Ad Code

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Rhona Smith គឺជា​ការងារ​បច្ចេកទេស​សុទ្ធសាធ ក្នុង​ភាពជា​ដៃគូ​របស់​រាជរដ្ឋាភិបាល



ភ្នំពេញ​ ៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ដោយ​អះអាង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺជា​ការងារ​បច្ចេកទេស​សុទ្ធសាធ ដែល​ធ្វើឡើង​ក្នុងនាម​ជា​ដៃគូ​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​វិស័យ​សិទ្ធិមនុស្ស ឲ្យ​ទទួល​បាន​ផ្លែផ្កា​។

សេចក្តី​ថ្លែងការណ៍​រប​ស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​បណ្តាញ​សារព័ត៌មាន​ជាច្រើន បាន​ចាប់អារម្មណ៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី រ៉ូ​ណា ស្មី​ត មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​ទៀត​រយៈពេល​១១​ថ្ងៃ ហើយ​ទស្សនកិច្ច​នេះ ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។



លោក ផៃ ស៊ី​ផាន បាន​លើកឡើង​ថា អាស្រ័យ​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ជា​មួយនឹង​ការ​យក​ចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សិទ្ធិមនុស្ស​នោះ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​៦ បាន​ចុះ​អនុសារណៈ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​អនុវត្ត​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

តាម​លោក ផៃ ស៊ី​ផាន “​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែលជា​មន្ត្រី​របស់​អង្គការសហប្រជាជាតិ ស្ថិត​នៅ​ក្នុង​ការងារ​បច្ចេក​ទេស​សុទ្ធសាធ ដែលមាន​កាតព្វកិច្ច និង​សមត្ថកិច្ច ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ជំរុញ​វិស័យ​នេះ ឲ្យ​ទទួល​បាន​ផ្លែផ្កា​វិជ្ជមាន ដោយ​គ្មាន​ប្រទូសរ៉ាយ ជាមួយ​អធិបតេយ្យ​កម្ពុជា ក្រៅពី​ការងារ​ប្រកបដោយ​កិត្តិយស​ចំពោះមុខ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​រដ្ឋ​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការសហប្រជាជាតិ ក៏ដូចជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ចូលរួម​ក្នុង​កិច្ច​បន្ត​ការរស់នៅ​ក្នុង​ភាព​ក្សេមក្សាន្ត សន្តិភាព ស្ថិរភាព និង​វិបុលភាព ដោយ​គ្មាន​ការរំលោភ​ក្នុង​រូបភាព​ណាមួយ នៃ​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិខ្មែរ។



សូមបញ្ជាក់​ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​។ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃនេះ អ្នក​ជំនាញ​រូប​នេះ គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។

អ្នករាយការណ៍​ពិសេស អ​.​ស​.​ប បំពេញ​ទស្សន​បំពេញបេសកកម្ម​ផ្លូវការ​ជា​ទៀងទាត់​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ​បានតែងតាំង​លោកស្រី​នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។ លោកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទាប់​របស់លោក​ស្រី​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មុននឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន លោកស្រី​នឹង​មាន​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​របកគំហើញ​បឋម នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដែល​សន្និសីទ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​៣ រសៀល ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​មាន​អាស័យ​ដ្ឋាន​អគារ​លេខ​៤ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu