ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2018) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានសម្រេចបង្កើតសាលាបាល់ទាត់កម្រិតយុវជនគិតប្រាក់ ចាប់ពីដើមខែវិច្ឆិកា តទៅដោយបែងចែក និងកំណត់ចំនួនសិស្សដែលបានចុះឈ្មោះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបដែលមានក្បាលម៉ាស៊ីន ជាជនជាតិជប៉ុនមួយនេះបានបញ្ជាក់ថា សាលាបាល់ទាត់របស់ខ្លួននឹងចាប់ផ្តើមពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តទៅដែលមានលោកគ្រូបង្វឹក ចាន់ រិទ្ធី និង គ្រូបង្វឹក Jordi Aluja ជនជាតិអេស្ប៉ាញ សហការគ្នាបង្ហាត់។
ការហ្វឹកហាត់នេះនឹងធ្វើឡើងនៅលើទីលាន Lion Futsal ក្នុងខេត្តសៀមរាប ខណៈកំណត់យកអ្នកចុះឈ្មោះបានមុនគេចំនួន៣០នាក់ប៉ុណ្ណោះ។
ប្រភពបញ្ជាក់ថា ការបង្ហាត់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ រៀងរាល់សប្ដាហ៍។ សម្រាប់កុមារាអាយុចាប់ពី៩ឆ្នាំដល់១៥ ឆ្នាំនឹងបង្ហាត់ចាប់ពីម៉ោង៥និង៣០នាទីដល់ម៉ោង៦និង៣០នាទីល្ងាច ក្នុងតម្លៃ៨ដុល្លារ ក្នុង១ខែ។ ចំណែកយុវជនអាយុចាប់ពី១៥ឆ្នាំឡើង គឺហ្វឹកហាត់ចាប់ពីម៉ោង៦និង៣០នាទីដល់ម៉ោង៨យប់ ក្នុងតម្លៃ១០ដុល្លារក្នុង១ខែ។ សម្រាប់អ្នកចាប់អារម្មណ៍សូមទាក់ទងតាមលេខ086 691 947 ឬ089 767 897។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា៕
Source: Kampuchea Thmey Daily
0 Comments