត Fukushima បានចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ១ទល់០ នៅល្ងាចថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ចំណែកប្រកួតបន្ទាប់ក្រុម U18 Fukushima ត្រូវបន្តជួបក្លិបវិសាខា នៅវេលាម៉ោង៥ល្ងាចថ្ងៃសុក្រ ទី០២ វិច្ឆិកាឆ្នាំ២០១៨ លើទីលានជាមួយគ្នា ខណៈប៉ុស្តិ៍ BTV News ទទួលសិទ្ធិផ្សាយផ្ទាល់ពីការប្រកួតនេះផងដែរ។ យោងតាមប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា គោលដៅនៃការរៀបចំការប្រកួតនេះគឺធ្វើឡើងដើម្បីជាការរំឭកដល់ខួបចំណងទំនាក់ទំនងការទូត៦៥ឆ្នាំរវាងកម្ពុជា និងប្រទេសជប៉ុន។
នេះជាលើកទី២ហើយ ដែលលោក Musashi Mizushima ជនជាតិជប៉ុន ជាគ្រូបង្វឹករបស់ក្រុមយុវជនសាលាបាល់ទាត់បាទី និងជាគ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំ បានដឹកនាំក្រុមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមមកពីប្រទេសជប៉ុន ខណៈកាលពីដើមខែសីហា កន្លងទៅក្រុម U19កម្ពុជា ទើបតែប្រកួតចាញ់ក្រុម JFL Selection។
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមានសមាជិកភាគច្រើនទើបត្រឡប់មកពីចូលរួមក្នុងការប្រកួតពានរង្វាន់ AFF U19 Championship នៅប្រទេសឥណ្ឌូនេស៊ី កាលខែកក្កដា ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ក្នុងពូល ក្រោយយកឈ្នះប្រ៊ុយណេ ៥ទល់០ ចាញ់ម៉ាឡេស៊ី ២ទល់០ ចាញ់មីយ៉ាន់ម៉ា៤ទល់១ និងឈ្នះទីម័រខាងកើត ២ទល់១៕
Source: Kampuchea Thmey Daily
0 Comments