Ad Code

ក្រុម​U14​ភ្នំពេញ​ក្រោ​ន ប្រកួត​ចាញ់​២​លើក​ជាប់​គ្នា​ក្នុង​ពានរង្វាន់​យុវជន​អន្តរជាតិ​នៅ​ប្រទេស​ថៃ



​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​៦​សម័យកាល​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone CambodianLeague) បាន​បញ្ជូន​ក្រុម​កីឡាករ​យុវជន​ថ្នាល​របស់ខ្លួន​គឺ​អាយុ​ក្រោម​១៤​ឆ្នាំ (U14) ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​ថៃ ខណៈ​២​ប្រកួត​បើកឆាក​មកនេះ​នៅ​មិនទាន់​រកបាន​ជ័យជម្នះ​នៅឡើយ​នោះទេ​។

ពានរង្វាន់​ដែល​ក្រុម​កីឡាករ​អាយុ​ក្រោម​១៤​ឆ្នាំ​របស់​ភ្នំពេញ ចូលរួម​ប្រកួត​នេះ​មាន​ឈ្មោះថា CP-Meiji Cup U-14 International Champions 2018 ដែលជា​ការផ្តួចផ្តើម​គំនិត​ឡើង​ពី​ក្លិប​យក្ស Buriram United របស់​ថៃ​។ ការប្រកួត​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នា​ថ្ងៃទី​៣០ ខែតុលា ដល់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Chang Arena​។



ក្រុម​ទាំងអស់​បាន​បែង​ចែកជា​៤​ពូ​ល ដោយ​ពូ​ល A ក្រុម Chonburi FC របស់​ថៃ ក្រុម Fagiano Okayama របស់​ជប៉ុន​និង​ក្រុម Suphanburi FC របស់​ថៃ ហើយ​ពូ​ល B មាន​ក្រុម Jubilo Iwata របស់​ជប៉ុន ក្រុម Kitchee SC របស់​ហុងកុង និង​ក្រុម Bangkok Utd របស់​ថៃ​ពូ​ល C មាន Buriram United របស់​ថៃ ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា និង Nongbua Pitchaya FC​របស់​ថៃ និង​ពូ​ល NFDP Malaysia របស់​ម៉ាឡេស៊ី ASPIRE Academy របស់​កាតា Muangthong United របស់​ថៃ​។

​កាលពី​ប្រកួត​បើកឆាក​ក្រុម​ភ្នំពេញ​ក្រោ​ន ចាញ់​ក្រុម​U14 Burriram United ៤​ទល់​០ នៅ​យប់​ថ្ងៃ​អង្គារ ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ខណៈ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែតុលា ឆ្នាំ​២០១៨ បាន​បន្ត​ប្រកួត​ចាញ់​ក្រុម​Nongbua Pitchaya FC ដោយ​លទ្ធផល​៧​ទល់​០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​។ ដូច្នេះ​ក្រុម​របស់​កម្ពុជា មួយ​នេះ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​។ យ៉ាង​ក្តី​រង់ចាំ​ការចាប់​គូប្រកួត​ជាមួយ​ក្រុម​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ផ្សេងទៀត​ដើម្បី​ប្រកួត​យក​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​។



​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្លិប​ភ្នំពេញ​ក្រោ​ន បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ខណៈ​កាលពី​ឆ្នាំ​ដំបូង​២០១៦ គឺ​ប្រកួត​មិនបាន​ចប់​ចុង​ចប់​ដើម​នោះ​ទេ ដោយ​ការប្រកួត​ត្រូវ​រំសាយ​បន្ទាប់​ព្រះបាទ​Bhumibol Adulyadej ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​សោយ​ទិវង្គត​នៅពេលនោះ​។ ចូលឆ្នាំ​ទី​២ គឺ​នៅ​ឆ្នាំ ២០១៧ ក្រុម​របស់​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​គ្រប់​ការប្រកួត​ដោយ​ឈរ​នៅ​បាត​តារាង​ប្រចាំ​ក្រុម​ទាំង​៨​ដែល​ចូលរួម ប៉ុន្តែ​ក្រុម​នេះ​ទទួល​បាន​ពានរង្វាន់ Fiar Play ប្រចាំ​ព្រឹត្តិការណ៍​ទៀតផង​។

គណៈកម្មការ​បាន​កំណត់​ថា ​ក្រុម​ទាំងអស់​ត្រូវ​ដាក់​កីឡាករ​ឲ្យ​លេង​ម្ខាង​១១​នាក់​ហើយ​ធ្វើឡើង​ចំនួន​ពីរ​តង់​ដោយ​មួយ​តង់​មាន​រយៈពេល​៣០​នាទី​។ គោលបំណង​របស់​អ្នក​រៀប​ចំ​កម្មវិធី​នេះ​គឺ​ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​យុវជន និង​ការប្រកួត​បាល់ទាត់​អន្តរជាតិ​ជាមួយនឹង​ក្រុម​ខ្លាំង​ក្នុង​តំបន់​។ ពួកគេ​គ្រោង​នឹង​ពង្រីក​ការប្រកួត​នៅ​ថ្ងៃ​អនាគត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu