ក្រុមបាល់ទាត់ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ ២០១៨ ក្រសួងការពារជាតិ (ទ័ព) នឹងចេញដំណើរទៅចែករំលែកបទពិសោធន៍បាល់ទាត់នៅខេត្តតាកែវ រសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ខណៈក្រុមនេះទើបតែជោគជ័យក្នុងសកម្មភាពនេះនៅខេត្តស្វាយរៀង កាលពីចុងខែតុលា កន្លងទៅ។
យោងតាមការឲ្យដឹងពីលោក ភា សុភត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ លើកឡើងថា សកម្មភាពចែករំលែកបទពិសោធន៍បាល់ទាត់នេះនឹងធ្វើឡើងចាប់ពីម៉ោង៣រសៀលតទៅ នៅក្នុងទីលានវិទ្យាល័យព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ នេះជាការប្រមូលផ្តុំកីឡាករនិងថ្នាក់ដឹកនាំក្លិបលើកដំបូងរបស់ក្រុមទ័ព ក្រោយពីសម្រាកមួយរយៈបន្ទាប់ពីឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ។ យ៉ាងណាក្តីគោលដៅនៃការចែករំលែកបទពិសោធន៍បាល់ទាត់នេះគឺដើម្បីផ្សព្វផ្សាយពីបាល់ទាត់កម្រិតមូលដ្ឋានដល់កុមារនៅក្នុងតំបន់និងផ្សព្វផ្សាយពីដៃគូពាណិជ្ជកម្មដល់មហាជន។
កាលពីចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ កន្លងទៅក្រុមដែលដឹកនាំដោយលោក ភា សុភត្រា ជាគ្រូបង្វឹកនេះធ្លាប់បានដាក់គោលដៅធ្វើដំណើរទៅចែករំលែកបទពិសោធន៍បាល់ទាត់ដល់ក្រុមមហាជននៅជុំវិញបឹងទន្លេសាប ផងដែរ។ ដំណើរទៅចែករំលែកបទពិសោធន៍បាល់ទាត់នៅតាមខេត្តជាផែនការមួយរបស់ក្លិប ក្នុងការទាក់ទាញប្រជាប្រិយភាពដែរ។
ក្នុងដំណើរទៅតាមខេត្តនេះក្រុមក្រសួងការពារជាតិ បានអវត្តមានកីឡាករចំនួន៤នាក់គឺ ឈិន ឈឿន,រ៉ឹម ប៊ុនហៀង, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ ព្រោះពួកគេជាប់បេសកកម្មក្នុងក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រមូលផ្តុំត្រៀមប្រកួតក្នុងយុទ្ធនាការពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន គឺ AFF Suzuki Cup 2018 នៅដើមខែវិច្ឆិកា ខាងមុខ។
បើនិយាយពីបេសកកម្មក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមក្រសួងការពារជាតិ បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្លិបទាំង១២ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា(Metfone Cambodian League 2018) ក្រោយប្រកួតបាន២២លើកឈ្នះបាន១៣ លើកហើយធ្លាប់ស្មើគ្នាបាន៣លើក និងចាញ់រហូតដល់៦លើក។ ចំណែកពានរង្វាន់សម្តេចតេជោ វិញគឺបានឈ្នះជើងឯកក្រោយយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់០ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments